សភាអ៊ីស្រាអែល អនុម័តច្បាប់បង្កើនការត្រួតពិនិត្យលើសាលារៀននៅក្នុងសហគមន៍ប៉ាឡេស្ទីន នាទីក្រុងយេរ៉ូសាឡឹមខាងកើត ទឹកដីប៉ាឡេស្ទីន ដែលកាន់កាប់ដោយអ៊ីស្រាអែល
សកម្មជន និងមេដឹកនាំនយោបាយប៉ាឡេស្ទីន បានចោទប្រកាន់អាជ្ញាធរអ៊ីស្រាអែលថាបានធ្វើសង្គ្រាមលើការអប់រំប៉ាឡេស្ទីន នៅទីក្រុងយេរ៉ូសាឡឹមខាងកើត ទឹកដីប៉ាឡេស្ទីន ដែលកាន់កាប់ដោយអ៊ីស្រាអែល ខណៈសភាអ៊ីស្រាអែល អនុម័តច្បាប់បង្កើនការត្រួតពិនិត្យលើសាលារៀននៅក្នុងសហគមន៍របស់ប៉ាឡេស្ទីន។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣។
វាត្រូវបានគេស្គាល់ថា Shin Bet ដែលជាការពិនិត្យមើលសកម្មភាពរបស់គ្រូបង្រៀនប៉ាឡេស្ទីន និងមានអទិភាពក្នុងការបណ្តេញចេញ ក្រោមការអះអាងថា គ្រូបង្រៀនទាំងនោះកំពុងធ្វើសកម្មភាពប្រឆាំងនឹងការកាន់កាប់ និងការអនុវត្តការគាបសង្កត់ និងគោលនយោបាយរបស់អ៊ីស្រាអែល។
ទីក្រុងយេរ៉ូសាឡឹមខាងកើត គឺជាទឹកដីប៉ាឡេស្ទីន ស្ថិតនៅក្រោមការកាន់កាប់ដោយអ៊ីស្រាអែល ដែលមានប្រជាជនប៉ាឡេស្ទីនចំនួន ១.៧លាននាក់រស់នៅ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក Ahmed Ghunaim មេដឹកនាំដ៏លេចធ្លោម្នាក់នៅក្រុងយេរ៉ូសាឡឹមខាងកើត បានប្រាប់ Arab News ថា អ៊ីស្រាអែលកំពុងព្យាយាមលុបបំបាត់អត្តសញ្ញាណប៉ាឡេស្ទីន តាមរយៈការកែប្រែប្រវត្តិសាស្រ្ត និងវប្បធម៌ ចេញពីកម្មវិធីសិក្សាអប់រំ។ ហើយឥឡូវនេះ អ៊ីស្រាអែលកំពុងកំណត់គោលដៅលើគ្រូបង្រៀនថែមទៀត។
លោកបានបន្ថែមថា “អ៊ីស្រាអែលចង់បង្ខំប្រជាជនប៉ាឡេស្ទីនអោយទទួលយកចំណេះដឹងនិងការអប់រំរបស់ជនជាតិជ្វីហ្វ និងយូដានីយ្យានីយកម្មរបស់អ៊ីស្រាអែល ហើយការនេះនឹងមិនជោគជ័យឡើយ”។
ដោយឡែក ក្រសួងការបរទេសប៉ាឡេស្ទីន នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញកាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសការអនុម័តច្បាប់ថ្មីរបស់សភាអ៊ីស្រាអែល ហើយថា ខ្លួនកំពុងសម្លឹងមើលយ៉ាងយកចិត្តទុកដាក់ចំពោះផលវិបាកនៃច្បាប់ប្រកាន់ពូជសាសន៍ទាំងនេះ ដែលជាការធ្វើទុក្ខបុកម្នេញលើជនជាតិប៉ាឡេស្ទីន។
ក្រសួងការបរទេសប៉ាឡេស្ទីន បានលើកឡើងថា ការប៉ុនប៉ងដើម្បីគ្រប់គ្រងមនសិការប្រជាជនប៉ាឡេស្ទីន និងការជំរុញឱ្យពួកគេទទួលយកនីតិវិធីនិងវិធានការនៃការកាន់កាប់ដោយអ៊ីស្រាអែលមកលើប៉ាឡេស្ទីន គឺជាការរំលោភលើច្បាប់អន្តរជាតិ។
ក្រសួងបានអំពាវនាវដល់អង្គការអន្តរជាតិដែលពាក់ព័ន្ធ និងអង្គការសិទ្ធិ មនុស្សជួយបញ្ចេញសំឡេង និងអន្តរាគមន៍ជាបន្ទាន់ ដើម្បីរារាំងច្បាប់ទាំងនេះ៕