
មនុស្សជាង១៥០,០០០នាក់ ត្រូវជម្លៀសទៅកន្លែងសុវត្ថិភាព ខណៈឥណ្ឌានិងប៉ាគីស្ថានត្រៀមខ្លួន សម្រាប់ការមកដល់នៃព្យុះស៉ីក្លូនដ៏ខ្លាំងក្លាមួយ

(ញូដេលី)៖ អាជ្ញាធរនៅប្រទេសឥណ្ឌានិងប៉ាគីស្ថាន បានជម្លៀសប្រជាជនសរុបជាង១៥០,០០០នាក់ ទៅកាន់កន្លែងសុវត្ថិភាព ស្របពេលដែលព្យុះស៉ីក្លូនមានឥទ្ធិពលខ្លាំងមួយ នឹងបោកបក់មកដល់ចន្លោះប្រទេសទាំងពីរ នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣។
មន្រ្តីទទួលបន្ទុកប្រតិបត្តិការជួយសង្រ្គោះរបស់ឥណ្ឌា បានឱ្យដឹងថា អាជ្ញាធរបានជម្លៀសមនុស្សជាង៧៥,០០០នាក់ ចេញពីសហគមន៍ ដែលប្រឈមហានិភ័យខ្ពស់ ក្នុងស្រុកចំនួន៨ដែលនៅជាប់ឆ្នេរសមុទ្រ ក្នុងរដ្ឋហ្គូចារ៉ាត់ (Gujarat)។ រីឯខាងប៉ាគីស្ថានវិញបានឱ្យដឹងថា ខ្លួនបានជម្លៀសប្រជាជនសរុបជិត ៨២,០០០នាក់ ចេញពីតំបន់នៅក្បែរឆ្នេរភាគអាគ្នេយ៍ប្រទេស ទៅកាន់ទីសុវត្ថិភាព។


