អាមេរិកបារម្ភថា អ៊ីស្រាអែលអាចមានផែនការសម្លាប់មន្ត្រីចរចាកំពូលរបស់អ៊ីរ៉ង់ អំឡុងកិច្ចពិភាក្សាបទឈប់បាញ់
សារព័ត៌មាន The New York Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភពមន្ត្រីអាមេរិកបច្ចុប្បន្ន និងអតីតមន្ត្រីអាមេរិកថា រដ្ឋាភិបាលសហរដ្ឋអាមេរិកធ្លាប់មានការព្រួយបារម្ភថា អ៊ីស្រាអែលអាចកំពុងរៀបចំផែនការសម្លាប់មន្ត្រីចរចាជាន់ខ្ពស់របស់អ៊ីរ៉ង់ ក្នុងអំឡុងពេលកិច្ចចរចាដ៏រសើបស្តីពីបទឈប់បាញ់ ដែលបានចាប់ផ្តើមកាន់តែសកម្មនៅដើមឆ្នាំនេះ។
តាមរបាយការណ៍ដដែល មន្ត្រីអាមេរិកជឿថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស់ អារ៉ាហ្គឈី (Abbas Araghchi) និងប្រធានរដ្ឋសភាអ៊ីរ៉ង់ លោក ម៉ូហាម៉ាដ បាហ្គែរ ហ្គាលីបាហ្វ (Mohammad Bagher Qalibaf) អាចជាគោលដៅនៃការវាយប្រហារ ខណៈការចរចាបានឈានដល់ដំណាក់កាលសំខាន់កាលពីខែមេសា។ដោយសារក្តីបារម្ភនេះ រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថា បានស្នើឱ្យបណ្តាប្រទេសមួយចំនួនក្នុងតំបន់ ជួយជូនដំណឹងទៅកាន់ទីក្រុងតេហេរ៉ង់ អំពីលទ្ធភាពដែលអ៊ីស្រាអែលអាចកំណត់គោលដៅលើមន្ត្រីទាំងពីរ។
មន្ត្រីអាមេរិកជឿថា ប្រសិនបើការធ្វើឃាតណាមួយកើតឡើង បន្ទាប់ពីកិច្ចចរចាបានចាប់ផ្តើមយ៉ាងពេញលេញ នោះវានឹងបំផ្លាញដំណើរការចរចា និងអាចបង្កឱ្យជម្លោះផ្ទុះឡើងវិញ។ជាមួយគ្នានេះ មន្ត្រីអ៊ីរ៉ង់បានអះអាងថា ទីក្រុងតេហេរ៉ង់បានស្វែងរកការធានាពីសហរដ្ឋអាមេរិក តាមរយៈអន្តរការីរបស់ប៉ាគីស្ថាន និងកាតា ថា អ៊ីស្រាអែលនឹងមិនកំណត់គោលដៅលើក្រុមចរចារបស់ខ្លួន ក្នុងអំឡុងពេលជំនួបការទូតឡើយ។





