មនុស្សស្លាប់កើនឡើងរហូតដល់ ៤២នាក់ ដោយសារភ្លើងឆេះអណ្តូងរ៉ែធ្យូងថ្ម នៅតំបន់ Karaganda ប្រទេសកាហ្សាក់ស្ថាន
អាជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៤២នាក់ហើយ ដោយសារភ្លើងឆេះអណ្តូងរ៉ែធ្យូងថ្ម នៅតំបន់ Karaganda នៃប្រទេសកាហ្សាក់ស្ថាន។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Anadolu នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។
ក្រសួងស្ថានភាពគ្រាអាសន្នបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ គិតត្រឹមរសៀលថ្ងៃអាទិត្យ សាកសពនៃអ្នកស្លាប់ចំនួន ៤២នាក់ត្រូវបានរកឃើញ ហើយការស្វែងរកអ្នករុករករ៉ែចំនួន ៤នាក់ ផ្សេងទៀតនៅតែបន្ត ខណៈប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងដំណើរការនៅឡើយ។
កាលពីល្ងាចថ្ងៃសុក្រ អគ្គីភ័យបានឆាបឆេះនៅអណ្តូងរ៉ែធ្យូងថ្ម Kostenko ដែលដំណើរការដោយក្រុមហ៊ុន ArcelorMittal ដែលជាសាជីវកម្មផលិតដែកថែប ដែលមានមូលដ្ឋាននៅលុចសំបួរ ដែលមានកម្មករប្រមាណ ២៥២នាក់។ ប្រតិបត្តិករក្រុមហ៊ុន បាននិយាយថា មនុស្សចំនួន ២០៦នាក់ ក្នុងចំណោមមនុស្ស ២៥២នាក់ ដែលនៅអណ្តូងរ៉ែត្រូវបានជម្លៀសចេញ ហើយមនុស្សចំនួន ១៨នាក់ ទទួលបានការព្យាបាល។
បន្ទាប់ពីឧប្បត្តិហេតុនេះ ប្រធានាធិបតីកាហ្សាក់ស្ថាន Kassym-Jomart Tokaev បានសម្តែងមរណទុក្ខដល់គ្រួសារជនរងគ្រោះ និងបានប្រកាសថ្ងៃទី២៩ ខែតុលា ជាថ្ងៃកាន់ទុក្ខរបស់ជាតិ។ ជាមួយគ្នានោះ លោកប្រធានាធិបតីក៏បានបញ្ជាឱ្យរដ្ឋាភិបាលបញ្ចប់កិច្ចសហប្រតិបត្តិការជាមួយក្រុមនេះផងដែរ៕