ពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូណេស៊ីនឹងចាប់ផ្តើមនៅភ្នំពេញក្នុងសប្តាហ៍នេះ
ស្ថានទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំទីក្រុងភ្នំពេញ នឹងរៀបចំកម្មវិធីផ្សព្វផ្សាយពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូនេស៊ី លើកទី១៤ (ITTP 2023) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣។
សេចក្តីជូនដំណឹងរបស់ស្ថានទូតបានបញ្ជាក់ថាកម្មវិធីផ្សព្វផ្សាយពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូនេស៊ី គឺជាព្រឹត្តិការណ៍ផ្សព្វផ្សាយរួមមួយដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំដោយស្ថានទូតឥណ្ឌូនេស៊ី ចាប់តាំងពីឆ្នាំ២០០៦ ដើម្បីផ្សព្វផ្សាយប្រទេសឥណ្ឌូនេស៊ីក្នុងវិស័យផ្សេងៗដូចជាពាណិជ្ជកម្ម ទេសចរណ៍ ឱកាសអប់រំ សិល្បៈ វប្បធម៌ និងការធ្វើម្ហូប។
ក្រោមប្រធានបទ “ពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈការសហការគ្នា” ITTP 2023 មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការមិនត្រឹមតែរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរវាងប្រជាជនទៅប្រជាជន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន និងធ្វើឱ្យប្រទេសឥណ្ឌូនេស៊ីកាន់តែជិតស្និទ្ធជាមួយប្រជាជនកម្ពុជា។
កម្មវិធីផ្សព្វផ្សាយពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូនេស៊ី មានសកម្មភាពជាច្រើនរាប់ចាប់ពីការតាំងពិពណ៌ និងលក់ផលិតផលរបស់ប្រទេសឥណ្ឌូនេស៊ី ការផ្សព្វផ្សាយទេសចរណ៍ ការផ្គូផ្គងអាជីវកម្ម ក៏ដូចជាព្រឹត្តិការណ៍វប្បធម៌ដ៏ទាក់ទាញ និងមានទំនាក់ទំនងគ្នាជាច្រើនដូចជា ការប្រកួតធ្វើម្ហូប និងច្រៀងខារ៉ាអូខេ ការបង្ហាញម៉ូដ ការសម្តែងតន្ត្រី និងរបាំ ល្បែងប្រជាប្រិយ និងកម្រងសំណួរជាដើម។
ITTP 2023 នឹងមានក្រុមហ៊ុនឥណ្ឌូនេស៊ីចំនួន១៧ ក្រុមហ៊ុននាំចូល/ចែកចាយផលិតផលឥណ្ឌូនេស៊ីចំនួន១៥ នៅកម្ពុជា សាកលវិទ្យាល័យល្បីរបស់ឥណ្ឌូនេស៊ីចំនួន២ ក៏ដូចជាតំណាងមកពីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតនៃប្រទេសឥណ្ឌូនេស៊ី និងរដ្ឋាភិបាលខេត្តនៃស៊ូម៉ាត្រាខាងលិច៕ AKP-ជា វណ្ណៈ