ក្រចេះៈ វីរកីឡាករម៉ូតូទឹករបស់កម្ពុជា សាលី អ៊ូមើត បាននិងកំពុងសាងសង់ទីលានហ្វឹកហាត់ម៉ូតូទឹកមួយកន្លែង ស្ថិតនៅភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នូល ខេត្តក្រចេះ ដើម្បីជាកន្លែងហ្វឹកហាត់ដល់ក្រុមជម្រើសជាតិផង ជាពិសេសជាកន្លែងដែលរូបគេត្រូវបង្វឹកហាត់ និងបណ្តុះបណ្តាលអ្នកបន្តវេនជំនាន់ក្រោយដោយផ្ទាល់ ដើម្បីពង្រីកវិសាលភាពវិស័យកីឡាម៉ូតូទឹកនៅកម្ពុជា ឱ្យកាន់តែខ្លាំង និងកាន់តែល្បី។
សម្រាប់ការរៀបចំសាងសង់ទីលានម៉ូតូទឹក នៅលើផ្ទៃដីមានទំហំជាង ១០ ហិកតា នៅខេត្តក្រចេះនេះ ម្ចាស់មេដាយមាសកីឡាអាស៊ី និងកីឡាស៊ីហ្គេម សាលី អ៊ូមើត បានចំណាយថវិកាផ្ទាល់ខ្លួន ដែលសន្សំបានពីប្រាក់រង្វាន់ ក្នុងការប្រកួតនៅលើឆាកអន្តរជាតិកន្លងមក ដោយគម្រោងនេះ រូបគេត្រូវចំណាយសរុបប្រមាណ ១ លានដុល្លារ អាមេរិក ប៉ុន្តែ សាលី អ៊ូមើត គ្មានការរួញរានោះទេ ដោយសាររូបគេចង់ផ្តល់ឱកាសឱ្យយុវជនកម្ពុជា បានចូលហាត់កីឡាម៉ូតូទឹក ដើម្បីបន្តវេន ដោយមិនយកប្រាក់កម្រៃ។
តាមរយៈក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ សាលី អ៊ូមើត បាននិយាយថា៖ «ខ្ញុំកំពុងរៀបគម្រោងជីកដីសាងសង់ទីលានហ្វឹកហាត់ម៉ូតូទឹក ដោយសារតែកីឡាករជម្រើសជាតិរបស់យើងហ្វឹកហាត់ នៅក្រៅប្រទេស មិនទាន់មានទីលានហ្វឹកហាត់ច្បាស់លាស់ទេ ហេតុនេះខ្ញុំបានស្នើទៅខាងស្ពនស័ររបស់ខ្ញុំ នៅក្លិបប្រទេសថៃ ឱ្យគាត់ជួយជាគ្រឿងចក្រយកមកជីកដី ដែលខ្ញុំបានទិញជាង ១០ ហិកតា ដើម្បីសាងសង់ជាទីលាន និងបង្កើតក្លិប សម្រាប់បង្វឹកថ្នាល ក៏ដូចជាយុវជនជំនាន់ក្រោយ ដែលគាត់មានចិត្តស្រឡាញ់លើវិស័យកីឡាម៉ូតូទឹកនេះ»។
ចំពោះដីជាង ១០ ហិកតា ស្ថិតនៅភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នូល ខេត្តក្រចេះនេះ សាលី អ៊ូមើត បានទម្លាយថា រូបគេបានយកប្រាក់រង្វាន់បានពីការប្រកួតកីឡាអាស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី មកទិញ ដោយព្រឹត្តិការណ៍នោះ អ៊ូមើត បានឈ្នះមេដាយមាស១ និងសំរឹទ្ធ១ ឱ្យកម្ពុជា ជាប្រវត្តិសាស្រ្តលើកដំបូង។
