អត្ថបទស្រាវជ្រាវ

មកដឹងរឿងរ៉ាវដ៏អាថ៍កំបាំងរបស់ស្តេចស្រីហ្ពាល់គីស និងការព្រមទទួលយកសាសនាឥស្លាមតាមរយៈព្យាការីស៊ូឡៃម៉ាន.

Spread the love

បើយោងតាមឯកសារប្រវត្តិសាស្ត្រឥស្លាមជាច្រើនបានឱ្យដឹងថា មហាក្សត្រីយ៍នៃនគរសាហ្ពាក់ ឬគេស្គាល់ថា ស្តេចស្រីហ្ពាល់គីស គឺជាស្ត្រីដែលមានអំណាច និងល្បីល្បាញ ជាពិសេស សម្បូរទៅដោយទ្រព្យសម្បត្តិដ៏ច្រើនមហាសាល និងជាស្ត្រីដែលមានជាងគេបំផុតស្ថិតក្នុងសម័យរបស់ទ្រង់។ មហាក្សត្រីយ៍ហ្ពាល់គីស ជាអ្នកគ្រប់គ្រងនគរសាហ្ពាក់ ដែលមានទីតាំងនៅភាគខាងត្បូងប្រទេសអារ៉ាប់ (សព្វថ្ងៃជាប្រទេសយេមែន)។ ពេលនោះ នគរសាហ្ពាក់ មានសេដ្ឋកិច្ចរុងរឿងដោយសារតែការដឹកនាំរបស់ទ្រង់ពោរពេញទៅដោយវិន័យខ្ពស់ ជាពិសេស ទ្រង់ត្រូវបានគេដឹងថា ជាអ្នកជំនួញវ័យក្មេងដ៏ឆ្លាតវៃ ថែមទាំងមានសម្រស់ស្រស់ស្អាត ជាហេតុធ្វើឱ្យមនុស្សទាំងពួងគោរព និងស្រឡាញ់ទ្រង់។

 

មិនត្រឹមតែប៉ុណ្ណោះ មហាក្សត្រីយ៍ហ្ពាល់គីស ជាអ្នកដែលរស់នៅសម័យជាមួយព្យាការីស៊ូឡៃម៉ាន ដែលជាអ្នកនាំសាររបស់អល់ឡោះជាម្ចាស់ និងជាអ្នកអំពាវនាវឱ្យមនុស្សដើរទៅរកមាគ៌ាដ៏ល្អ និងសាសនាដែលត្រឹមត្រូវ នោះគឺសាសនាឥស្លាម។ ខណៈពេលនោះ មហាក្សត្រីយ៍ហ្ពាល់គីសមិនមែនជាអ្នកដែលមានជំនឿលើសាសនាឥស្លាម និងគោរពលើអល់ឡោះជាម្ចាស់នោះទេ។

 

