
អេស្ប៉ាញ គ្រោងនឹងដាក់ទណ្ឌកម្មជាឯកតោភាគី លើអ្នកតាំងលំនៅជនជាតិអ៊ីស្រាអែលដោយហិង្សា ក្នុងតំបន់ West Bank ប្រសិនបើអឺរ៉ុបមិនអាចឈានដល់កិច្ចព្រមព្រៀងរួមលើបញ្ហានេះ

រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ លោក Jose Manuel Albarez បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា ប្រទេសអេស្ប៉ាញនឹងដាក់ទណ្ឌកម្មឯកតោភាគី លើអ្នកតាំងលំនៅជនជាតិអ៊ីស្រាអែលដោយហិង្សានៅតំបន់ West Bank ប្រសិនបើដៃគូសហភាពអឺរ៉ុបរបស់ខ្លួន បរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងលើបញ្ហានេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន អាល់ចាហ្ស៊ីរ៉ោះនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។
លោកបាននិយាយថា ប្រទេសអេស្បាញ ដែលបានរិះគន់ផងដែរចំពោះការវាយលុកយោធារបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា នឹងជំរុញឱ្យមានការអនុម័តលើការដាក់ទណ្ឌកម្មបែបនេះ នៅក្នុងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ដែលប្រព្រឹត្តទៅនៅថ្ងៃចន្ទសប្តាហ៍នេះ។

