សម្ព័ន្ធយោធាឥស្លាមប្រឆាំងភេរវកម្ម ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយការិយាល័យប្រឆាំងភេរវកម្មរបស់អង្គការសហប្រជាជាតិ ដើម្បីប្រឆាំងនឹងអំពើភេរវកម្ម និងលើកកម្ពស់សន្តិសុខ ស្ថិរភាពពិភពលោក

សម្ព័ន្ធយោធាឥស្លាមប្រឆាំងភេរវកម្ម ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយការិយាល័យប្រឆាំងភេរវកម្មរបស់អង្គការសហប្រជាជាតិ ដើម្បីប្រឆាំងនឹងអំពើភេរវកម្ម និងលើកកម្ពស់សន្តិសុខ ស្ថិរភាពពិភពលោក

Spread the love
Digiqole Ad

សម្ព័ន្ធយោធាឥស្លាមប្រឆាំងភេរវកម្ម នាថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ក្នុងទីក្រុងញូវយ៉ក បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយការិយាល័យប្រឆាំងភេរវកម្ម របស់អង្គការសហប្រជាជាតិ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងអន្តរជាតិប្រឆាំងនឹងអំពើភេរវកម្ម និងលើកកម្ពស់សន្តិសុខ ស្ថិរភាពពិភពលោក។

ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត បានរាយការណ៍ថា អនុស្សរណៈយោគយល់គ្នានេះមានគោលបំណងបង្រួបបង្រួមកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយការគំរាមកំហែងភេរវកម្ម ស្របតាមបទប្បញ្ញត្តិរបស់ភាគីទាំងពីរ។ ហើយអនុស្សរណៈនេះ ក៏នឹងគាំទ្រគម្រោងប្រឆាំងអំពើភេរវកម្មរួមគ្នា ដែលផ្តោតលើការកសាងសមត្ថភាព ការបណ្តុះបណ្តាល គំនិតផ្តួចផ្តើមការយល់ដឹង និងការដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមានផងដែរ។ នេះបើតាមការផ្សាយសារព័ត៌មាន Arab News នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងពិធីចុះហត្ថលេខា ដែលសម្ព័ន្ធយោធាឥស្លាមតំណាងដោយ អគ្គលេខាធិការ ឧត្តមសេនីយ Mohammed Al-Moghedi និងការិយាល័យអង្គការសហប្រជាជាតិ តំណាងដោយអគ្គលេខាធិការរង លោក Vladimir Voronkov ក៏បង្ហាញអំពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រក្នុងវិស័យជាច្រើន ដូចជា ការបណ្តុះបណ្តាលជំនាញអនុវត្តច្បាប់ និងការសម្របសម្រួលជំនួយបច្ចេកទេសដល់រដ្ឋជាសមាជិក។

លោកឧត្តមសេនីយ Al-Moghedi បានលើកឡើងថា អនុស្សរណៈនៃការយោគយល់គ្នានេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់សម្ព័ន្ធយោធាឥស្លាម ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់សន្តិសុខពិភពលោក។ លោកបានបន្ថែមថា ការធ្វើការជាមួយអង្គការសហប្រជាជាតិ នឹងជួយសម្រួលដល់ការផ្លាស់ប្តូរជំនាញ និងពង្រឹងសមត្ថភាពរបស់រដ្ឋជាសមាជិក ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខប្រកបដោយប្រសិទ្ធភាព។

គួរជម្រាបថា សម្ព័ន្ធយោធាឥស្លាមប្រឆាំងភេរវកម្ម គឺជាសម្ព័ន្ធយោធាអន្តររដ្ឋាភិបាល បង្កើតឡើងនៅអំឡុងខែធ្នូ ឆ្នាំ២០១៥ មានមូលដ្ឋាននៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ដែលមានរដ្ឋជាសមាជិកចំនួន ៤២ប្រទេសភាគច្រើនជារដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការអ៊ីស្លាម ដើម្បីរួមគ្នាប្រឆាំងនឹងសកម្មភាពភេរវកម្មផ្សេងៗ៕

Digiqole Ad

Related post