អវកាសយានិករបស់អារ៉ាប់រួមអេមីរ៉ាត Sultan AlNeyadi បានមកដល់ផែនដីវិញដោយសុវត្ថិភាព បន្ទាប់ពីបំពេញបេសកកម្មអស់រយៈពេល ៦ខែ នៅក្នុងលំហ
អវកាសយានិករបស់អេមីរ៉ាតអារ៉ាប់រួម Sultan Al Neyadi និងមិត្តរួមបេសកកម្ម Crew 6 បីនាក់ផ្សេងទៀតរបស់គាត់ រួមមាន៖ អវកាសយានិកណាសា Stephen Bowen និង Woody Hoburg និងអវកាសយានិក Roscosmos Andrey Fedyaev បានមកដល់ផែនដីវិញដោយសុវត្ថិភាព នៅថ្ងៃច័ន្ទ បន្ទាប់ពីបានបំពេញបេសកកម្មអស់រយៈពេល ៦ខែ ឬ ១៨៦ថ្ងៃ នៅក្នុងលំហ។
Crew 6 បានធ្លាក់ដល់ទឹក នៅក្នុងមហាសមុទ្រអាត្លង់ទិក ក្បែរឆ្នេរសមុទ្រ Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក នៅវេលាម៉ោង ៨៖១៧នាទីព្រឹក (ម៉ោងនៅ UAE) ។
ជុំវិញភាពជោគជ័យនេះ Sheikh Mohamed Bin Zayed ប្រធានាធិបតីរបស់ប្រទេសអារ៉ាប់រួមអេមីរ៉ាត បានបង្ហាញពីមោទនភាព និងថ្លែងនូវការសាទរ។ Sheikh Mohamed បានសរសេរនៅលើ បណ្តាញសង្គម Twitter ដែលបច្ចុប្បន្នប្តូរជា X ដោយគូសបញ្ជាក់ថា “ប្រជាជននៃអារ៉ាប់រួមអេមីរ៉ាត មានមោទនភាពយ៉ាងខ្លាំងចំពោះអ្នក និងក្រុមទាំងមូលសម្រាប់ការសម្រេចបាននូវភាពជឿនលឿនដ៏សំខាន់ក្នុងការរុករកនៅក្នុងទីអវកាស”។
AlNeyadi បានក្លាយជាជនជាតិអារ៉ាប់ដំបូងគេ ដែលចំណាយពេលប្រាំមួយខែនៅលើស្ថានីយ៍អវកាសអន្តរជាតិ (ISS) ខណៈគាត់ក៏ជាអវកាសយានិកមួយរូប ក្នុងចំណោមពីររូបរួមជាមួយ Hazza Al Mansouri គឺជាអវកាសយានិកដំបូងគេ ដែលមកពីប្រទេសអារ៉ាប់រួមអេមីរ៉ាតផងដែរ៕