FILE PHOTO: A view of the National Palace in Kuala Lumpur, Malaysia August 16, 2021. REUTERS/Lim Huey Teng/File Photo
ព្រះចៅស៊ូលតង់រដ្ឋ Johor ត្រូវបានជ្រើសរើសជា ព្រះមហាក្សត្រថ្មីនៃប្រទេសម៉ាឡេស៊ី
(គូឡាឡាំពួ)៖ នៅថ្ងៃសុក្រនេះ ថ្នាក់ដឹកនាំត្រកូលរាជវង្សនៅម៉ាឡេស៉ី បានបោះឆ្នោតជ្រើសរើស ព្រះចៅស៊ូលតង់ Sultan Ibrahim Sultan Iskandar នៃរដ្ឋ Johor ធ្វើជាព្រះមហាក្សត្រថ្មីរបស់ប្រទេសអាស៊ានមួយនេះ សម្រាប់រយៈពេល៥ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣។
ការជ្រើសរើសខាងលើធ្វើឡើង អំលុងកិច្ចប្រជុំរវាងព្រះចៅស៊ូលតង់នៃរដ្ឋទាំង៩របស់ម៉ាឡេស៉ី។ ស៊ូលតង់ Ibrahim នឹងឡើងគ្រងរាជ្យបន្តពីព្រះមហាក្សត្រម៉ាឡេស៉ីបច្ចុប្បន្ន គឺស៊ូលតង់ Al-Sultan Abdullah ដែលនឹងត្រូវផុតអាណត្តិនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។ ស៊ូលតង់ Abdullah គឺជាព្រះមហាក្សត្រទី១៦ នៃប្រទេសម៉ាឡេស៉ី ហើយទ្រង់បានឡើងគ្រងរាជ្យកាលពីឆ្នាំ២០១៩ ក្នុងព្រះជន្ម៥៩ព្រះវស្សា។
នីតិវីធីជ្រើសរើសព្រះមហាក្សត្រម៉ាឡេស៉ី ឈរលើប្រព័ន្ធផ្លាស់ប្តូរវេនគ្នា រវាងស៊ូលតង់ទាំង៩អង្គ ខណៈលំដាប់លំដោយ នៃវេនដែលត្រូវផ្លាស់ប្តូរ គឺរដ្ឋ Negeri Sembilan, Selangor, Perlis, Terengganu, Kedah, Kelantan, Pahang, Johor និងបន្ទាប់មក Perak។ រីឯរដ្ឋ៤ទៀតរបស់ម៉ាឡេស៉ី រួមមាន Melaka, Penang, Sabah និង Sarawak គឺមិនមានស៊ូលតង់គ្រប់គ្រងទេ។ ទោះបី វាជាប្រព័ន្ធផ្លាស់ប្តូរវេនគ្នាតាមលំដាប់ក៏ដោយ ព្រះមហាក្សត្រម៉ាឡេស៉ីមួយអង្គៗ នៅតែត្រូវឆ្លងកាត់ការបោះឆ្នោតជ្រើសរើស។ ដើម្បីត្រូវបានជ្រើសរើសព្រះមហាក្សត្រ ព្រះនាមរបស់ស៊ូលតង់ដែលដល់វេន ត្រូវការសំឡេងគាំទ្រភាគច្រើន គឺយ៉ាងហោច៥សំឡេង ក្នុងចំណោម៩សំឡេង។
គួរបញ្ជាក់ថា ម៉ាឡេស៉ីគឺជាប្រទេសប្រជាធិបតេយ្យអាស្រ័យសភា ដោយមានព្រះមហាក្សត្រជាប្រមុខរដ្ឋ។ រដ្ឋធម្មនុញ្ញសហព័ន្ធម៉ាឡេស៉ី បានផ្តល់ឱ្យព្រះមហាក្សត្រ នូវអំណាចមួយចំនួន ដូចជាការអនុញ្ញាតឱ្យទ្រង់តែងតាំងនាយករដ្ឋមន្រ្តី បើទ្រង់ជឿជាក់ថា អ្នកនយោបាយរូបនោះ អាចក្តោបក្តាប់សំឡេងភាគច្រើនក្នុងសភា។ អំណាចនោះ មិនធ្លាប់ត្រូវបានប្រើប្រាស់ឡើយ រហូតទាល់តែក្នុងឆ្នាំ២០២០ អំលុងពេលដែលម៉ាឡេស៉ីចាប់ផ្តើម ធ្លាក់ក្នុងវិបត្តិអស្ថិរភាពនយោបាយ ដ្បិតជាទូទៅនាយករដ្ឋមន្រ្តី ត្រូវបានជ្រើសរើស តាមរយៈការបោះឆ្នោតសកល។ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី៣រូបចុងក្រោយ គឺត្រូវបានជ្រើសរើសដោយព្រះមហាក្សត្របច្ចុប្បន្ន។ ទន្នឹមគ្នា ព្រះមហាក្សត្រម៉ាឡេស៉ី ក៏មានសិទ្ធិផ្តល់ការព្រះរាជទានលើកលែងទោស ដល់អ្នកទោសផងដែរ៕