
សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យប្រើប្រាស់ស្ពានកោះនរាជាបណ្ដោះអាសន្ន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចអនុញ្ញាតឲ្យប្រើប្រាស់បណ្ដោះអាសន្ន ស្ពានកោះនរា ភ្ជាប់មកតំបន់កោះពេជ្រ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះថា ដោយមានការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ស្ពានខ្សែកាប្លិ៍ តភ្ជាប់រវាងតំបន់អភវិឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្យ នឹងត្រូវដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាបណ្ដោះអាសន្ន រយៈពេល៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ពោលនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។


