
ហ្វីលីពីន និងឥណ្ឌូណេស៊ី ចេញសារព្រមានពីរលកស៊ូណាមិ ក្រោយរញ្ជួយដីកម្រិតធ្ងន់នៅឆ្នេរភាគខាងកើតប្រទេសរុស្ស៉ី

(វ៉ាស៊ីនតោន)៖ ហ្វីលីពីន និងឥណ្ឌូណេស៊ី បានចេញសារព្រមានពីរលកស៊ូណាមិ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៨.៧រ៉ិចទ័រវាយប្រហារលើ តំបន់ឆ្នេរភាគខាងកើតនៃប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។
វិទ្យាស្ថានហ្វីលីពីនតាមដានបន្ទុះភ្នំភ្លើង និងគ្រោះរញ្ជួនដី បានឱ្យដឹងថា តំបន់ឆ្នេរមួយចំនួនក្នុងប្រទេសហ្វីលីពីនដែលស្ថិតនៅទល់មុខនឹងមហាសមុទ្រប៉ាស៊ីហ្វិក ត្រូវបាន រំពឹងថាអាចនឹងមានរលកស៊ូណាមិទាបជាង ១ម៉ែត្រ។ រលកស៊ូណាមិដំបូងត្រូវបានរំពឹងថានឹងមកដល់នៅចន្លោះពីម៉ោង ១៖២០នាទី ដល់ម៉ោង ២៖៤០នាទី រសៀល ថ្ងៃពុធនេះ។
ចំណែក ខាងឥណ្ឌូណេស៊ីវិញ ក៏បានចេញសារព្រមានពីរលកស៊ូណាមិដែរ ដោយនិយាយថារលកស៊ូណាមិមានកម្ពស់ទាបជាង ០.៥ម៉ែត្រ អាចនឹងវាយប្រហារលើផ្នែកខ្លះ នៃប្រទេសឥណ្ឌូណេស៊ី នៅរសៀលថ្ងៃពុធនេះ។
គួរបញ្ជាក់ថា ជប៉ុន រុស្ស៉ី និងអាជ្ញាធរអាមេរិកក្នុងតំបន់ប៉ាស៊ីហ្វិក រួមទាំងរដ្ឋ Alaska ក៏បានព្រមាពីរលកយក្សស៊ូណាមិ និងការជម្លៀសប្រជាជនផងដែរ ក្រោយគ្រោះរញ្ជួយដីកម្រិតធ្ងន់បានវាយប្រហារលើតំបន់ឧបទ្វីប Kamchatka ស្ថិតនៅចុងបូព៌ាបំផុតនៃប្រទេសរុស្ស៉ី នៅថ្ងៃពុធនេះ៕



