Display monitors show the result of voting in the United Nations General Assembly, in favor of a resolution calling on Israel to uphold legal and humanitarian obligations in its war with Hamas, Tuesday, Dec. 12, 2023 at U.N. headquarters. (AP Photo/Bebeto Matthews)
កម្ពុជា និងប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិចំនួន ១៥២ផ្សេងទៀត បានទាមទារអោយមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ នៅក្នុងតំបន់ហ្គាហ្សា និងដោះលែងចំណាប់ខ្មាំងដោយគ្មានលក្ខខណ្ឌ
មហាសន្និបាតនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ បានទាមទារអោយមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ នៅក្នុងតំបន់ហ្គាហ្សា ដោយសារសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយទទួលបានសម្លេងច្រើនជាងបីភាគបួននៃមហាសន្និបាតដែលមានសមាជិកចំនួន ១៩៣រូបចូលរួម។
សេចក្តីសម្រេចរបស់មហាសន្និបាត ក៏ទាមទារឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ហើយភាគីសង្រ្គាមត្រូវគោរពតាមច្បាប់អន្តរជាតិ ជាពិសេសទាក់ទងនឹងការការពារជនស៊ីវិល។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។
នៅមុនមហាសន្និបាតនេះ កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ សម្រាប់បទឈប់បាញ់នៅហ្គាហ្សា កាលពីសប្តាហ៍មុន ត្រូវបានវេតូដោយសហរដ្ឋអាមេរិក។ ប៉ុន្តែនៅក្នុងមហាសន្និបាត សហរដ្ឋអាមេរិកមិនមានវានោះទេ ដោយបានត្រឹមបោះឆ្នោតប្រឆាំងនឹងដំណោះស្រាយនេះ រួមជាមួយនឹងអ៊ីស្រាអែល និងប្រទេសចំនួន៨ ផ្សេងទៀត។
សេចក្តីសម្រេចនេះត្រូវបានអនុម័តដោយសំឡេងគាំទ្រ ១៥៣ សំឡេង ក្នុងនោះមានកម្ពុជា និងបណ្តាប្រទេសអាស៊ានផ្សេងទៀតផងដែរ ខណៈប្រទេសចំនួន ២៣ បដិសេធមិនបោះឆ្នោត។ ទោះបីយ៉ាងណា សេចក្តីសម្រេចរបស់មហាសន្និបាត មិនជាប់កាតព្វកិច្ចទេ ប៉ុន្តែមានទម្ងន់ផ្នែកនយោបាយ ដែលឆ្លុះបញ្ចាំងពីទស្សនៈពិភពលោកស្តីពីសង្រ្គាម។
បេសកជនរបស់អង្គការសហប្រជាជាតិប៉ាឡេស្ទីន Riyad Mansour ដែលបានលើកឡើងពីការតវ៉ាដ៏ធំដែលគាំទ្រប៉ាឡេស្ទីននៅជុំវិញពិភពលោក បាននិយាយថា៖ សហរដ្ឋអាមេរិកមិនអាចបន្តមិនអើពើនឹងអំណាចដ៏ធំនេះទេ។ លោកបានពណ៌នាការបោះឆ្នោតនៃមហាសន្និបាតថាជាចំណុចកំពូលនៃមនោសញ្ចេតនាជាសាធារណៈ។
លោក Riyad Mansour បានប្រាប់អ្នកយកព័ត៌មានថា “វាជាកាតព្វកិច្ចរួមរបស់យើងក្នុងការបន្តនៅលើផ្លូវនេះរហូតដល់យើងឃើញការបញ្ចប់នៃការឈ្លានពាននេះប្រឆាំងនឹងប្រជាជនរបស់យើង។ វាជាកាតព្វកិច្ចរបស់យើងក្នុងការជួយសង្គ្រោះជីវិតពួកគេ”។
គួរជម្រាបថា អ៊ីស្រាអែលបានបន្តទម្លាក់គ្រាប់បែកឥតឈប់ឈរលើតំបន់ហ្គាហ្សាពីលើអាកាស ដែលត្រូវបានបិទខ្ទប់ទាំងស្រុង និងបើកការវាយលុកជើងគោក ដែលអ៊ីស្រាអែលអះអាងថា ជាការសងសឹកចំពោះការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាស់ ដែលអ៊ីស្រាអែលនិយាយថា បានសម្លាប់មនុស្ស ១២០០នាក់ ហើយ ២៤០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។
ដោយឡែក ក្រសួងសុខាភិបាលប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា បាននិយាយថា ជនជាតិប៉ាឡេស្ទីន ១៨.២០៥ នាក់ត្រូវបានសម្លាប់ និងជិត ៥០.០០០នាក់រងរបួស៕