ជាក់ស្តែង នៅក្នុងគម្ពីរគួរអានរបស់សាសនាឥស្លាមដែលមានតាំងពី១៤០០ឆ្នាំមុន បានពិពណ៌នាអំពីសាច់រឿងរបស់មហាក្សត្រីយ៍ហ្ពាល់គីស និងព្យាការីស៊ូឡៃម៉ាន នៅក្នុងជំពូកទី២៧ ស៊ូរ៉ោះ អាន់ណាំល៍ វគ្គទី២២ រហូតដល់វគ្គទី៤៤ យ៉ាងដូច្នេះថា មានថ្ងៃមួយ (ព្យាការីស៊ូឡៃម៉ាន)បានពិនិត្យស្ថានភាពនៃហ្វូងសត្វបក្សីទាំងឡាយ តែគាត់ពុំបានឃើញសត្វហ៊ុទហ៊ុទនោះទេ។ ពេលនោះ គាត់ក៏បានសួរថាៈ ហេតុអ្វីបានជាខ្ញុំមិនឃើញសត្វហ៊ុទហុទ? ខ្ញុំពិតជានឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរចំពោះវា ឬក៏ខ្ញុំនឹងសម្លេះវា ជាទណ្ឌកម្មចំពោះការអវត្តមាន។ តែមិនយូរប៉ុន្មាន សត្វហ៊ុទហ៊ុទនោះក៏បានមកដល់។ នៅពេលដែលវាមកដល់ វាក៏បាននិយាយទៅកាន់ព្យាការីស៊ូឡៃម៉ានថាៈ ខ្ញុំបាននាំមកឲ្យអ្នក(នូវដំណឹងមួយ)ពីអ្នកស្រុកសាហ្ពាក់ដែលជាដំណឺងមួយដ៏ច្បាស់លាស់។ ពិតប្រាកដណាស់ ខ្ញុំបានឃើញស្ត្រីម្នាក់ដែលជាមហាក្សត្រីយ៍គ្រប់គ្រងនគរសាហ្ពាក់ នាងមានរាជបល្ល័ង្គមួយដ៏ធំអស្ចារ្យ។ ខ្ញុំបានឃើញស្ត្រីម្នាក់នោះហើយនិងក្រុមរបស់នាង ពួកគេក្រាបស៊ូជោតទៅកាន់ព្រះអាទិត្យក្រៅពីអល់ឡោះ ហើយស្ហៃតនបានតុបតែងលម្អចំពោះពួកគេនូវទង្វើទាំងឡាយរបស់ពួកគេ(ដែលពួកគេប្រព្រឹត្ត)អំពីប្រការស្ហ៊ីរិកនិងអំពើល្មើសទាំងឡាយ ហើយវាបានបង្វែរពួកគេពីមាគ៌ាដែលត្រឹមត្រូវ។  ស្ហៃតនបានតុបតែងលម្អចំពោះពួកគេនូវទង្វើស្ហ៊ីរិកនិងទង្វើបាបកម្មនានា ដើម្បីកុំឲ្យពួកគេស៊ូជោត(គោរពសក្ការៈ)ចំពោះអល់ឡោះជាម្ចាស់តែមួយគត់។

ពេលនោះ ព្យាការីស៊ូឡៃម៉ានក៏បានសរសេរសារមួយច្បាប់ រួចបានប្រគល់ឲ្យសត្វហ៊ុទហ៊ុទ ហើយគាត់បាននិយាយទៅកាន់វាថាៈ ចូរឯងនាំសាររបស់យើងនេះ ហើយទម្លាក់ឲ្យអ្នកស្រុកសាហ្ពាក់ ហើយឲ្យពួកគេទទួលយកវា។ បន្ទាប់មក ចូរឯងទៅឲ្យឆ្ងាយពីគេបន្តិចដើម្បីចាំមើលថា តើពួកគេនឹងឆ្លើយតបមកវិញយ៉ាងដូចម្តេច។ ក្រោយមក មហាក្សត្រីយ៍នោះក៏បានទទួលរាជសារ(របស់ព្យាការីស៊ូឡៃម៉ាន) ហើយទ្រង់ក៏បានមានបន្ទូលថាៈ ឱមន្ត្រីទាំងឡាយ! ពិតប្រាកដណាស់ គេបានប្រគល់នូវរាជសារដ៏វិសេសវិសាលខ្ពង់ខ្ពស់មួយដល់ខ្ញុំ។ នៅក្នុងរាជសារនោះ គេបានសរសេរថាៈ ពិតណាស់ រាជសារនេះត្រូវបានបញ្ជូនមកពីស៊ូឡៃម៉ាន ដែលមានអត្ថន័យយ៉ាងដូច្នេះថា ចូរពួកអ្នកកុំក្រអឺតក្រទមឲ្យសោះ ហើយចូរពួកអ្នកមកប្រគល់ខ្លួនឲ្យខ្ញុំនៅពេលដែលខ្ញុំអំពាវនាវពួកអ្នកទៅកាន់ការមានជំនឿចំពោះអល់ឡោះតែមួយគត់ និងបោះបង់ចោលនូវទង្វើស្ហ៊ីរិកដែលពួកអ្នកកំពុងតែប្រព្រឹត្តនោះ។ មហាក្សត្រីយ៍នោះបានមានបន្ទូលថាៈ ឱបណ្តាពួកមន្ត្រីទាំងឡាយ! ចូរពួកអ្នកផ្តល់យោបល់ដែលត្រឹមត្រូវដល់ខ្ញុំនៅក្នុងកិច្ចការរបស់ខ្ញុំនេះ។ ខ្ញុំមិនអាចសម្រេចកិច្ចការណាមួយឡើយ លុះត្រាតែពួកអ្នកមានវត្តមានជាមួយខ្ញុំ ហើយបង្ហាញនូវគំនិតយោបល់របស់ពួកអ្នកចំពោះបញ្ហានេះ។ ពួកមន្ត្រីនៃក្រុមរបស់ព្រះនាងបាននិយាយថាៈ ពួកយើងសុទ្ធសឹងតែជាអ្នកខ្លាំងពូកែ និងជាអ្នកដែលក្លាហានបំផុតក្នុងការធ្វើសង្គ្រាម ហើយគំនិតអ្វីដែលម្ចាស់ក្សត្រីយ៍ចង់នោះ សូមទ្រង់មេត្តាពិចារណាមើលចុះ ថាតើទ្រង់ដាក់បទបញ្ជាបែបណាចំពោះពួកយើងនោះ។ ពិតប្រាកដណាស់ ពួកយើង គឺជាអ្នកដែលមានសមត្ថភាពក្នុងការអនុវត្តវា។

