អាជ្ញាធរឥណ្ឌាសម្រេចបិទសាលារៀនឯកជនមួយ ក្នុងរដ្ឋ Uttar Pradesh បន្ទាប់ពីគ្រូបង្រៀនមួយរូបប្រាប់អោយកូនសិស្សទះកំផ្លៀងមិត្តរួមថ្នាក់ដែលជាមូស្លីម ដែលបង្កអោយមានការខឹងសម្បារពីសហគមន៍
អាជ្ញាធរក្នុងរដ្ឋ Uttar Pradesh ភាគកណ្តាលប្រទេសឥណ្ឌា បានបិទសាលារៀនឯកជនមួយ បន្ទាប់ពីធ្លាយវីដេអូគ្រូបង្រៀនមួយរូប បានប្រាប់ឱ្យសិស្សរបស់នាងទះកំផ្លៀងមិត្តរួមថ្នាក់ដែលជាមូស្លីម បង្កឱ្យមានការខឹងសម្បារពីសំណាក់សហគមន៍មូស្លីម។
ប៉ូលីស បានបើកសំណុំរឿងប្រឆាំងនឹងគ្រូបង្រៀនម្នាក់នោះ ដែលត្រូវបានគេស្គាល់មានឈ្មោះថា Tripta Tyagi ខណៈដែលវីដេអូនៃឧប្បត្តិហេតុកាលពីថ្ងៃទី២៤ ខែសីហា បានផ្សព្វផ្សាយពាសពេញបណ្តាញសង្គម។ ឧប្បត្តិហេតុនេះបានផ្ទុះឡើង ចំពេលដែលក្នុងប្រទេសឥណ្ឌាកំពុងមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រជាជនហិណ្ឌូភាគច្រើនបំផុតរបស់ប្រទេស និងប្រជាជនមូស្លីម។
នៅក្នុងវីដេអូ ប៉ូលីសបានសន្និដ្ឋានថា គ្រូបង្រៀន Tyagi ប្រាប់សិស្សរបស់នាងឱ្យទះកំផ្លៀងមិត្តរួមថ្នាក់ដែលជាមូស្លីម អាយុប្រាំពីរឆ្នាំរបស់ពួកគេ។ យ៉ាងហោចណាស់ មានសិស្សបីនាក់ឡើងមករកមិត្តរួមថ្នាក់ម៉ូស្លីមម្តងមួយៗ ហើយទះកំផ្លៀងគាត់។
លោក Satyanarayan Prajapat មន្ត្រីប៉ូលិសជាន់ខ្ពស់នៅស្រុក Muzaffarnagar នៃរដ្ឋ Uttar Pradesh បាននិយាយថា គ្រូបង្រៀនបានប្រាប់សិស្សឱ្យវាយក្មេងប្រុសដែលជាមូស្លីមនេះ ព្រោះគាត់មិនចាំកាលវិភាគ។ ប៉ុន្តែគ្រូក៏បានលើកឡើងអំពីសាសនារបស់ក្មេងប្រុសនេះផងដែរ។
គ្រូបង្រៀនមកពីសាលាឯកជនរូបនេះ បានសារភាពថា នាងពិតជាបានប្រព្រឹត្តកំហុសដោយសុំឱ្យសិស្សផ្សេងទៀតវាយក្មេងប្រុសដែលជាមូស្លីមពិតប្រាកដមែន ប៉ុន្តែពាក់ព័ន្ធនឹងវិន័យចាំបាច់ប៉ុណ្ណោះ។
ជារឿយៗ នាយករដ្ឋមន្ត្រីរបស់ប្រទេសឥណ្ឌា ដែលដឹកនាំដោយលោក Narendra Modi តែងតែប្រកាសដោយអះអាងថា ខ្លួនមិនរើសអើងប្រឆាំងនឹងប្រជាជនម៉ូស្លីមជាង ២០០លាននាក់ របស់ប្រទេសនេះទេ។ ហើយកាលពីខែមិថុនា កន្លងទៅ ក្នុងអំឡុងពេលទស្សនកិច្ចនៅសហរដ្ឋអាមេរិក លោក Modi បានប្រាប់អ្នកកាសែតថា “គ្មានកន្លែងសម្រាប់ការរើសអើង” នៅក្នុងប្រទេសឥណ្ឌានោះទេ។
ប៉ុន្តែទោះបីយ៉ាងណា ជុំវិញឧប្បត្តិហេតុនេះ អ្នកនយោបាយជាច្រើនរបស់ប្រទេសឥណ្ឌាបានចោទប្រកាន់គណបក្ស Bharatiya Janata Party (BJP) ដែលកំពុងកាន់អំណាច ថាបានបង្កើតបរិយាកាសមួយដែលសាបព្រោះភាពរើសអើងក្នុងសង្គម៕