សហរដ្ឋអាមេរិក គាំទ្រចំពោះការវាយឆ្មក់របស់អ៊ីស្រាអែល នៅទីក្រុង Jenin តំបន់វេសប៊ែង ទឹកដីប៉ាឡេស្ទីន ដែលកាន់កាប់ដោយអ៊ីស្រាអែល បណ្តាលអោយជនជាតិប៉ាឡេស្ទីន ១៣នាក់ និងរបួសរាប់រយនាក់ ថាជាការគាំទ្រដល់សន្តិសុខ និងសិទ្ធិរបស់អ៊ីស្រាអែល
ប៉ាឡេស្ទីន៖ យោធាអ៊ីស្រាអែល បានបើកការវាយឆ្មក់ទ្រង់ទ្រាយធំ រយៈពេល២ថ្ងៃ នៅទីក្រុង Jenin តំបន់វេសប៊ែង ទឹកដីប៉ាឡេស្ទីន ដែលកាន់កាប់ដោយអ៊ីស្រាអែល បណ្តាលអោយជនជាតិប៉ាឡេស្ទីន ១៣នាក់ស្លាប់ និងរបួសរាប់រយនាក់។
ជុំវិញការវាយឆ្មក់របស់អ៊ីស្រាអែលទៅលើប៉ាឡេស្ទីន សហរដ្ឋអាមេរិក បានបង្ហាញការគាំទ្រដោយលើកឡើងថា ជាការគាំទ្រដល់សន្តិសុខ និងសិទ្ធិរបស់អ៊ីស្រាអែល។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Middle East Monitor នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ របស់សេតវិមាន នៃសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា “យើងគាំទ្រដល់សន្តិសុខ និងសិទ្ធិរបស់អ៊ីស្រាអែល ក្នុងការការពារប្រជាជនរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស ជីហាតអ៊ីស្លាមប៉ាឡេស្ទីន និងក្រុមភេរវករដទៃទៀត”។
យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន ជនជាតិប៉ាឡេស្ទីន ១៣នាក់ ត្រូវបានសម្លាប់ ពីសំណាក់កងកម្លាំងអ៊ីស្រាអែល ដែលម្នាក់នៅតំបន់វេសប៊ែង និង១២នាក់ផ្សេងទៀតនៅទីក្រុង Jenin។ ជាមួយគ្នានោះ ជនជាតិប៉ាឡេស្ទីនចំនួន ៥០នាក់ផ្សេងទៀត បានរងរបួសធ្ងន់ផងដែរ។
របាយការណ៍ដដែល បានអោយដឹងថា ចាប់តាំងពីដើមឆ្នាំ២០២៣នេះ ប្រជាជនប៉ាឡេស្ទីនរហូតដល់ជិត ១៩០នាក់ហើយ ដែលត្រូវបានសម្លាប់ ដោយកងកម្លាំងអ៊ីស្រាអែល។
គួរជម្រាបថា ការវាយឆ្មក់ពីសំណាក់អ៊ីស្រាអែល ធ្វើឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីមេដឹកនាំក្រុមជីហាត និងក្រុមហាម៉ាស់ ដែលមានមូលដ្ឋាននៅហ្គាហ្សា បានទៅបំពេញទស្សនកិច្ចនៅទីក្រុងតេអេរ៉ង់ និងបានជួបពិភាក្សាជាមួយមន្ត្រីកំពូលអ៊ីរ៉ង់៕