យោធាអ៉ីស្រាអែល ប្រាប់ឱ្យប្រជាជនប៉ាឡេស្ទីនជាង១លាននាក់ នៅភាគខាងជើងតំបន់ Gaza ជម្លៀសចេញទៅកាន់ភាគខាងត្បូង ក្នុងរយ ពេល២៤ម៉ោង ខណៈដែល អង្គការសហប្រជាជាតិបានស្នើឱ្យអ៉ីស្រាអែលលុបចោលបញ្ជាជម្លៀសខ្លួននោះវិញ ដោយព្រមានពីផលវិបាកផ្នែកមនុស្សធម៌ដ៏ធ្ងន់ធ្ងរ។
(ហ៊្សេរុយសាឡិម)៖ នៅថ្ងៃសុក្រនេះ យោធាអ៉ីស្រាអែលបានអំពាវនាវឱ្យ ប្រជាជនប៉ាឡេស្ទីនទាំងអស់ ដែលកំពុងស្ថិតនៅក្នុងទីក្រុង Gaza City នៃតំបន់ Gaza Strip ចាកចេញពីផ្ទះសម្បែង ហើយជម្លៀសខ្លួនឆ្ពោះទៅកាន់ភាគខាងត្បូង ដើម្បីសុវត្ថិភាពរបស់ពួកគេផ្ទាល់ ខណៈវាគឺជាសញ្ញាបង្ហាញថា អ៉ីស្រាអែលនឹងបើកប្រតិបត្តិការជើងគោកទ្រង់ទ្រាយធំ វាយលុកចូលដែនដីប៉ាឡេស្ទីនមួយនេះ ក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០២៣។
យោធាអ៉ីស្រាអែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «យើងអំពាវនាវឱ្យមានការជម្លៀសជនស៉ីវិលទាំងអស់នៅទីក្រុង Gaza City ឆ្ពោះទៅភាគខាងត្បូងដើម្បីសុវត្ថិភាពរបស់ពួកគេផ្ទាល់ ហើយផ្លាស់ទីទៅកាន់ ភាគខាងត្បូងតំបន់គេហៅថា Wadi Gaza នៃតំបន់ Gaza Strip ដូចដែលបង្ហាញនៅលើផែនទី។ ក្រុម Hamas បានធ្វើសង្រ្គាមប្រឆាំងលើអ៉ីស្រាអែល ហើយ Gaza City គឺជាកន្លែងដែលប្រតិបត្តិយោធាប្រព្រឹត្តទៅ។ ការជម្លៀសខ្លួននេះគឺដើម្បីសុវត្ថិភាពរបស់អ្នកទាំងអស់គ្នាផ្ទាល់។ អ្នកនឹងអាចត្រឡប់មកវិញ លុះត្រាតែនៅពេលមានសេចក្តីប្រកាសថ្មី ដែលអនុញ្ញាតឱ្យធ្វើយ៉ាងដូច្នោះ។ ចូរកុំមកក្បែរតំបន់របងសន្តិសុខជាប់ប្រទេសអ៉ីស្រាអែល»។ UN បានស្នើឱ្យអ៉ីស្រាអែលលុបចោលបញ្ជាជម្លៀសខ្លួននោះវិញ ដោយព្រមានពីផលវិបាកផ្នែកមនុស្សធម៌ដ៏ធ្ងន់ធ្ងរ។