
អារ៉ាប៊ីសាអូឌីតដឹកនាំប្រទេសអារ៉ាប់ផ្សេងទៀតថ្កោលទោសអ៊ីស្រាអែល ក្រោយពីបានកាត់ផ្តាច់អគ្គិសនីនៅតំបន់ហ្គាហ្សា ខណៈអង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌ក៏បានថ្កោលទោសនូវទង្វើនេះថាជាការដាក់ទណ្ឌកម្មទៅលើពលរដ្ឋស្លូតត្រង់ ខុសនិងច្បាប់អន្តរជាតិ

រីយ៉ាដ៖ អារ៉ាប៊ីសាអូឌីត បានដឹកនាំប្រទេសអារ៉ាប់ផ្សេងទៀតដូចជា កាតា និងហ្សកដានី ដើម្បីធ្វើការថ្កោលទោសការសម្រេចចិត្តរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីទៅកាន់តំបន់ហ្គាហ្សា។ ក្នុងនោះ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបានសម្តែងការខកចិត្ត និងបានថ្កោលទោសក្នុងលក្ខខណ្ឌខ្លាំងបំផុតទៅលើអាជ្ញាធរអ៊ីស្រាអែលដែលបានដាក់ទណ្ឌកម្មរួមប្រឆាំងនឹងប៉ាឡេស្ទីនដែលរងការវាយប្រហារដោយសង្រ្គាម ខណៈអារ៉ាប៊ីសាអូឌីតក៏អំពាវនាវឱ្យមានសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយសម្រាប់សហគមន៍អន្តរជាតិ ដើម្បីចាត់វិធានការជាបន្ទាន់មួយដើម្បីស្តារចរន្តអគ្គិសនី និងការផ្តល់ជំនួយផ្សេងៗទៅកាន់តំបន់ហ្គាហ្សាឡើងវិញដោយគ្មានលក្ខខណ្ឌ ឬការរឹតបន្តឹង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Arab News នៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៥។
ដោយឡែក អង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌ ក៏បានថ្កោលទោស និងហៅវិធានការរបស់អ៊ីស្រាអែលថាជាទម្រង់នៃការដាក់ទណ្ឌកម្ម ដែលធ្វើឲ្យពលរដ្ឋស្លូតត្រង់នៅតំបន់ហ្គាហ្សាឈឺចាប់កាន់តែធ្ងន់ធ្ងរ និងខុសច្បាប់អន្តរជាតិ។ អង្គការសហប្រជាជាតិក៏បានព្រមានផងដែរថា ការកាត់ផ្តាច់ចរន្តអគ្គិសនីនឹងបំផ្លាញសេវាថែទាំសុខភាពសំខាន់ៗបន្ថែមទៀត ដែលស្ថិតក្រោមភាពតានតឹងចាប់តាំងពីការផ្ទុះឡើងនៃអរិភាព។