ដោយឡែក សម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ជាលើកដំបូង កាលពីខែឧសភា កន្លងមកនេះ សាលី អ៊ូមើត បានឈ្នះមេដាយមាស១ និងសំរឹទ្ធ១ ជូនកម្ពុជា ហើយសមិទ្ធផលនេះបានធ្វើឱ្យ អ៊ូមើត កាន់តែមានឈ្មោះបោះសំឡេងខ្លាំង បន្ថែមទៅលើការឈ្នះបានមេដាយមាស ប្រាក់ និងសំរឹទ្ធ រួមទាំងពានជាច្រើនទៀត ដែលរូបគេដណ្តើមបានពីការប្រកួតកម្រិតពិភពលោក អាស៊ី និងកម្រិតអាស៊ាន កន្លងមក ហើយពេលនេះ អ៊ូមើត ចង់ផ្ទេរចំណេះដឹង និងបច្ចេកទេសដ៏ល្អរបស់គេ ទៅដល់អ្នកបន្តវេនជំនាន់ក្រោយ។
សាលី អ៊ូមើត បានបញ្ជាក់ថា៖ «បើគាត់ចង់មកចូលរួមហ្វឹកហាត់ ខ្ញុំមិនគិតលុយពីគាត់ទេ គឺខ្ញុំបញ្ចេញស្នាដៃរបស់ខ្ញុំ អ៊ីចឹងរាល់បច្ចេកទេស ដែលខ្ញុំមាន ខ្ញុំនឹងបង្ហាត់ដល់ពួកគាត់ សម្រាប់ឱ្យគាត់យកបច្ចេកទេសរបស់ខ្ញុំ ទៅប្រកួតនៅលើឆាកអន្តរជាតិ ដើម្បីឱ្យអន្តរជាតិមើលឃើញថា ខ្ញុំខ្លាំង អ្នកដែលបន្តវេនពីខ្ញុំក៏ខ្លាំងដូចគ្នា។ អ៊ីចឹងអ្វីដែលខ្ញុំធ្វើនេះ ខ្ញុំបានចំណាយថវិកាផ្ទាល់ខ្លួន ដោយមិនបានស្នើសុំថវិកាពីណាមកទេ គឺមានតែម្ចាស់ក្លិប Flamingo ជនជាតិអាល្លឺម៉ង់ ដែលគាត់តែងតែនៅពីក្រោយខ្ញុំ និងជំរុញដល់ខ្ញុំ»។
ការសម្រេចចំណាយថវិកាផ្ទាល់ខ្លួនចូល១លានដុល្លារ ដើម្បីសាងសង់ទីលានហ្វឹកហាត់ម៉ូតូទឹកនេះ សាលី អ៊ូមើត បានទម្លាយថា ដោយសារតែរូបគេមិនពេញចិត្តនឹងប្រជាជនថៃមួយចំនួន ដែលបាននិយាយបែបដៀមដាម ក្នុងពេលរូបគេ និងក្រុមជម្រើសជាតិម៉ូតូកម្ពុជា បានហ្វឹកហាត់ នៅលើទឹកដីថៃ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ហើយជាមួយគ្នានេះ អ៊ូមើត បានដាក់គោលដៅសាងសង់ទីលាននេះ ឱ្យរួចរាល់ មុនការប្រកួតស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ ខណៈពេលនេះ ការសាងសង់ ដំណើរការបាន៣០ភាគរយហើយ នៅសល់៧០ភាគរយទៀត។
វីរកីឡាករម៉ូតូទឹករបស់កម្ពុជារូបនេះ បានសង្កត់ធ្ងន់ថា៖ «យើងជាខ្មែរ នៅពេលគេនិយាយដៀមដាមមកលើពួកយើង គឺមានកូនចិត្តមួយថា ខឹង ប៉ុន្តែយើងបានទប់អារម្មណ៍ ដោយសារសម្តេចតេជោ មានប្រសាសន៍ថា ធ្វើជាអ្នកកីឡា យើងត្រូវមានចិត្តអត់ធ្មត់ កុំប្រើអំពើហិង្សា កុំប្រើចិត្តក្តៅ នាំឱ្យខូចការធំ។ អ៊ីចឹងកន្លែងនេះហើយ ទើបធ្វើឱ្យខ្ញុំមានចិត្តសាងសង់ទីលានហ្វឹកហាត់នេះ ដោយត្រូវចំណាយទាំងអស់ប្រមាណ១លានដុល្លារ»។