 

មហាក្សត្រីតបថា ខ្ញុំពិតជានឹងបញ្ជូនតង្វាយមួយថ្វាយទៅកាន់ម្ចាស់រាជសារនេះ និងក្រុមរបស់គេ ហើយខ្ញុំនឹងរង់ចាំមើល ថាតើអ្នកនាំសារទាំងនោះនាំអ្វីខ្លះត្រឡប់មកវិញក្រោយពីការបញ្ជូនតង្វាយនេះ(ទៅកាន់ពួកគេ)ហើយនោះ។

 

ហើយនៅពេលដែលអ្នកនាំសាររបស់ម្ចាស់ក្សត្រីយ៍ ហើយនិងមន្ត្រីដែលនៅជាមួយគេនោះបាននាំយកនូវតង្វាយទៅកាន់ព្យាការីស៊ូឡៃម៉ាននោះ ព្យាការីស៊ូឡៃម៉ានក៏បានបដិសេធនឹងពួកគេចំពោះការបញ្ជូនតង្វាយមកនេះកាន់គាត់ ដោយគាត់បានពោលថាៈ តើពួកអ្នកផ្តល់ទ្រព្យសម្បត្តិ(តង្វាយ)ទាំងនេះឲ្យខ្ញុំដើម្បីឲ្យខ្ញុំលើកលែងដល់ពួកអ្នកឬ? ពិតណាស់ អ្វីដែលអល់ឡោះបានប្រទានឲ្យខ្ញុំនៃភាពជាព្យាការី ភាពជាស្តេចផែនដី និងទ្រព្យសម្បត្តិទាំងឡាយនោះ គឺល្អប្រសើរជាងអ្វីដែលទ្រង់បានប្រទានដល់ពួកអ្នកទៅទៀត។ ព្យាការីស៊ូឡៃម៉ាន បាននិយាយទៅកាន់អ្នកនាំសាររបស់មហាក្សត្រីយ៍នោះថាៈ ចូរអ្នកនាំយកតង្វាយដែលអ្នកបាននាំមកនេះត្រឡប់ទៅកាន់ពួកគេវិញចុះ។ ហើយព្យាការីគម្រាមថា គាត់នឹងលើកទ័ពទៅធ្វើសង្គ្រាមនៅទឹកដីសាហ្ពាក់ ប្រសិននៅតែមិនមកប្រគល់ខ្លួននិងគោរពទៅកាន់អល់ឡោះជាម្ចាស់។

 

