• December 19, 2024
 អង្គការសម្ព័ន្ធបញ្ញវន្តមូស្លីមកម្ពុជា រៀបចំពិធីសម្ពោធដាក់អោយប្រើប្រាស់នូវម៉ាស្ជិត សាលារៀន និងសមិទ្ធផលផ្សេងៗជាច្រើនទៀត សរុបជាថវិកា ១១ម៉ឺនដុល្លារអាមេរិក ក្នុងឃុំឈូកស ស្រុកកំពង់ត្រឡាច ក្រោមអធិបតីភាព ឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា

អង្គការសម្ព័ន្ធបញ្ញវន្តមូស្លីមកម្ពុជា រៀបចំពិធីសម្ពោធដាក់អោយប្រើប្រាស់នូវម៉ាស្ជិត សាលារៀន និងសមិទ្ធផលផ្សេងៗជាច្រើនទៀត សរុបជាថវិកា ១១ម៉ឺនដុល្លារអាមេរិក ក្នុងឃុំឈូកស ស្រុកកំពង់ត្រឡាច ក្រោមអធិបតីភាព ឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា

Spread the love
Digiqole Ad

កំពង់ឆ្នាំង៖ អង្គការសម្ព័ន្ធបញ្ញវន្តមូស្លីមកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅភូមិទួល ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីសម្ពោធដាក់អោយប្រើប្រាស់នូវម៉ាស្ជិទ សាលារៀន និងសមិទ្ធផលផ្សេងៗជាច្រើនទៀត ក្រោមអធិបតីភាព ឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា។

ពិធីនេះមានការចូលរួមផងដែរ ពីសំណាក់ឯកឧត្តម ហូសេន មហាម៉ាត់ហ្វារីត ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជាប្រធានអង្គការសម្ព័ន្ធបញ្ញវន្តមូស្លីមកម្ពុជា, ឯកឧត្តម ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា, លោក Roumi Hossein ប្រធានអង្គការ ណូវែលអ៊ុបទិក ដែលជាម្ចាស់ជំនួយ, ព្រមទាំងមានការចូលរួមពីសំណាក់ លោកអភិបាលរងស្រុក ហាកឹមតួន អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករផងដែរ។

ក្នុងឱកាសថ្លែងសុន្ទរកថាស្វាគមន៍វត្តមានរបស់គណៈអធិបតី ឯកឧត្តម ហូសេន មហាម៉ាត់ហ្វារីត ប្រធានអង្គការសម្ព័ន្ធបញ្ញវន្តមូស្លីមកម្ពុជា បានមានប្រសាសន៍អោយដឹងថា សមិទ្ធផលដែលបានរៀបចំពិធីសម្ពោធដាក់អោយប្រើប្រាស់នាពេលនេះ រួមមាន ម៉ាស្ជិតចំនួន២, អគារសិក្សាមួយខ្នង, អណ្តូងទឹកស្អាត, និងបាសាំងទឹក សរុបជាថវិកាប្រមាណ ១១ម៉ឺនដុល្លារអាមេរិក ជាជំនួយពីសប្បុរសជននៅប្រទេសបារាំង តាមរយៈអង្គការ ណូវែល អ៊ុបទិក ដែលជាអង្គការដៃគូ។

ក្នុងនាមប្រធានអង្គការ សម្ព័ន្ធបញ្ញវន្តមុស្លីមកម្ពុជា ឯកឧត្តម បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអង្គការ ណូវែល អ៊ុបទិក ក៏ដូចជាសប្បុរសជនទាំងអស់ ដែលបានជឿជាក់ ហើយតែងតែផ្តល់ជំនួយដើម្បីកសាងសមិទ្ធផលផ្សេងៗអភិវឌ្ឍសហគមន៍មូស្លីម នៅទូទាំងប្រទេសកម្ពុជា។

បើតាមឯកឧត្តម រាប់ចាប់តាំងពីបានបង្កើត រហូតមកដល់ពាក់កណ្តាលឆ្នាំ២០២៣ អង្គការសម្ព័ន្ធបញ្ញវន្តមូស្លីមកម្ពុជា បានកសាងម៉ាស្ជិត អគារសិក្សា អណ្តូងទឹកស្អាត បាសាំងទឹក និងសមិទ្ធផលផ្សេងៗជាច្រើនទៀត នៅទូទាំងប្រទេស សរុបជាទឹកប្រាក់រហូតដល់ជិត ៤លានដុល្លារអាមេរិក ដែលនេះជាការចូលរួមចំណែកយ៉ាងច្រើនជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

