អាមេរិកនិងអ៉ីរ៉ង់បានយល់ស្របលើផែនការឆ្ពោះទៅសម្រេចឱ្យបាន កិច្ចព្រមព្រៀងចុងក្រោយក្នុងរយៈពេល៦០ថ្ងៃ
កាតានិងប៉ាគីស្ថាន ដែលជាអ្នកសម្រុះសម្រួលបានឱ្យដឹងថា កិច្ចពិភាក្សាជុំដំបូងរវាងក្រុមមន្រ្តីជាន់ខ្ពស់អាមេរិកនិងអ៉ីរ៉ង់នៅប្រទេសស្វ៉ីស បានបិទបញ្ចប់នាថ្ងៃចន្ទនេះ បន្ទាប់ពីវាបានចាប់ផ្តើមបរិយាកាសតានតឹង ដោយសារតែសេចក្តីប្រកាសរបស់ទីក្រុងតេហេរ៉ង់ អំពីការបិទច្រកសមុទ្រ Hormuz សាជាថ្មី ហើយនិងការព្រមានរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ស្តីពីការវាយប្រហារអ៉ីរ៉ង់ឡើងវិញ។ នេះបើតាមប្រភពពីការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន អាលចាហ្សីរ៉ា នាថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦។
សេចក្តីថ្លែងការណ៍រួមពីកាតានិងប៉ាគីស្ថាន បាននិយាយថា អាមេរិកនិងអ៉ីរ៉ង់បានយល់ស្របលើផែនការឆ្ពោះទៅសម្រេចឱ្យបាន កិច្ចព្រមព្រៀងចុងក្រោយក្នុងរយៈពេល៦០ថ្ងៃ។ ស្របពេលដែលកិច្ចពិភាក្សាកម្រិតខ្ពស់បានបិទបញ្ចប់ ការពិភាក្សាកម្រិតបច្ចេកទេស នឹងបន្តពេញមួយសប្តាហ៍នេះ នៅរីសត Burgenstock នៃប្រទេសស្វ៉ីស។
តាមសេចក្តីថ្លែងការណ៍ខាងលើ ក៏មានការព្រមព្រៀងគ្នាផងដែរ ចំពោះការបង្កើតយន្តការដើម្បីបិទបញ្ចប់ការប្រយុទ្ធគ្នានៅក្នុងប្រទេសលីបង់ និងការបើកខ្សែបណ្តាញទំនាក់ទំនងមួយ ដើម្បីជួយធានាសុវត្ថិភាពដល់ការធ្វើនាវាចរណ៍របស់កប៉ាល់ពាណិជ្ជកម្ម កាត់តាមច្រកសមុទ្រ Hormuz។