សាលី អ៊ូមើត បានបន្ថែមថា៖ «នៅពេលខ្ញុំអភិវឌ្ឍទីលាននេះរួចរាល់ហើយ ខ្ញុំនឹងបណ្តុះបណ្តាលក្មេងជំនាន់ក្រោយ ឱ្យចេញទៅដណ្តើមមេដាយគ្រប់ប្រទេស និងគ្រប់ព្រឹត្តិការណ៍ ដែលគេមាន ហើយខ្ញុំជឿជាក់ទៅលើអ្វីដែលខ្ញុំមាន ដែលខ្ញុំបានបង្ហាញឱ្យពុកម៉ែបងប្អូនឃើញរួចហើយថា ខ្ញុំជាកីឡាករខ្លាំងលំដាប់ណា។ ខ្ញុំមានចិត្តស្រឡាញ់ប្រទេសខ្មែរ ព្រោះខ្ញុំជាកូនខ្មែរ អ៊ីចឹងបើខ្ញុំមានពូជសាសន៍ជាខ្មែរ ខ្ញុំត្រូវតែជួយប្រទេសខ្មែរ គឺខ្ញុំមិនអាចទៅជួយប្រទេសផ្សេងបានទេ! បើខ្ញុំជួយប្រទេសផ្សេង ខ្ញុំសុខចិត្តឈប់ប្រកួតល្អជាង»៕
Cr: PhnomPenh Post
លោកស្រី អ៊ីលហាន អូម៉ា (Ilhan Omar) បេក្ខជនគណបក្សប្រជាធិបតេយ្យ និងជាអ្នកនយោបាយអាមេរិកកាន់សាសនាឥស្លាម បានឈ្នះការបោះឆ្នោតឡើងវិញ ក្នុងមណ្ឌលបោះឆ្នោតសភាតំណាងរាស្ត្រទី៥ នៃរដ្ឋមីនីសូតា ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦។ (more…)
ខេត្តតាកែវ៖ យោងតាមរបាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោង ១១:៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ មានករណីឃាតកម្មមួយកើតឡើងនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឱ្យស្ត្រីម្នាក់ឈ្មោះ អ៊ែល ម៉ារីយ៉ាស់ ហៅ…
គណបក្សលីគូដ (Likud) របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់ថា ប្រទេសកាតា និងតួកគី ត្រូវបានគេអះអាងថា បានផ្តល់មូលនិធិដល់គណបក្សអារ៉ាប់ ដែលចូលរួមក្នុងការបោះឆ្នោតនៅអ៊ីស្រាអែល។ (more…)
ជនជាតិចាមកាន់សាសនាឥស្លាមមកពីខេត្តអានយ៉ាង ប្រទេសវៀតណាម បានរៀបចំការសម្តែងឡើងវិញនូវពិធីបុណ្យរ៉ាយ៉ាអ៊ីឌុលហ្វិត្រី (Raya Aidil Fitri) នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ និងទេសចរណ៍ជាតិរបស់វៀតណាម ក្នុងទីក្រុងហាណូយ។ (more…)
ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យជាតិម៉ាឡេស៊ី ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Shaharuddin Onn…
យ៉ាងហោចណាស់សិស្ស ២៧នាក់ ដែលភាគច្រើនមានអាយុក្រោម ១៣ឆ្នាំ និងគ្រូម្នាក់ បានស្លាប់ បន្ទាប់ពីដំបូលអគារសាលារៀនមួយបានបាក់រលំ ខណៈពួកគេកំពុងរៀនក្នុងថ្នាក់ នៅថ្ងៃថ្ងៃព្រហស្បតិ៍ នេះនៅទីក្រុងប៉េសាវ៉ា (Peshawar) ភាគខាងជើងប្រទេសប៉ាគីស្ថាន។ អាជ្ញាធរបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។ (more…)