
រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ជុំរុញឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅតំបន់ហ្គាហ្សា កំលុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៧

ហ្សាការតា៖ រដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ីបានអំពាវនាវឱ្យមានបទឈប់បាញ់ភ្លាមៗនៅក្នុងតំបន់ហ្គាហ្សា និងការបើកច្រករបៀងបន្ទាន់សម្រាប់ជំនួយមនុស្សធម៌ ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ីអាគ្នេយ៍ នៅរដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃពុធសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
នៅក្នុងអំឡុងពេលកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅថ្ងៃពុធសប្តាហ៍នេះ គឺបានយកចិត្តទុកដាក់ចំពោះស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅតំបន់ហ្គាហ្សា ដែលជាកន្លែងជនស៊ីវិលប៉ាឡេស្ទីនជាង ១១,៣០០ នាក់ត្រូវបានសម្លាប់ ខណៈដែលអ៊ីស្រាអែលបន្តការទម្លាក់គ្រាប់បែកប្រចាំថ្ងៃ និងការវាយប្រហារតាមផ្លូវគោក។

