
ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះរដ្ឋាភិបាល និងប្រជាជនតួកគី ក្នុងពិធីអបអរសាទរទិវាបុណ្យជាតិ លើកទី១០០

ភ្នំពេញ៖ ក្នុងពិធីអបអរសាទរទិវាបុណ្យជាតិ នៃសាធារណរដ្ឋតួកគី លើកទី១០០ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះរដ្ឋាភិបាល និងប្រជាជនតួកគី។
ក្នុងឱកាសដ៏មានសារៈសំខាន់នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ លើគ្រប់វិស័យ រួមទាំងវិស័យពាណិជ្ជកម្មនិងវិនិយោគ អប់រំ សុខាភិបាល ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការពហុភាគី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ផងដែរអំពីសន្ទុះវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរតាមរយៈការសម្ពោធស្ថានទូតកម្ពុជានៅរដ្ឋធានីអង់ការ៉ាក្នុងឆ្នាំ ២០២២ និងការបើកការិយាល័យទីប្រឹក្សាទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម ក្នុងស្ថានទូតតួកគីនៅរាជធានីភ្នំពេញ ក្នុងឆ្នាំនេះ។