ក្រោយមក ព្យាការីស៊ូឡៃម៉ានបាននិយាយទៅកាន់មន្ត្រីរបស់គាត់ថាៈ ឱមន្ត្រីទាំងឡាយ! តើនរណាម្នាក់ក្នុងចំណោមពួកអ្នកអាចនាំរាជបល្ល័ង្គរបស់ព្រះនាងមកឲ្យខ្ញុំមុននឹងពួកគេចូលសាសនាឥស្លាម? អ៊ីហ្វរីត ខ្ញុំអាចនាំយករាជបល្ល័ង្គរបស់ព្រះនាងមកប្រគល់ឲ្យអ្នកមុននឹងអ្នកក្រោកចេញពីកន្លែងរបស់អ្នកដែលអ្នកកំពុងតែអង្គុយនេះ។ រីឯបុរសមានបុណ្យម្នាក់ទៀតបាននិយាយថា ខ្ញុំនឹងនាំរាជបល្ល័ង្គរបស់ព្រះនាងមកឲ្យអ្នកមុននឹងអ្នកព្រិចភ្នែករបស់អ្នកទៅទៀត(ក្នុងមួយប៉ព្រិចភ្នែកប៉ុណ្ណោះ) ដោយខ្ញុំគ្រាន់តែបួងសួងសុំពីអល់ឡោះ នោះវា(បល្ល័ង្គនោះ)នឹងមកដល់ភ្លាម។ ពេលនោះ គេក៏បានបួងសួងសុំពីអល់ឡោះជាម្ចាស់ ហើយទ្រង់ក៏បានឆ្លើយតបនឹងការបួងសួងរបស់គេ។ ហើយនៅពេលដែលព្យាការីស៊ូឡៃម៉ានបានឃើញរាជបល្ល័ង្គរបស់ព្រះនាងស្ថិតនៅចំពោះមុខរបស់គាត់ គាត់ក៏បានពោលថាៈ នេះគឺជាការប្រោសប្រទានពីម្ចាស់របស់ខ្ញុំចំពោះខ្ញុំ។

 

បន្ទាប់មក ព្យាការីស៊ូឡៃម៉ានបានបញ្ជាឱ្យកងទ័ពសង់រាងបល្ល័ង្គឱ្យដូចរបស់ព្រះនាងនៅលើឆ្នេរសមុទ្រ  ហើយមួយផ្នែកធំនៃវិមាននោះលយចូលទៅក្នុងសមុទ្រ។

 

លុះក្រោយមក នៅពេលដែលម្ចាស់ក្សត្រីយ៍នៃទឹកដីសាហ្ពាក់បានមកដល់ ព្រះនាងមានការភ្ញាក់ផ្អើលជាខ្លាំង ហើយទ្រង់ក៏បានដើរចូលទៅក្នុងវិមានដែលមានផ្ទៃរាបស្មើហើយបានឃើញត្រីនៅពីក្រោមវិមានដែលគេសង់ពីកញ្ចក់ នៅពេលដែលព្រះនាងបានឃើញដូច្នេះ ទ្រង់ស្មានថាវាជាទឹកនោះ ទ្រង់ក៏បានសើយសំពត់របស់ទ្រង់រហូតដល់ស្មងជើងរបស់ទ្រង់ដើម្បីកុំឲ្យទទឹក។ ។ ពេលនោះ ព្យាការីស៊ូឡៃម៉ានបានពោលថាៈ យើងត្រូវបានអល់ឡោះប្រទាននូវចំណេះដឹងមុនព្រះនាងដោយអានុភាពរបស់ទ្រង់ក្នុងការធ្វើកិច្ចការទាំងឡាយដែលដូចនឹងកិច្ចការនេះ ហើយពួកយើងគឺជាអ្នកប្រគល់ខ្លួនចំពោះបទបញ្ជារបស់អល់ឡោះ(ចូលឥស្លាមមុននាង) និងជាអ្នកដែលប្រតិបត្តិចំពោះទ្រង់។ ពិតប្រាកដណាស់ វាជាវិមានមួយដែលគេបានក្រាលដោយកញ្ចក់ ហើយគាត់ក៏បានអំពាវនាវព្រះនាងឲ្យចូលសាសនាឥស្លាម។ ពេលនោះ ព្រះនាងក៏បានទទួលយកការអំពាវនាវរបស់គាត់ទៅកាន់សាសនាឥស្លាម ដោយព្រះនាងបានមានបន្ទូលថាៈ ឱម្ចាស់របស់ខ្ញុំ! ពិតប្រាកដណាស់ ខ្ញុំបានបំពានលើខ្លួនឯងដោយការគោរពសក្ការៈអ្នកផ្សេងរូមជាមួយនឹងទ្រង់ ហើយខ្ញុំសូមព្រមប្រគល់ខ្លួន(ចូលសាសនាឥស្លាម)ជាមួយព្យាការីស៊ូឡៃម៉ានទៅចំពោះអល់ឡោះដែលជាម្ចាស់នៃម៉ាខ្លូកទាំងអស់ ខណៈប្រជាជនរបស់ព្រះនាងក៏បានចូលសាសនាឥស្លាមទាំងអស់ផងដែរ។

