សហជីពធំៗនៅកំពង់ផែសមុទ្រឥណ្ឌា បដិសេធមិនទទួលនិងមិនបញ្ជូននាវាដឹកទំនិញណាដែលមានអាវុធសម្រាប់អ៊ីស្រាអែល ដើម្បីប្រឆាំងនឹងសង្គ្រាម និងការសម្លាប់ជនស្លូតត្រង់ពីសំណាក់អ៊ីស្រាអែល នៅហ្គាហ្សា
សហព័ន្ធកម្មករដឹកជញ្ជូនផ្លូវទឹកឥណ្ឌា ដែលជាសហជីពដ៏ធំមួយមានសមាជិកជាង 3,500 នាក់ នៅកំពង់ផែចំនួន១១ នៃប្រទេសឥណ្ឌា បានសម្រេចចិត្តមិនទទួលនិងមិនបញ្ជូនចំពោះការដឹកជញ្ជូនអាវុធយោធាសម្រាប់អ៊ីស្រាអែល នៅកំពង់ផែណាមួយនៅក្នុងប្រទេសនេះ។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Anadolu នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។
លោក Narendra Rao អគ្គលេខាធិការសហជីព ក្នុងការផ្តល់បទសម្ភាសន៍តាមទូរស័ព្ទជាមួយ Anadolu បាននិយាយថា “យើងបានសម្រេចចិត្តមិនទទួល ឬមិនបញ្ជូននាវាដឹកទំនិញដែលមានអាវុធ ប្រសិនបើនាវាណាមួយមកដល់។ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានកប៉ាល់ប្រភេទនេះមកដល់ទេ។ ហើយប្រសិនបើមកដល់ យើងនឹងធ្វើពហិការតែម្តង”។
លោក Rao បានបន្តថា សហព័ន្ធមានទំនាក់ទំនងជាមួយសហព័ន្ធសហជីពពិភពលោក ហើយកាលពីប៉ុន្មានខែមុន សហជីពមកពីកំពង់ផែ និងផ្នែកចតជុំវិញពិភពលោក បានសម្រេចចិត្តមិនគ្រប់គ្រងកប៉ាល់ណាដែលផ្ទុកអាវុធសម្រាប់អ៊ីស្រាអែលនៅកំពង់ផែរៀងៗខ្លួន។
លោកបានបន្ថែមថា៖ កម្មករនៅកំពង់ផែ ដែលជាផ្នែកមួយនៃសហជីពកម្មករតែងតែប្រឆាំងនឹងសង្គ្រាម និងការសម្លាប់ជនស្លូតត្រង់ ដូចស្ត្រី និងកុមារ។ ដោយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធ សហជីពបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបដែលត្រូវបានឡោមព័ទ្ធ។
អ៊ីស្រាអែលបានវាយលុកតំបន់ Gaza Strip ចាប់តាំងពីមានការវាយប្រហាររបស់ក្រុមហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា។ ការវាយប្រហាររបស់អ៊ីស្រាអែលជាបន្តបន្ទាប់បានសម្លាប់មនុស្សជិត 29,000 នាក់ និងបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងច្រើន និងកង្វះខាតសម្ភារៈប្រើប្រាស់ ខណៈដែលជនជាតិអ៊ីស្រាអែលតិចជាង 1,200 នាក់ត្រូវបានគេជឿថាត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស។
យោងតាមអង្គការសហប្រជាជាតិ សង្គ្រាមអ៊ីស្រាអែលលើតំបន់ហ្គាហ្សាបានរុញច្រានប្រជាជន 85% នៃទឹកដីឱ្យផ្លាស់ទីលំនៅខាងក្នុងចំពេលមានការខ្វះខាតស្បៀងអាហារ ទឹកស្អាត និងថ្នាំពេទ្យ ខណៈដែល 60% នៃហេដ្ឋារចនាសម្ព័ន្ធនៃតំបន់ជុំវិញត្រូវបានខូចខាត ឬបំផ្លាញ៕