• November 16, 2024
 អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ រិះគន់រដ្ឋមួយចំនួននៃលោកខាងលិច ដែលនៅបន្តគាំទ្រអ៊ីស្រាអែល ជុំវិញសង្គ្រាមដែលឈានដល់ការប្រល័យពូជសាសន៍ពីសំណាក់អ៊ីស្រាអែលនៅហ្គាហ្សា ទឹកដីប៉ាឡេស្ទីន

អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ រិះគន់រដ្ឋមួយចំនួននៃលោកខាងលិច ដែលនៅបន្តគាំទ្រអ៊ីស្រាអែល ជុំវិញសង្គ្រាមដែលឈានដល់ការប្រល័យពូជសាសន៍ពីសំណាក់អ៊ីស្រាអែលនៅហ្គាហ្សា ទឹកដីប៉ាឡេស្ទីន

Spread the love
Digiqole Ad
អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានរិះគន់រដ្ឋមួយចំនួននៃលោកខាងលិច ចំពោះការបន្តគាំទ្រអ៊ីស្រាអែល ជុំវិញសង្គ្រាមនៅតំបន់ហ្គាហ្សា ដែលឈានដល់ការប្រល័យពូជសាសន៍ ហើយដែលអាចប្រែក្លាយអ៊ីស្រាអែលទៅជារដ្ឋ “ផ្តាច់ការ” ក៏ដោយនោះ។

គ្រោះមហន្តរាយមនុស្សធម៌នៅតំបន់ហ្គាហ្សាដែលជាលទ្ធផលនៃជម្លោះជិត ១ឆ្នាំ បានបង្កឱ្យមានសំណួរអំពីការគាំទ្រផ្នែកនយោបាយ និងយោធាយូរអង្វែងរបស់រដ្ឋលោកខាងលិចសម្រាប់អ៊ីស្រាអែល រួមមានសហរដ្ឋអាមេរិក និងអង់គ្លេសផងដែរ ដែលនៅតែបន្តផ្តល់អាវុធដល់អ៊ីស្រាអែល។
លោកស្រី Francesca Albanese អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងហ្សឺណែវ ដោយនិយាយថា “គួរឱ្យភ្ញាក់ផ្អើលណាស់ រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិភាគច្រើន នៅតែជួយយ៉ាងសកម្មដល់ការប្រព្រឹត្តឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា”។
លោកស្រី បានបន្តថា “ខ្ញុំគិតថា វាជៀសមិនរួចទេសម្រាប់អ៊ីស្រាអែល ក្នុងការក្លាយជាប្រទេសផ្តាច់ការ នៅចំពោះមុខការវាយប្រហារជាបន្តបន្ទាប់ ឥតឈប់ឈរ និងឃោរឃៅ លើប្រជាជនប៉ាឡេស្ទីនរាប់លាននាក់ ជាពិសេសទោះបីជាពួកគេស្ថិតនៅទីកន្លែងរបស់អង្គការសហប្រជាជាតិក៏ដោយ ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។
ទន្ទឹមនឹងនោះ លោកស្រីក៏បានចោទសួរអំពីសិទ្ធិរបស់អ៊ីស្រាអែលក្នុងការមានអាសនៈនៅអង្គការសហប្រជាជាតិ ដែលទទួលបាននៅឆ្នាំ១៩៤៩ ថាតើគួរមានការពិចារណាអំពីសមាជិកភាពរបស់អ៊ីស្រាអែល ជាផ្នែកនៃអង្គការនេះឬទេ នៅពេលដែលអ៊ីស្រាអែលហាក់ដូចជាគ្មានការគោរពបែបនេះ?” ។
ឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោកស្រី Francesca Albanese បេសកកម្មអចិន្ត្រៃយ៍របស់អ៊ីស្រាអែល នៅអង្គការសហប្រជាជាតិ បានរិះគន់លោកស្រី ដោយនិយាយថា “នាងមិនសមនឹងកាន់តំណែងណាមួយនៅអង្គការសហប្រជាជាតិទេ ហើយនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់ដោយមនុស្សជាច្រើន” ។
ទោះបីយ៉ាងណា ប្រទេសលោកខាងលិចត្រូវបានគេមើលឃើញថាមានភាពពុតត្បុត និងអនុវត្តស្តង់ដារពីរ ជុំវិញបញ្ហាសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ជាមួយនឹងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅតំបន់ហ្គហ្សា។
គួរជម្រាបថា សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី៧ ខែតុលាមក ប្រជាជនប៉ាឡេស្ទីនត្រូវបានសម្លាប់បានកើនឡើងរហូតដល់ ៤១,២២៥នាក់ និងរបួស ៩៥,៤១៣នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ហើយគេជឿថាមនុស្សជាង ១ម៉ឺននាក់ កំពុងស្ថិតនៅក្រោមគំនរអគារបាក់បែក គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមការគាំទ្រផ្នែកយោធាពីបណ្តាប្រទេសលោកខាងលិចមួយចំនួន៕
Digiqole Ad

Related post