
ម៉ាឡេស៊ី ស្នើឱ្យមានការបញ្ជូន និងដាក់ពង្រាយកងកម្លាំងទាហានពិសេសម៉ាឡេសុីនៅតំបន់ព្រំដែនជម្លោះកម្ពុជា-ថៃ ដើម្បីត្រួតពិនិត្របទឈប់បាញ់ និងធានាថាមិនមានការរំលោភលើកិច្ចព្រមព្រៀង

ម៉ាឡេស៊ី ស្នើឱ្យមានការបញ្ជូន និងដាក់ពង្រាយកងកម្លាំងទាហានពិសេសម៉ាឡេសុីនៅតំបន់ព្រំដែនជម្លោះកម្ពុជា-ថៃ ដើម្បីត្រួតពិនិត្របទឈប់បាញ់ និងធានាថាមិនមានការរំលោភលើកិច្ចព្រមព្រៀង
PUTRAJAYA: នាយឧត្តមសេនីយ៍ Tan Sri Mohd Nizam Jaffar អគ្គមេបញ្ជាការនៃកងកម្លាំងការពារជាតិម៉ាឡេសុី បាននិយាយថា លោកបានស្នើសុំនាយករដ្ឋមន្ត្រីម៉ាឡេសុី Dato seri Anwar Ibrahim ផ្ទាល់ ដើម្បីទំនាក់ទំនងជាផ្លូវការជាមួយនាយករដ្ឋមន្ត្រីថៃ និងកម្ពុជា ក្នុងការសុំអនុញ្ញាតឱ្យក្រុមទាហានពិសេសម៉ាឡេស៊ី រួមជាមួយក្រុមអ្នកសង្កេតការអាស៊ាន (AOT) អាចចូលទៅកាន់តំបន់ជម្លោះក្នុងប្រទេសទាំងពីរ ដើម្បីត្រួតពិនិត្យបទឈប់បាញ់ជាក់ស្តែង និងពិនិត្យថាមិនមានការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់នោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bernama នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ2025។
លោកឧត្តមសេនីយ៍ Tan Sri Mohd Nizam Jaffar អគ្គមេបញ្ជាការនៃកងកម្លាំងការពារជាតិម៉ាឡេសុីបានឱ្យដឹងថា ករណីជម្លោះព្រំដែនរវាងកម្ពុជា ថៃ នេះគឺជាកិច្ចការដ៏ធ្ងន់មួយ ពីព្រោះប្រទេសទាំងពីរមានព្រំដែនប្រហែល 840 គីឡូម៉ែត្រ ពីគ្នា ដែលត្រូវត្រួតពិនិត្យ។ ហើយសម្រាប់កិច្ចការនេះ យើងកំពុងទទួលបានការគាំទ្រផ្នែកដឹកជញ្ជូនពីសហរដ្ឋអាមេរិកផងដែរ។
លោកបានបន្តថា បន្ទាប់ពីការបញ្ចប់នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ភាគីពាក់ព័ន្ធបានព្រមព្រៀងគ្នាក្រោមកិច្ចព្រមព្រៀងឈប់បាញ់ដើម្បីបង្កើតក្រុមសង្កេតការណ៍បណ្តោះអាសន្ន (IOT) ដែលរួមមានអនុព័ន្ធការពារមកពីបណ្តាប្រទេសអាស៊ាន។ ខណៈក្រុមនេះដឹកនាំដោយទីប្រឹក្សាការពារប្រទេសម៉ាឡេស៊ីនៅទីក្រុងបាងកក និងទីក្រុងភ្នំពេញ។
ទន្ទឹមនិងនោះ ជំហានដំបូងសម្រាប់ក្រុមរបស់លោកគឺធ្វើសន្និសីទសង្ខេបនៅទីក្រុងបាងកកដែលមានមន្រ្តីជាន់ខ្ពស់ចំនួន 75 នាក់មកពីប្រទេសថៃអំពីវិធានការដែលត្រូវអនុវត្ត។ ហើយដូចគ្នានេះផងដែរលោកក៏នឹងធ្វើនៅភ្នំពេញបន្ទាប់ពីធ្វើទស្សនកិច្ចទៅកាន់តំបន់ជម្លោះហើយ។ លោកធ្វើបែបនេះ គឺដើម្បីធានាថាបទឈប់បាញ់ត្រូវបានរក្សា និងដើម្បីស៊ើបអង្កេតការរំលោភដែលបានរាយការណ៍ពីភាគីទាំងពីរផងដែរ។
ខណៈនាពេលកន្លងមក កម្ពុជា ថៃធ្លាប់បានព្រមព្រៀងគ្នាអនុវត្តបទឈប់បាញ់គ្នាយ៉ាងតឹងរ៉ឹងនៅតាមព្រំដែនរួមគ្នារួចមកហើយ ដោយភាគីទាំងពីររក្សាទីតាំងកងទ័ពបច្ចុប្បន្ន និងមិនបង្កើនកម្លាំងយោធានោះទេ។
