
អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ច្រានចោលផែនការណាដែលចង់ផ្លាស់ទីប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្កាហ្សា

អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់លោក Ahmed Aboul Gheit បានច្រានចោលផែនការណាដែលចង់ផ្លាស់ទីប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្កាហ្សា ដោយលោកបាននិយាយនៅថ្ងៃពុធនេះថាការធ្វើដូច្នេះគឺ «មិនអាចទទួលយកបានទេ»។នេះបើតាមការចុះផ្សាយរបស់ Royanews។
លោក Aboul Gheit បាននិយាយនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលពិភពលោកថា សំណើរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump នៅក្នុងការផ្លាស់ទីប្រជាជនប៉ាឡេស្ទីនប្រហែល ២ លាននាក់ចេញពីតំបន់ហ្កាហ្សាដែលហែកហួរដោយសារសង្គ្រាមនឹងរុញច្រានតំបន់នោះឲ្យធ្លាក់ចូលទៅក្នុងវដ្ដនៃវិបត្តិដែលមាន «ផលប៉ះពាល់បំផ្លាញដល់សន្តិភាពនិងស្ថិរភាព»។
លោក Aboul Gheit បាននិយាយថា៖ «វាមិនអាចទទួលយកបាននោះទេសម្រាប់បណ្ដាប្រទេសអារ៉ាប់ ដែលបានប្រឆាំងនឹងគំនិតនេះអស់រយៈពេល ១០០ ឆ្នាំមកហើយ»។

