គ្រោះរញ្ជួយដីដ៏ខ្លាំងក្លានៅអាហ្វហ្គានីស្ថាន ធ្វើឲ្យមនុ្សស្លាប់កើនដល់ជាង ២០០០នាក់
អ្នកនាំពាក្យក្រុមតាលីបង់ របស់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយនៅថ្ងៃអាទិត្យ (៨ តុលា) នេះថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ខ្លាំង ដែលបានវាយប្រហារភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន កើនឡើងដល់ជាង២.០០០នាក់ នៅក្នុងការរញ្ជួយដីដ៏មហន្តរាយបំផុតមួយ ដែលបានវាយប្រហារប្រទេសនេះ ក្នុងរយៈពេលពីរទសវត្សរ៍មក។
អាជ្ញាធរគ្រោះមហន្តរាយជាតិរបស់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា គ្រោះរញ្ជួយដីកម្រិត៦,៣រ៉ិចទ័រ អមដោយការរញ្ជួយដីដ៏ខ្លាំងក្លាបន្តបន្ទាប់ បានសម្លាប់មនុស្សរាប់សិបនាក់នៅភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃសៅរ៍។
លោក Abdul Wahid Rayan អ្នកនាំពាក្យក្រសួងព័ត៌មាន និងវប្បធម៌ បាននិយាយថា ចំនួនអ្នកស្លាប់ដោយការរញ្ជួយដីនៅទីក្រុង Herat គឺខ្ពស់ជាងការរាយការណ៍ដំបូង។ លោកបាននិយាយថា ភូមិប្រហែលប្រាំមួយត្រូវបានបំផ្លាញ ហើយជនស៊ីវិលរាប់រយនាក់ត្រូវបានកប់នៅក្រោមគំនរបាក់បែកផងដែរ៕