• April 11, 2025
 យើងគ្រប់គ្នាចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយតាមរយះ ពិនិត្យនិងផ្ទៀងផ្ទាត់ព័ត៌មានមុនពេលចែកចាយ

យើងគ្រប់គ្នាចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយតាមរយះ ពិនិត្យនិងផ្ទៀងផ្ទាត់ព័ត៌មានមុនពេលចែកចាយ

Spread the love
Digiqole Ad

នៅថ្ងៃទី៩ នៃយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនេះ ក្រសួងព័ត៌មានបានបញ្ចេញសារ “ត្រូវពិនិត្យនិងផ្ទៀងផ្ទាត់ព័ត៌មានជានិច្ចមុនពេលចែកចាយ” ដើម្បីដាស់តឿនអោយអ្នកប្រើប្រាស់បណ្តាញសង្គមចូលរួមធានាឱ្យបានសុវត្ថិភាពព័ត៌មាន។

ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មានបានបញ្ជាក់ថា ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ គឺចេញពីខ្លួនយើងម្នាក់ៗដែលជាអ្នកបង្កើត និងប្រើប្រាស់។ ករណីមានការសង្ស័យថា ព័ត៌មាន និង រូបភាពណាមួយក្លែងក្លាយ មិនត្រូវផ្សព្វផ្សាយ និងចែករំលែកបន្តនោះទេ។ បង្អង់បន្តិច ដើម្បីពិនិត្យព័ត៌មាននោះឱ្យច្បាស់លាស់សិន ដើម្បីសុវត្ថិភាពទាំងអស់គ្នា។

ការបញ្ចេញសារ“ត្រូវពិនិត្យនិងផ្ទៀងផ្ទាត់ព័ត៌មានជានិច្ចមុនពេលចែកចាយ”នេះ បានធ្វើឡើងខណ:យុគសម័យឌីជីថលនេះ ប្រជាពលរដ្ឋទទួលបានប្រភពព័ត៌មានជាច្រើនតាមរយះ បណ្តាញសង្គម មានហ្វេសបុក យូធូប តិចតុក និង តេឡេក្រាម ដែលនៅក្នុងចំណោមនោះ មានប្រភេទព័ត៌មានក្លែងក្លាយជាច្រើន ហើយប្រសិនបើយើងមិនបានពិនិត្យវិភាគនោះទេ ការចែកចាយបន្តព័ត៌មានក្លែងក្លាយនោះ នឹងធ្វើអោយយើងប្រឈមមុខនឹងការស៊ើបអង្កេត ហើយការចែកចាយព័ត៌មានក្លែងក្លាយនោះទៀត បានបង្កើតគ្រោះថ្នាក់ដល់សង្គមជាតិទៀតផង។

ដើម្បីការពារខ្លួនឯង គ្រួសារ និងសង្គមពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ប្រជាពលរដ្ឋគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍មួយចំនួន៖ ទី១.បោះបង់ចោលទម្លាប់ចែកចាយព័ត៌មានបន្តលឿនពេក ឬចែកចាយដោយទាំងមិនទាន់បានអានស្រួលបួល និងមិនទាន់ផ្ទៀងផ្ទាត់ព័ត៌មាននោះជាមុនសិនផងនោះ, ទី២.កុំទាន់ជឿលើប្រភពព័ត៌មានពីបណ្តាញទំនាក់ទំនងសង្គមទាំងស្រុងតែមួយមុខ ពោលគឺត្រូវអាននិងត្រូវបង្កើតទម្លាប់ផ្ទៀងផ្ទាត់ជាមួយប្រភពព័ត៌មានផ្សេងទៀតដូចជាប្រព័ន្ធផ្សព្វផ្សាយប្រពៃណីមានកាសែត ទូរទស្សន៍ វិទ្យុ គេហទំព័រព័ត៌មាននិងបណ្តាញផ្សាយឌីជីថលផ្លូវការ ប្រភពផ្សាយព័ត៌មានបែបអាជីពដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ ឬប្រភពព័ត៌មានផ្លូវការផ្សេងទៀត ដើម្បីធានាថាវាជាព័ត៌មានពិត មានភាពសុក្រឹត ត្រឹមត្រូវទុកចិត្តបាន មុននឹងចែកចាយបន្ត, ទី៣.ចាប់យកប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងភ្នាក់ងារផ្សព្វផ្សាយព័ត៌មានអាជីពដែលមានក្រមសីលធម៌វិជ្ជាជីវៈជាប្រភពអាទិភាព សម្រាប់ការទទួលព័ត៌មានប្រចាំថ្ងៃ ព្រមទាំងលើកទឹកចិត្តអ្នកដទៃទៀតឱ្យធ្វើដូច្នេះដែរ និងទី៤.ចែករំលែក ឬផ្សព្វផ្សាយតែព័ត៌មានពិត វិជ្ជមាន ដើម្បីរួមចំណែកថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ និងសន្តិសុខក្នុងសង្គមរស់នៅប្រចាំថ្ងៃរបស់យើងសម្រាប់ជាប្រយោជន៍គ្រួសារ អ្នកនៅជុំវិញខ្លួនយើង និងខ្លួនឯងផ្ទាល់។

សូមរំលឹកថា ក្រសួងព័ត៌មានកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥បានបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមទិសស្លោក៖ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» ក្នុងគោលដៅដើម្បីកាត់បន្ថយ ព័ត៌មានក្លែងក្លាយ ឱ្យមកនៅកម្រិតអប្បបរិមាសំដៅធានាសន្តិសុខព័ត៌មាន នោះគឺការទទួលព័ត៌មានប្រកបដោយគុណភាព និង សុវត្ថិភាពរបស់ប្រជាពលរដ្ឋ៕ អត្ថបទ៖ ពេជ ប៊ុនរ៉ា (MoINFO APP)


Digiqole Ad

Related post