វៀតណាមមានបំណងប្រែក្លាយឧស្សាហកម្មហាឡាលរបស់ខ្លួន ទៅជាវិស័យសេដ្ឋកិច្ចដ៏រឹងមាំ ជាគោលដៅមិនអាចខ្វះបាននៅលើទីផ្សារហាឡាលពិភពលោក

វៀតណាមមានបំណងប្រែក្លាយឧស្សាហកម្មហាឡាលរបស់ខ្លួន ទៅជាវិស័យសេដ្ឋកិច្ចដ៏រឹងមាំ ជាគោលដៅមិនអាចខ្វះបាននៅលើទីផ្សារហាឡាលពិភពលោក

Spread the love
Digiqole Ad

នាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាម លោក Pham Minh Chinh បានអះអាងថា វៀតណាមមានបំណងប្រែក្លាយឧស្សាហកម្មហាឡាលរបស់ខ្លួនទៅជាវិស័យសេដ្ឋកិច្ចដ៏រឹងមាំ ដោយដាក់ប្រទេសជាគោលដៅមិនអាចខ្វះបាននៅលើទីផ្សារហាឡាល់ពិភពលោក និងជាតំណភ្ជាប់ដ៏សំខាន់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផល និងសេវាកម្មហាឡាលទូទាំងពិភពលោក។ នេះបើតាមការដកស្រង់ផ្សាយដោយ vneconomy នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។

ការអះអាងរបស់លោកនាយករដ្ឋមន្ត្រីវៀតណាម ធ្វើឡើងក្នុងសន្និសីទដែលរៀបចំឡើងនៅទីក្រុងហាណូយ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងកៀងគរធនធានផ្ទៃក្នុងដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មហាឡាលរបស់វៀតណាម” ដែលត្រូវបានសហការរៀបចំដោយក្រសួងការបរទេស ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

លោកនាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាម បានសម្លឹងឃើញពីសក្តានុពលដ៏ធំនៃទីផ្សារហាឡាលពិភពលោក ដែលត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ១០ទ្រីលានដុល្លារ នៅឆ្នាំ២០៣០ ដោយរំពឹងថាប្រជាជនមូស្លីមនឹងកើនឡើងដល់ ៣ពាន់លាននាក់ នៅឆ្នាំ២០៥០ ដែលស្មើនឹងជិត ៣០ភាគរយ នៃចំនួនប្រជាជនពិភពលោក។ ឧស្សាហកម្មហាឡាលលាតសន្ធឹងលើវិស័យជាច្រើន រួមទាំងវិស័យកសិកម្ម ទេសចរណ៍ វាយនភណ្ឌ ឱសថ គ្រឿងសំអាង និងឧស្សាហកម្មគាំទ្រដូចជា ខ្សែសង្វាក់ផលិតកម្ម ភស្តុភារ និងសេវាកម្ម។

កន្លងទៅវៀតណាមក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើផលិតផល និងសេវាកម្មហាឡាលជាមួយដៃគូទាំងមូស្លីម និងមិនមែនមូស្លីម ខណៈដែលអាជីវកម្ម និងសមាគមរបស់ខ្លួនបានយកចិត្តទុកដាក់កាន់តែខ្លាំងឡើងចំពោះឧស្សាហកម្មហាឡាល ជាមួយនឹងការវិនិយោគកាន់តែច្រើន ការផលិត និងការពង្រីកការនាំចេញទៅកាន់ទីផ្សារហាឡាលពិភពលោក។

ទន្ទឹមនឹងការអះអាងរបស់លោកនាយករដ្ឋមន្ត្រី វៀតណាមបានបង្កើតទិសដៅយុទ្ធសាស្ត្រសម្រាប់ឧស្សាហកម្មហាឡាល តាមរយៈគំនិតផ្តួចផ្តើមដូចជា គម្រោងហាឡាលឆ្នាំ២០៣០ ការបង្កើតមជ្ឈមណ្ឌលបញ្ជាក់ហាឡាលជាតិ និងការអភិវឌ្ឍន៍ក្របខ័ណ្ឌច្បាប់ និងស្តង់ដារហាឡាលជាតិជាដើម៕

Digiqole Ad

Related post