មកដឹងរឿងរ៉ាវដ៏អាថ៍កំបាំងរបស់ស្តេចស្រីហ្ពាល់គីស និងការព្រមទទួលយកសាសនាឥស្លាមតាមរយៈព្យាការីស៊ូឡៃម៉ាន.

មកដឹងរឿងរ៉ាវដ៏អាថ៍កំបាំងរបស់ស្តេចស្រីហ្ពាល់គីស និងការព្រមទទួលយកសាសនាឥស្លាមតាមរយៈព្យាការីស៊ូឡៃម៉ាន.

Spread the love
Digiqole Ad

បើយោងតាមឯកសារប្រវត្តិសាស្ត្រឥស្លាមជាច្រើនបានឱ្យដឹងថា មហាក្សត្រីយ៍នៃនគរសាហ្ពាក់ ឬគេស្គាល់ថា ស្តេចស្រីហ្ពាល់គីស គឺជាស្ត្រីដែលមានអំណាច និងល្បីល្បាញ ជាពិសេស សម្បូរទៅដោយទ្រព្យសម្បត្តិដ៏ច្រើនមហាសាល និងជាស្ត្រីដែលមានជាងគេបំផុតស្ថិតក្នុងសម័យរបស់ទ្រង់។ មហាក្សត្រីយ៍ហ្ពាល់គីស ជាអ្នកគ្រប់គ្រងនគរសាហ្ពាក់ ដែលមានទីតាំងនៅភាគខាងត្បូងប្រទេសអារ៉ាប់ (សព្វថ្ងៃជាប្រទេសយេមែន)។ ពេលនោះ នគរសាហ្ពាក់ មានសេដ្ឋកិច្ចរុងរឿងដោយសារតែការដឹកនាំរបស់ទ្រង់ពោរពេញទៅដោយវិន័យខ្ពស់ ជាពិសេស ទ្រង់ត្រូវបានគេដឹងថា ជាអ្នកជំនួញវ័យក្មេងដ៏ឆ្លាតវៃ ថែមទាំងមានសម្រស់ស្រស់ស្អាត ជាហេតុធ្វើឱ្យមនុស្សទាំងពួងគោរព និងស្រឡាញ់ទ្រង់។

 

មិនត្រឹមតែប៉ុណ្ណោះ មហាក្សត្រីយ៍ហ្ពាល់គីស ជាអ្នកដែលរស់នៅសម័យជាមួយព្យាការីស៊ូឡៃម៉ាន ដែលជាអ្នកនាំសាររបស់អល់ឡោះជាម្ចាស់ និងជាអ្នកអំពាវនាវឱ្យមនុស្សដើរទៅរកមាគ៌ាដ៏ល្អ និងសាសនាដែលត្រឹមត្រូវ នោះគឺសាសនាឥស្លាម។ ខណៈពេលនោះ មហាក្សត្រីយ៍ហ្ពាល់គីសមិនមែនជាអ្នកដែលមានជំនឿលើសាសនាឥស្លាម និងគោរពលើអល់ឡោះជាម្ចាស់នោះទេ។

 

