នាយករដ្ឋមន្រ្តីអារ៉ាប៊ីសាអូឌីត ជួបរដ្ឋមន្ត្រីការបរទេសអាមេរិកពិភាក្សាអំពីមធ្យោបាយដើម្បីបញ្ឈប់ប្រតិបត្តិការយោធាដែលបានឆក់យកជីវិតប្រជាជនស្លូតត្រង់នៅហ្គាហ្សា
រីយ៉ាដ៖ ព្រះអង្គម្ចាស់ Mohammed bin Salman នាយរដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌិតបានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken ក្នុងទីក្រុង Riyadh នៅថ្ងៃអាទិត្យនេះ ដើម្បីពិភាក្សាអំពីការកើនឡើងនៃកម្លាំងយោធាបច្ចុប្បន្ននៅក្នុងតំបន់ ហ្គាហ្សា ។
ក្នុងជំនួបនោះ ព្រះអង្គម្ចាស់បានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការពិភាក្សាអំពីមធ្យោបាយដើម្បីបញ្ឈប់ប្រតិបត្តិការយោធាដែលបានឆក់យកជីវិតប្រជាជនស្លូតត្រង់។ ព្រះអង្គបានបញ្ជាក់ថាអារ៉ាប៊ីសាអូឌីតខិតខំធ្វើឱ្យភាពតានតឹងស្ងប់ស្ងាត់ បញ្ឈប់ការតានតឹងនាពេលបច្ចុប្បន្ន ធ្វើយ៉ាងណាគោរពច្បាប់មនុស្សធម៌អន្តរជាតិ លើកការឡោមព័ទ្ធលើតំបន់ហ្គាហ្សា និងធ្វើការដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ការវិលត្រឡប់មកវិញនូវស្ថិរភាព ។
ព្រះអង្គម្ចាស់ក៏បានបន្ថែមថាអារ៉ាប៊ីសាអូឌីតកំពុងអំពាវនាវឱ្យមានដំណោះស្រាយដោយសន្តិវិធី ដើម្បីធានាថាប្រជាជនប៉ាឡេស្ទីនទទួលបានសិទ្ធិស្របច្បាប់របស់ពួកគេ និងសម្រេចបានសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង ហើយអារ៉ាប៊ីសាអូឌីតថ្កោលទោសការវាយប្រហារដែលបានកំណត់គោលដៅលើជនស៊ីវិល ឬរំខានដល់ហេដ្ឋារចនាសម្ព័ន្ធ និងផលប្រយោជន៍សំខាន់ៗ។
ប្រភព៖ Arab News