អ៉ីរ៉ង់ បាញ់ដ្រូន និងមីស៊ីលជាង២០០គ្រឿង និងគ្រាប់វាយប្រហារសងសឹកអ៉ីស្រាអែល
បរទេស៖ អ៉ីរ៉ង់បានបាញ់ដ្រូនជាច្រើនគ្រឿង និងមីស៊ីលជាច្រើនគ្រាប់ តម្រងទៅកាន់អ៉ីស្រាអែល កាលពីយប់ ថ្ងៃសៅរ៍ ទី១៣ ខែមេសា (ម៉ោងក្នុងតំបន់) ដែលនេះ គឺជាការវាយប្រហារដោយផ្ទាល់លើកដំបូងបំផុតលើទឹកដីអ៉ីស្រាអែល ចំពោះមុខការភ័យខ្លាចពីការផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។
កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បាននិយាយថាកងកម្លាំងរបស់ខ្លួនបានបាញ់ដ្រូន និងមីស៊ីល នៅក្រោមប្រតិបត្តិការឈ្មោះ True Promise ឬការសន្យាពិត ជាផ្នែកមួយ នៃការដាក់ទោសប្រឆាំងនឹងបទឧក្រិដ្ឋប្រព្រឹត្តដោយអ៉ីស្រាអែល។ សំឡេងស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺឡើងពាសពេញប្រទេសអ៉ីស្រាអែល ហើយបើតាមយោធាអ៉ីស្រាអែល អ៉ីរ៉ង់បានបាញ់ដ្រូន និងមីស៊ីលជាង២០០គ្រាប់ និងគ្រឿងដោយផ្ទាល់ លើទឹកដីរបស់ខ្លួន។ ភ្លាមៗមិនទាន់មានការបញ្ជាក់ពីការខូចខាត ឬជនរងគ្រោះនោះទេ ខណៈសហរដ្ឋអាមេរិកបានអះអាងពីការបាញ់ទម្លាក់ដ្រូនមួយចំនួន។
គួរបញ្ជាក់ថា ការវាយប្រហាររបស់អ៉ីរ៉ង់ ធ្វើឡើងបន្ទាប់ពីទីក្រុងតេហេរ៉ង់សន្យាសងសឹកអ៉ីស្រាអែល ជុំវិញការវាយប្រហារលើស្ថានកុងស៊ុលអ៉ីរ៉ង់នៅក្នុងប្រទេសស៊ីរី ដែល បានសម្លាប់មនុស្ស៧នាក់ ក្នុងនោះមានឧត្តមសេនីយ៍២នាក់។ បេសកកម្មអ៉ីរ៉ង់ប្រចាំ UN ថែមទាំងព្រមានទៀតថាអ៉ីរ៉ង់នឹងសងសឹកកាន់តែធ្ងន់ធ្ងរជាងនេះ ប្រសិនបើ អ៉ីស្រាអែលហ៊ានបង្ករឿងជាថ្មី៕ Fresh News