អភិបាលរាជធានីភ្នំពេញណែនាំឱ្យកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យកម្លាំងមានសមត្ថកិច្ច នគរបាល កងរាជអាវុធហត្ថ និងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទឱ្យអស់ពីក្នុងមូលដ្ឋាន ជាមួយនិងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ឱ្យកាន់តែល្អប្រសើរថែមទៀត។
ការណែនាំរបស់ឯកឧត្ដមអភិបាលរាជធានីបានធ្វើឡើងនារសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរនានានៅសាលារាជធានីភ្នំពេញ។






