សហគមន៍ខ្មែរឥស្លាម ក៏ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ ដែលបម្រេីដល់វិស័យទេសចរណ៍ ជាពិសេសប្រភេទនៃទេសចរណ៍មូស្លីម។
ត្បូងឃ្មុំ៖នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម កាទេី មហាំម៉ាត់ណោសស្រុី អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចូលរួមជាអធិបតីក្នុងពិធីដាំកូនដេីមឈេីចំនួន 5000ដេីម ក្រោមប្រធានបទ “យេីងរួមគ្នាបង្កេីតភូមិបៃតង” ដែលស្ថិតក្នុងនៅភូមិខ្ពប២ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ កម្មវិធីនេះក៏មានការចូលរួមពី លោក សយ ទូច អភិបាលនៃគណៈអភិបាលស្រុកក្រូចឆ្មារ និងលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំផងដែរ។
គោលបំណងសំខាន់នៃកម្មវិធីនេះ គឺប្រជាសហគមន៍ភូមិខ្ពប២ ចង់ដាំដេីមឈេីដេីម្បីរៀបចំសោភ័ណភាពសហគមន៍របស់ពួកគាត់ ឱ្យប្រែក្លាយជាសហគមន៍បៃតងគំរូ និងជាពិសេសឱ្យទៅជាសហគមន៍ទេសចរណ៍មូស្លីម (Muslim Community Tourism) ដែលជាគោលដៅទេសចរណ៍មួយ ជាពិសេសទេសចរមូស្លីម ។ ខេត្តត្បូងឃ្មុំជាខេត្តដែលមានសក្តានុពលទេសចរណ៍ជាច្រេីន ក្នុងនោះ ផលិតផលទេសចរណ៍នៅតាមសហគមន៍ខ្មែរឥស្លាម ក៏ចាត់ទុក និងអាចរៀបចំ ដេីម្បីបម្រេីដល់វិស័យទេសចរណ៍ ជាពិសេសទេសចរណ៍មូស្លីម ដោយសារមានផលិតផលជាច្រេីនទាំងនោះមានប្រវត្តិ និងអាយុកាលយូរឆ្នាំមកម្ល៉េះ។
ឯកឧត្ដម កាទេី មហាំម៉ាត់ណោសស្រុី បានគូសបញ្ជាក់អំពីកត្តាគន្លឹះសំខាន់នៃវិស័យទេសចរណ៍គឺ សុខសន្តិភាព ស្ថេរភាពនយោបាយ ព្រោះបេីគ្មានសន្តិភាពទេ ក៏គ្មានទេសចរនោះដែរ ។ ក្នុងឱកាសនោះ ឯកឧត្ដម បានជម្រាបជូនអំពីស្ថានភាពទេសចរណ៍ក្នុងតំបន់ និងអន្តរជាតិផងដែរ និងជាពិសេសគោលនយោបាយថ្មីៗរបស់ក្រសួងទេសចរណ៍ក្នុងការទាក់ទាញទេសចរណ៍មូស្លីម មកកាន់គោលដៅកម្ពុជាបន្ថែមទៀត ។
ឯកឧត្ដម ក៏បានផ្តាំផ្ញេីរធ្វេីយ៉ាងណារៀបចំសហគមន៍ទេសចរណ៍មូស្លីម អោយមានភាពស្អាត និងបៃតង បដិសណ្ឋារកិច្ចល្អដេីម្បីទទួលបាននូវភ្ញៀវទេសចរមកកាន់គោលដៅសហគមន៍ខ្ពប២ ឱ្យកាន់តែច្រេីន និងជំរុញអោយមានយុទ្ធនាការ “ទេសចរម្នាក់ ដេីមឈេីមួយដេីម”៕