ជាមួយគ្នានេះ លោក Roumi Hossein ប្រធានអង្គការ ណូវែល អ៊ុបទិក ដែលជាម្ចាស់ជំនួយមកពីប្រទេសបារាំង បានថ្លែងអំណរគុណចំពោះគណៈកម្មការរៀបចំពិធីសម្ពោធដាក់អោយប្រើប្រាស់ ក៏ដូចជាគណៈកម្មការសាងសង់ស៊ូរ៉ាវនិងសាលារៀន និងក្រុមការងារអង្គការសម្ព័ន្ធបញ្ញវន្តមុស្លីមកម្ពុជា ដែលបានរៀបចំកម្មវិធី និងស្វាគមន៍រូបលោកយ៉ាងកក់ក្តៅនាពេលនេះ។ លោក Roumi Hossein ក៏បានថ្លែងអំណរគុណដល់សប្បុរសជន ដែលតែងតែគាំទ្រនិងចូលរួមជាមួយអង្គការ ណូវែលអ៊ុបទិក ក្នុងការជួយមកកាន់ប្រទេសកម្ពុជា។

ដោយឡែក ឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធី និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលជានិច្ចកាល ឯកឧត្តម តែងតែបានគិតគូនិងយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍។

ឯកឧត្តម បានមានប្រសាសន៍ថា សមិទ្ធផលថ្មីទាំងនេះអាចកើតឡើងបាន តាមរយៈគោលនយោបាយសុខសន្តិភាព និងសុខដុមនីយកម្មសាសនា របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត ដោយបានផ្តល់ភាពងាយស្រួលគ្រប់បែបយ៉ាងដល់អង្គការសមាគមន៍ទាំងអស់ ក្នុងការនាំយកជំនួយផ្សេងៗពីបរទេស មកធ្វើការអភិវឌ្ឍន៍នៅទូទាំងប្រទេសកម្ពុជា។

ដូចនេះ ទន្ទឹមនឹងការបោះឆ្នោតជាតិ ដែលនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខ ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវអោយប្រជាពលរដ្ឋ ត្រូវបន្តបោះឆ្នោតជូនគណបក្សប្រជាជន និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី ដើម្បីបន្តទទួលបានសុខសន្តិភាព និងសុខដុមនីយកម្មសាសនាពេញលេញជានិរន្តន៍។

ក្នុងនាមក្រសួងធម្មការ និងសាសនា ឯកឧត្តមបានថ្លែងអំណរគុណនិងកោតសរសើរចំពោះថ្នាក់ដឹកនាំនៃអង្គការសម្ព័ន្ធបញ្ញវន្តមុស្លីមកម្ពុជា និងសប្បុរសជននៅប្រទេសបារាំង ដែលបានផ្តល់ជូនសមិទ្ធផលថ្មីដ៏ស្រស់ស្អាតនាពេលនេះ ដល់សហគមន៍មូស្លីមនៅក្នុងមូលដ្ឋានឃុំឈូកស ស្រុកកំពង់ត្រឡាច ដែលជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍លើវិស័យសាសនា នៅប្រទេសកម្ពុជា។

ឯកឧត្តម ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំនៃអង្គការសម្ព័ន្ធបញ្ញវន្តមុស្លីមកម្ពុជា និងអំពាវនាវសប្បុរសជននៅក្រៅប្រទេស អោយបន្តសកម្មភាព និងបន្តជួយមកប្រទេសកម្ពុជា ខណៈនៅមានតំបន់ផ្សេងៗជាច្រើនកំពុងមានតម្រូវការជាចាំបាច់។
ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តមគណៈអធិបតី បានធ្វើការបំពាក់គ្រឿងឥស្សរយសជូនដល់ម្ចាស់ជំនួយ ក៏ដូចជាសប្បុរសជន និងក្រុមការងារជាច្រើនរូប ដែលបានចូលរួមចំណែកការងារក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

គួរជម្រាបថា ឆ្លៀតក្នុងឱកាសនេះ លោក Roumi Hossein ប្រធានអង្គការ ណូវែល អ៊ុបទិក ក៏បាននាំយកនូវថវិកាហ្សាកាត់ម៉ាល ជូនដល់ប្រជាពលរដ្ឋដែលបានចូលរួមកម្មវិធី ដោយក្នុងមួយនាក់ថវិកា ២ម៉ឺនរៀល និងសិស្សានុសិស្ស ក្នុងមួយនាក់ថវិកា ១ម៉ឺនរៀល ផងដែរ៕

Digiqole Ad

Related post