camm

Recent Posts

កញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន របស់មជ្ឈមណ្ឌលព្រះចៅសាល់ម៉ាន ដើម្បីជំនួយសង្គ្រោះ និងការងារមនុស្សធម៌(KSRelief)ដែលផ្តល់មកសហគមន៍ខ្មែរឥស្លាមត្រូវបានរៀបចំចែកជូន ដល់សាសនិកឥស្លាម ជាបន្តបន្ទាប់ ខណៈដែលខែរ៉ាម៉ាឌនជិតមកដល

នៅរសៀលថ្ងៃអាទិត្យទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញជាអធិបតី និងលោក អះម៉ាត់យ៉ះយ៉ា អារ៉ហ្វាត ភូឈួយទី១ នៃគណៈដឹកនាំជាន់ (more…)

1 week ago

សាសនិកឥស្លាមកម្ពុជាជិត១ម៉ឺននាក់ ចូលរួមពិធីជួបជុំដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាពលើពិភពលោក

ពិធីអ៊ិជទីម៉ាក ជួបជុំសាសនិកឥស្លាមដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាពលើពិភពលោក ស្ថិតនៅវិហារឥស្លាម ភូមិទ្រាទី២ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋសាសនិកឥស្លាមចូលរួមចំនួន ៩,៤២៩នាក់ មកពីទូទាំង ២៥រាជធានី ខេត្ត ក្រុង និងសាសនិកឥស្លាមបរទេស ចំនួន៤៨នាក់…

3 weeks ago

កិច្ចភាក្សាការងាររវាងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និង គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា នៃសភាពាណិជ្ជកម្មរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ៦រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា…

3 weeks ago

ឯកឧត្តម ផារ៉ា មង្គល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ រួមជាមួយសហការី បាននាំយកកញ្ចប់អាហារស្រាយបួស ចែកជូនដល់ ហាកឹមម៉ាស្ជិតទាំង ២៥វិហារ ក្នុងស្រុកក្រូចឆ្មារ ដើម្បីអបអរសាទរខែរ៉ាម៉ាឌន

ត្បូងឃ្មុំ៖ ឯកឧត្តម ផារ៉ា មង្គល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ រួមជាមួយសហការី បានចុះជួបសំណេះសំណាល និងនាំយក កញ្ចប់អាហារស្រាយបួស ចែកជូនដល់ ហាកឹមម៉ាស្ជិតទាំង ២៥វិហារ ក្នុងស្រុកក្រូចឆ្មារ ក្នុងឱកាសអបអរសាទរ ខែរ៉ាម៉ាឌន…

3 weeks ago

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា នៃសភាពាណិជ្ជកម្មរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត

តបតាមការអញ្ជើញរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាឱកាសដែលឯកឧត្តមបានចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism- 26th General Assembly) នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអ៊ូឌីត កាលពីថ្ងៃទី១០…

3 weeks ago

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី​ក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនឯកឧត្តម Waleed Nasser Alsheri ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា និងគណៈប្រតិភូសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី​ក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនឯកឧត្តម Waleed Nasser Alsheri ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា និងគណៈប្រតិភូសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត…

3 weeks ago