ជាក់ស្តែង នៅក្នុងគម្ពីរគួរអានរបស់សាសនាឥស្លាមដែលមានតាំងពី១៤០០ឆ្នាំមុន បានពិពណ៌នាអំពីសាច់រឿងរបស់មហាក្សត្រីយ៍ហ្ពាល់គីស និងព្យាការីស៊ូឡៃម៉ាន នៅក្នុងជំពូកទី២៧ ស៊ូរ៉ោះ អាន់ណាំល៍ វគ្គទី២២ រហូតដល់វគ្គទី៤៤ យ៉ាងដូច្នេះថា មានថ្ងៃមួយ (ព្យាការីស៊ូឡៃម៉ាន)បានពិនិត្យស្ថានភាពនៃហ្វូងសត្វបក្សីទាំងឡាយ តែគាត់ពុំបានឃើញសត្វហ៊ុទហ៊ុទនោះទេ។ ពេលនោះ គាត់ក៏បានសួរថាៈ ហេតុអ្វីបានជាខ្ញុំមិនឃើញសត្វហ៊ុទហុទ? ខ្ញុំពិតជានឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរចំពោះវា ឬក៏ខ្ញុំនឹងសម្លេះវា ជាទណ្ឌកម្មចំពោះការអវត្តមាន។ តែមិនយូរប៉ុន្មាន សត្វហ៊ុទហ៊ុទនោះក៏បានមកដល់។ នៅពេលដែលវាមកដល់ វាក៏បាននិយាយទៅកាន់ព្យាការីស៊ូឡៃម៉ានថាៈ ខ្ញុំបាននាំមកឲ្យអ្នក(នូវដំណឹងមួយ)ពីអ្នកស្រុកសាហ្ពាក់ដែលជាដំណឺងមួយដ៏ច្បាស់លាស់។ ពិតប្រាកដណាស់ ខ្ញុំបានឃើញស្ត្រីម្នាក់ដែលជាមហាក្សត្រីយ៍គ្រប់គ្រងនគរសាហ្ពាក់ នាងមានរាជបល្ល័ង្គមួយដ៏ធំអស្ចារ្យ។ ខ្ញុំបានឃើញស្ត្រីម្នាក់នោះហើយនិងក្រុមរបស់នាង ពួកគេក្រាបស៊ូជោតទៅកាន់ព្រះអាទិត្យក្រៅពីអល់ឡោះ ហើយស្ហៃតនបានតុបតែងលម្អចំពោះពួកគេនូវទង្វើទាំងឡាយរបស់ពួកគេ(ដែលពួកគេប្រព្រឹត្ត)អំពីប្រការស្ហ៊ីរិកនិងអំពើល្មើសទាំងឡាយ ហើយវាបានបង្វែរពួកគេពីមាគ៌ាដែលត្រឹមត្រូវ។  ស្ហៃតនបានតុបតែងលម្អចំពោះពួកគេនូវទង្វើស្ហ៊ីរិកនិងទង្វើបាបកម្មនានា ដើម្បីកុំឲ្យពួកគេស៊ូជោត(គោរពសក្ការៈ)ចំពោះអល់ឡោះជាម្ចាស់តែមួយគត់។

ពេលនោះ ព្យាការីស៊ូឡៃម៉ានក៏បានសរសេរសារមួយច្បាប់ រួចបានប្រគល់ឲ្យសត្វហ៊ុទហ៊ុទ ហើយគាត់បាននិយាយទៅកាន់វាថាៈ ចូរឯងនាំសាររបស់យើងនេះ ហើយទម្លាក់ឲ្យអ្នកស្រុកសាហ្ពាក់ ហើយឲ្យពួកគេទទួលយកវា។ បន្ទាប់មក ចូរឯងទៅឲ្យឆ្ងាយពីគេបន្តិចដើម្បីចាំមើលថា តើពួកគេនឹងឆ្លើយតបមកវិញយ៉ាងដូចម្តេច។ ក្រោយមក មហាក្សត្រីយ៍នោះក៏បានទទួលរាជសារ(របស់ព្យាការីស៊ូឡៃម៉ាន) ហើយទ្រង់ក៏បានមានបន្ទូលថាៈ ឱមន្ត្រីទាំងឡាយ! ពិតប្រាកដណាស់ គេបានប្រគល់នូវរាជសារដ៏វិសេសវិសាលខ្ពង់ខ្ពស់មួយដល់ខ្ញុំ។ នៅក្នុងរាជសារនោះ គេបានសរសេរថាៈ ពិតណាស់ រាជសារនេះត្រូវបានបញ្ជូនមកពីស៊ូឡៃម៉ាន ដែលមានអត្ថន័យយ៉ាងដូច្នេះថា ចូរពួកអ្នកកុំក្រអឺតក្រទមឲ្យសោះ ហើយចូរពួកអ្នកមកប្រគល់ខ្លួនឲ្យខ្ញុំនៅពេលដែលខ្ញុំអំពាវនាវពួកអ្នកទៅកាន់ការមានជំនឿចំពោះអល់ឡោះតែមួយគត់ និងបោះបង់ចោលនូវទង្វើស្ហ៊ីរិកដែលពួកអ្នកកំពុងតែប្រព្រឹត្តនោះ។ មហាក្សត្រីយ៍នោះបានមានបន្ទូលថាៈ ឱបណ្តាពួកមន្ត្រីទាំងឡាយ! ចូរពួកអ្នកផ្តល់យោបល់ដែលត្រឹមត្រូវដល់ខ្ញុំនៅក្នុងកិច្ចការរបស់ខ្ញុំនេះ។ ខ្ញុំមិនអាចសម្រេចកិច្ចការណាមួយឡើយ លុះត្រាតែពួកអ្នកមានវត្តមានជាមួយខ្ញុំ ហើយបង្ហាញនូវគំនិតយោបល់របស់ពួកអ្នកចំពោះបញ្ហានេះ។ ពួកមន្ត្រីនៃក្រុមរបស់ព្រះនាងបាននិយាយថាៈ ពួកយើងសុទ្ធសឹងតែជាអ្នកខ្លាំងពូកែ និងជាអ្នកដែលក្លាហានបំផុតក្នុងការធ្វើសង្គ្រាម ហើយគំនិតអ្វីដែលម្ចាស់ក្សត្រីយ៍ចង់នោះ សូមទ្រង់មេត្តាពិចារណាមើលចុះ ថាតើទ្រង់ដាក់បទបញ្ជាបែបណាចំពោះពួកយើងនោះ។ ពិតប្រាកដណាស់ ពួកយើង គឺជាអ្នកដែលមានសមត្ថភាពក្នុងការអនុវត្តវា។

