អាជ្ញាធរនៃរដ្ឋប៉ាឡេស្ទីន សាទរការសម្រេចចិត្តរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ជុំវិញការចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល ខណៈមេដឹកនាំពិភពលោក និងអង្គការអន្តរជាតិ បង្ហាញជំហអនុវត្តតាមច្បាប់
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant ពីបទ “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម”។ តុលាការបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “មានភស្តុតាងគ្រប់គ្រាន់” ដើម្បីចោទប្រកាន់អ្នកទាំងពីរ។ ទន្ទឹមនឹងនេះ តុលាការ ICC ក៏បានចេញដីកាចាប់ខ្លួនប្រមុខដឹកនាំក្រុមហាម៉ាស់ផងដែរ គឺលោក Mohammed Deif។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។
ភ្លាមៗក្រោយពីតុលាការបានចេញដីកា អាជ្ញាធរនៃរដ្ឋប៉ាឡេស្ទីនបានបង្ហាញការសាទរ ហើយបានចាត់ទុកការចេញដីកាចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែលនេះ ជាតំណាងឱ្យក្តីសង្ឃឹម និងទំនុកចិត្តលើច្បាប់អន្តរជាតិ និងស្ថាប័នអន្តរជាតិកំពូលមួយនេះ។
ដោយឡែក សម្រាប់អ៊ីស្រាអែលបានច្រានចោលការសម្រេចចិត្តរបស់តុលាការ និងបានចាត់ទុកដីកាចាប់ខ្លួនថាជា ការប្រឆាំងនឹងពួកយូដា។ លោកនាយករដ្ឋមន្ត្រី នេតាន់ យ៉ាហ៊ូ បាននិយាយថា “អ៊ីស្រាអែលបដិសេធដោយស្អប់ខ្ពើមចំពោះសកម្មភាពមិនសមហេតុផល និងមិនពិត ដែលកម្រិតប្រឆាំងនឹងវាដោយ ICC” ដោយបន្ថែមថា អ៊ីស្រាអែលនឹងមិនដាក់សម្ពាធក្នុងការការពារពលរដ្ឋរបស់ខ្លួននោះទេ។
ដូចគ្នាដែរ សម្រាប់សម្ព័ន្ធមិត្តដែកថែបរបស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិក ក៏បានច្រានចោលមិនទទួលស្គាល់ការសម្រេចចិត្តរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ផងដែរ ដោយអ្នកនាំពាក្យសេតវិមាន បានលើកឡើងថា “សហរដ្ឋអាមេរិកបដិសេធជាមូលដ្ឋានលើការសម្រេចរបស់តុលាការក្នុងការចេញដីកាចាប់ខ្លួនមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល។ យើងនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រញាប់ប្រញាល់របស់ព្រះរាជអាជ្ញាក្នុងការចេញដីកាចាប់ខ្លួន និងកំហុសនៃដំណើរការដ៏លំបាកដែលនាំទៅដល់ការសម្រេចចិត្តនេះ”។
ទោះបីយ៉ាងណា មេដឹកនាំនៅតាមបណ្តារដ្ឋដែលជាហត្ថលេខីនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC សុទ្ធតែបានបង្ហាញឆន្ទៈអនុវត្តតាមដីការបស់តុលាការ ដោយពួកគេបានលើកឡើងថា ការសម្រេចចិត្តរបស់តុលាការ ICC គួរតែត្រូវបានគោរព និងអនុវត្តតាម៕