• January 29, 2025
 រដ្ឋមន្ត្រីក្រសួងកិច្ចការឥស្លាមអារ៉ាប៊ីសាអូឌីតទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ហូសេន មហាម៉ាត់ហ្វារីត, ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យកម្ពុជាគ្រប់គ្រង និងបច្ចេកវិទ្យា និងជាទីប្រឹក្សាក្រសួងធម្មការ និងសាសនា

រដ្ឋមន្ត្រីក្រសួងកិច្ចការឥស្លាមអារ៉ាប៊ីសាអូឌីតទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ហូសេន មហាម៉ាត់ហ្វារីត, ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យកម្ពុជាគ្រប់គ្រង និងបច្ចេកវិទ្យា និងជាទីប្រឹក្សាក្រសួងធម្មការ និងសាសនា

Spread the love
Digiqole Ad

នៅក្នុងឱកាសសន្និសីទប្រចាំតំបន់អាស៊ានលើកទី៣ ក្រោមប្រធានបទ” ប្រជាជាតិដែលល្អប្រសើរ” ដែលត្រូវបានរៀបចំប្រារព្វធ្វើឡើងពីថ្ងៃទី២៥ និង២៦ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងបាងកក, ប្រទេសថៃ ឯកឧត្តម Sheikh Dr. abdullatif Al Sheikh , រដ្ឋមន្ត្រីក្រសួងកិច្ចការឥស្លាមនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត បានអនុញ្ញាតឱ្យឯកឧត្តម បណ្ឌិត ហូសេន មហាម៉ាត់ហ្វារីត, ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យកម្ពុជាគ្រប់គ្រង និងបច្ចេកវិទ្យា និងជាទីប្រឹក្សាក្រសួងធម្មការ និងសាសនា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបដ៏មានតម្លៃនេះ ឯ.ឧ បណ្ឌិត ហូសេន មហាម៉ាត់ហ្វារីត បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរជូនដល់ ឯ.ឧ Sheikh Dr. abdullatif Al Sheikh ចំពោះកិច្ចខិតខំប្រឹងប្រែងលើការដឹកនាំក្នុងការរៀបចំសន្និសីទប្រចាំតំបន់អាស៊ានដ៏មានតម្លៃនេះ ក្រោមប្រធានបទ«ប្រជាជាតិដែលល្អប្រសើរ» ក្នុងគោលបំណងពន្យល់ពីប្រភពនៃសេចក្តីល្អរបស់ជាតិ និងការរួមចំណែកដ៏ធំធេងនៃសេចក្តីល្អរបស់មនុស្សជាតិ ការតស៊ូមតិដើម្បីសន្តិភាព យុត្តិធម៌ និងការរីកដុះដាលនៃសេចក្តីល្អ ដែលនេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងក៏ជាការចាប់អារម្មណ៍ផ្តល់តម្លៃក្នុងការផ្សព្វផ្សាយគោលគំនិតលើកកម្ពស់វប្បធម៌នៃការអត់ឱន និងការជៀសវាងពីការរើសអើងគ្នាផងដែរ។ ជាមួយគ្នានេះ ឯ.ឧ បណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរឥស្លាមក្នុងរយ:ពេលជាច្រើនឆ្នាំកន្លងមកនេះដែលធ្វើឱ្យចំនួននិស្សិត បញ្ញវន្តឥស្លាមមានការកើនឡើងជាច្រើន និងការអភិវឌ្ឍធនធានមនុស្សសម្រាប់សហគមន៍ខ្មែរឥស្លាមមានវឌ្ឍនភាពយ៉ាងខ្លាំង ក្នុងនោះជាលទ្ធផលជាក់ស្តែង ឯ.ឧ បណ្ឌិត ផ្ទាល់ក្នុងនាមជាអតីតនិស្សិតដែលបានបញ្ចប់ការសិក្សាពីព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីតបានផ្តួចផ្តើមបង្កើតសាកលវិទ្យាល័យកម្ពុជាគ្រប់គ្រង និងបច្ចេកវិទ្យា ដែលជាសាកលវិទ្យាល័យបង្កើតដោយបញ្ញវន្តខ្មែរឥស្លាមដំបូងបំផុតនៅកម្ពុជា និងមានការឧបត្ថម្ភគាំទ្រពីមូលនិធិ Sheikh Saleh Alrajhi Endowment Fund និងសម្របសម្រួលដោយមជ្ឈមណ្ឌលព្រះចៅសាល់ម៉ានដើម្បីមនុស្សធម៌។ នៅក្នុងជំនួបពិភាក្សានេះ ឯ.ឧ បណ្ឌិត ហូសេន មហាម៉ាត់ ហ្វារីត, ក្នុងនាមជាទីប្រឹក្សាក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍បន្តដោយលើកឡើងថា: ដោយមានការដឹកនាំពី ឯ.ឧ ចាយ បូរិន, រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃពីសំណាក់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្ថានភាពសុខដុមរមនាកម្មសាសនានៅកម្ពុជាមានល្អប្រសើរ មានសាមគ្គីភាព និងការស្រឡាញ់រាប់អានគ្នា ដោយមិនមានការប្រកាន់រើសអើងពូជសាសន៍នោះឡើយ។

មានប្រសាសន៍ដ៏ខ្ពង់ខ្ពស់នៅក្នុងកិច្ចពិភាក្សានេះ ឯ.ឧ Sheikh Dr. Abdullatif Al Sheikh រដ្ឋមន្រ្តី ក្រសួងកិច្ចការឥស្លាមអារ៉ាប៊ីសាអូឌីតបានមានប្រសាសន៍កោតសរសើរ ចំពោះកិច្ចខំប្រឹងប្រែងបង្កើត សាកលវិទ្យាល័យដំបូងបំផុតនៃសហគមន៍ខ្មែរឥស្លាម និងជម្រុញឲ្យខិតខំបន្ត និងត្រូវធ្វើយ៉ាងណាឲ្យសាកលវិទ្យាល័យដំណើរបានល្អនិងមាននិរន្តរភាពយូរអង្វែងតរៀងទៅ។ ជាមួយគ្នានេះ ឯ.ឧ រដ្ឋមន្ត្រីបានមានប្រសាសន៍ជូនចំពោះសហគមន៍ខ្មែរឥស្លាម ត្រូវមានសាមគ្គីភាព រួបរួមគ្នាបន្ថែមទៀតដើម្បីមានវឌ្ឍនភាពលើការអភិវឌ្ឍសហគមន៍ និងសង្គមជាតិកាន់តែប្រសើរ។

Digiqole Ad

Related post