 

មហាក្សត្រីតបថា ខ្ញុំពិតជានឹងបញ្ជូនតង្វាយមួយថ្វាយទៅកាន់ម្ចាស់រាជសារនេះ និងក្រុមរបស់គេ ហើយខ្ញុំនឹងរង់ចាំមើល ថាតើអ្នកនាំសារទាំងនោះនាំអ្វីខ្លះត្រឡប់មកវិញក្រោយពីការបញ្ជូនតង្វាយនេះ(ទៅកាន់ពួកគេ)ហើយនោះ។

 

ហើយនៅពេលដែលអ្នកនាំសាររបស់ម្ចាស់ក្សត្រីយ៍ ហើយនិងមន្ត្រីដែលនៅជាមួយគេនោះបាននាំយកនូវតង្វាយទៅកាន់ព្យាការីស៊ូឡៃម៉ាននោះ ព្យាការីស៊ូឡៃម៉ានក៏បានបដិសេធនឹងពួកគេចំពោះការបញ្ជូនតង្វាយមកនេះកាន់គាត់ ដោយគាត់បានពោលថាៈ តើពួកអ្នកផ្តល់ទ្រព្យសម្បត្តិ(តង្វាយ)ទាំងនេះឲ្យខ្ញុំដើម្បីឲ្យខ្ញុំលើកលែងដល់ពួកអ្នកឬ? ពិតណាស់ អ្វីដែលអល់ឡោះបានប្រទានឲ្យខ្ញុំនៃភាពជាព្យាការី ភាពជាស្តេចផែនដី និងទ្រព្យសម្បត្តិទាំងឡាយនោះ គឺល្អប្រសើរជាងអ្វីដែលទ្រង់បានប្រទានដល់ពួកអ្នកទៅទៀត។ ព្យាការីស៊ូឡៃម៉ាន បាននិយាយទៅកាន់អ្នកនាំសាររបស់មហាក្សត្រីយ៍នោះថាៈ ចូរអ្នកនាំយកតង្វាយដែលអ្នកបាននាំមកនេះត្រឡប់ទៅកាន់ពួកគេវិញចុះ។ ហើយព្យាការីគម្រាមថា គាត់នឹងលើកទ័ពទៅធ្វើសង្គ្រាមនៅទឹកដីសាហ្ពាក់ ប្រសិននៅតែមិនមកប្រគល់ខ្លួននិងគោរពទៅកាន់អល់ឡោះជាម្ចាស់។

