អ្នកធ្វើធម្មយាត្រាហាជ្ជីសម្រាប់ឆ្នាំ២០២៣ នៅតាមបណ្តាប្រទេសឥស្លាមមួយចំនួនបានធ្វើដំណើរទៅដល់ទីក្រុងមាក្កះ នៃប្រទេសអារ៉ាប៊ីសាអូឌីតហើយ ខណៈប្រទេសមួយចំនួនផ្សេងទៀតកំពុងត្រៀមខ្លួនចេញដំណើរជាបន្តបន្ទាប់នាពេលខាងមុខ
អារ៉ាប៊ីសាអូឌីត៖ នៅក្នុងនាមជាអ្នកមូស្លីមការបំពេញធម្មយាត្រាហាជ្ជីពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយវាក៏ជាកាតព្វកិច្ចសម្រាប់ប្រជាជនម៉ូស្លីមនៅលើពិភពលោកផងដែរ ដែលត្រូវតែអនុវត្តយ៉ាងហោចណាស់ម្តងក្នុងជីវិតរបស់ពួកគេ ប៉ុន្តែតម្រូវតែចំពោះអ្នកដែលមានកាយសម្បទាល្អ និងមានលទ្ធភាពក្នុងការធ្វើដំណើរតែប៉ុណ្ណោះ ដោយឡែកជារៀងរាល់ឆ្នាំ ឃើញថាមានបងប្អូនមូស្លីមជាច្រើនមកពីជុំវិញពិភពលោកបានធ្វើដំណើរទៅបំពេញធម្មយាត្រាហាជ្ជីបានយ៉ាងជោគជ័យនៅក្នុងទីក្រុងមាក្កះ នៃអារ៉ាប៊ីសាអូឌីត។
ក្នុងនោះសម្រាប់ឆ្នាំ២០២៣នេះ បងប្អូនមូស្លីមនៅតាមបណ្តាប្រទេសឥស្លាមមួយចំនួនដូចជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ បងក្លាដេស ប៉ាគីស្ថាន អាហ្វហ្គានីស្ថាន តួកគី បានចាប់ផ្តើមធ្វើដំណើរទៅដល់ទីក្រុងមាក្កះ នៃប្រទេសអារ៉ាប៊ីសាអូឌីតជាបណ្តើរៗហើយ ដើម្បីបំពេញធម្មយាត្រាហាជ្ជី ខណៈប្រទេសមួយចំនួនផ្សេងទៀតកំពុងត្រៀមខ្លួនចេញដំណើរជាបន្តបន្ទាប់នាពេលខាងមុខនេះដូចគ្នា។ នេះបើយោងតាមសារព័ត៌មានបរទេសនៅតាមបណ្តាប្រទេសអារ៉ាប់មួយចំនួនបានចុះផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។
ជាក់ស្តែង កាលពីពេលកន្លងទៅ ក្រសួងកិច្ចការហាជ្ជីនិងអុំរ៉ោះនៃប្រទេសអារ៉ាប៊ីសាអូឌីតក៏ធ្លាប់បានប្រកាសផងដែរថា ចំពោះការធ្វើធម្មយាត្រាហាជ្ជីនៅក្នុងឆ្នាំ២០២៣នេះ វានិងវិលទៅរកសភាពដើមវិញ ដោយលែងមានការរឹតបន្តឹងដូចកាលពីពេលមានជំងឺកួវីដ១៩ទៀតឡើយ ហើយការកំណត់ពីមុនទៅដល់អ្នកធ្វើធម្មយាត្រាឱ្យមានអាយុក្រោម៦៥ឆ្នាំនោះ ក៏បានដកចេញផងដែរ ដោយយើងបានបើកនូវឲកាសច្រើនជាងមុន មិនថាក្មេងឬមនុស្សចាស់នោះទេ ជាពិសេសសម្រាប់ឆ្នាំនេះ អារ៉ាប៊ីសាអូឌីតបានបង្កើននូវចំនួនកូតានៅតាមបណ្តាប្រទេសឥស្លាមច្រើនជាងមុន ហើយក្នុងនោះសម្រាប់ស្ត្រីដែលមានបំណងចង់មកធ្វើហាជ្ជីដោយគ្មានអាណាព្យាបាលបុរសក៏មានការអនុញ្ញាតផងដែរ ពីព្រោះអារ៉ាប៊ីសាអូឌីតបានសម្រេចលក្ខខណ្ឌនេះជាប្រវត្តិសាស្ត្រដែលពីមុនមកមិនធ្លាប់មាននោះទេ។
ដោយឡែក សម្រាប់ថ្នាក់ដឹកនាំក្រសួងកិច្ចការហាជ្ជីនិងអុំរ៉ោះនៅតាមបណ្តាប្រទេសឥស្លាមមួយចំនួនដែលបានបញ្ជូនប្រជាពលរដ្ឋរបស់ខ្លួនទៅដល់ទឹកដីដ៏ពិសិសិដ្ឋនៃប្រទេសអារ៉ាប៊ីសាអូឌីតហើយនោះក៏បានបង្ហាញនូវក្តីសប្បាយរីករាយ ដែលឆ្នាំនេះមានការកើននូវចំនួនកូតាទៅដល់ប្រទេសមួយចំនួន លែងមានការរឹតបន្តឹងជាចាំបាច់ បង្កើនភាពងាយស្រួលជាងមុន។ ក្នុងនោះជាក់ស្តែងដូចជាអាហ្វហ្គានីស្ថានបន្ទាប់ពីជាប់គាំងអស់មួយរយៈឆ្នាំនេះជាឆ្នាំដំបូងដែលពួកគេមានឲកាសចេញទៅធ្វើហាជ្ជីសាជាថ្មី។
សូមជម្រាបថា ការធ្វើធម្មយាត្រាហាជ្ជីគ្រោងនិងប្រព្រឹត្តធ្វើឡើងនៅចុងខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ហើយក្នុងនោះបើយោងតាមទិន្នន័យពីក្រសួងកិច្ចការហាជ្ជីនិងអុំរ៉ោះនៃប្រទេសអារ៉ាប៊ីសាអូឌីតបានបញ្ជាក់ថា អ្នកធ្វើធម្មយាត្រាហាជ្ជីកាលពីឆ្នាំ២០១៩មានចំនួន២.៥លាននាក់ ឆ្នាំ២០២០មាន១ពាន់នាក់ ឆ្នាំ២០២១មាន៦មឺុននាក់ និងឆ្នាំ២០២២មាន៤សែននាក់ ហើយប្រទេសដែលមានការកើនឡើងនូវចំនួនកូតានោះ មានម៉ាឡេស៊ី ប៉ាគីស្ថាន បង់ក្លាដេស ឥណ្ឌូនេស៊ី។