 

ក្រោយមក ព្យាការីស៊ូឡៃម៉ានបាននិយាយទៅកាន់មន្ត្រីរបស់គាត់ថាៈ ឱមន្ត្រីទាំងឡាយ! តើនរណាម្នាក់ក្នុងចំណោមពួកអ្នកអាចនាំរាជបល្ល័ង្គរបស់ព្រះនាងមកឲ្យខ្ញុំមុននឹងពួកគេចូលសាសនាឥស្លាម? អ៊ីហ្វរីត ខ្ញុំអាចនាំយករាជបល្ល័ង្គរបស់ព្រះនាងមកប្រគល់ឲ្យអ្នកមុននឹងអ្នកក្រោកចេញពីកន្លែងរបស់អ្នកដែលអ្នកកំពុងតែអង្គុយនេះ។ រីឯបុរសមានបុណ្យម្នាក់ទៀតបាននិយាយថា ខ្ញុំនឹងនាំរាជបល្ល័ង្គរបស់ព្រះនាងមកឲ្យអ្នកមុននឹងអ្នកព្រិចភ្នែករបស់អ្នកទៅទៀត(ក្នុងមួយប៉ព្រិចភ្នែកប៉ុណ្ណោះ) ដោយខ្ញុំគ្រាន់តែបួងសួងសុំពីអល់ឡោះ នោះវា(បល្ល័ង្គនោះ)នឹងមកដល់ភ្លាម។ ពេលនោះ គេក៏បានបួងសួងសុំពីអល់ឡោះជាម្ចាស់ ហើយទ្រង់ក៏បានឆ្លើយតបនឹងការបួងសួងរបស់គេ។ ហើយនៅពេលដែលព្យាការីស៊ូឡៃម៉ានបានឃើញរាជបល្ល័ង្គរបស់ព្រះនាងស្ថិតនៅចំពោះមុខរបស់គាត់ គាត់ក៏បានពោលថាៈ នេះគឺជាការប្រោសប្រទានពីម្ចាស់របស់ខ្ញុំចំពោះខ្ញុំ។

 

បន្ទាប់មក ព្យាការីស៊ូឡៃម៉ានបានបញ្ជាឱ្យកងទ័ពសង់រាងបល្ល័ង្គឱ្យដូចរបស់ព្រះនាងនៅលើឆ្នេរសមុទ្រ  ហើយមួយផ្នែកធំនៃវិមាននោះលយចូលទៅក្នុងសមុទ្រ។

 

លុះក្រោយមក នៅពេលដែលម្ចាស់ក្សត្រីយ៍នៃទឹកដីសាហ្ពាក់បានមកដល់ ព្រះនាងមានការភ្ញាក់ផ្អើលជាខ្លាំង ហើយទ្រង់ក៏បានដើរចូលទៅក្នុងវិមានដែលមានផ្ទៃរាបស្មើហើយបានឃើញត្រីនៅពីក្រោមវិមានដែលគេសង់ពីកញ្ចក់ នៅពេលដែលព្រះនាងបានឃើញដូច្នេះ ទ្រង់ស្មានថាវាជាទឹកនោះ ទ្រង់ក៏បានសើយសំពត់របស់ទ្រង់រហូតដល់ស្មងជើងរបស់ទ្រង់ដើម្បីកុំឲ្យទទឹក។ ។ ពេលនោះ ព្យាការីស៊ូឡៃម៉ានបានពោលថាៈ យើងត្រូវបានអល់ឡោះប្រទាននូវចំណេះដឹងមុនព្រះនាងដោយអានុភាពរបស់ទ្រង់ក្នុងការធ្វើកិច្ចការទាំងឡាយដែលដូចនឹងកិច្ចការនេះ ហើយពួកយើងគឺជាអ្នកប្រគល់ខ្លួនចំពោះបទបញ្ជារបស់អល់ឡោះ(ចូលឥស្លាមមុននាង) និងជាអ្នកដែលប្រតិបត្តិចំពោះទ្រង់។ ពិតប្រាកដណាស់ វាជាវិមានមួយដែលគេបានក្រាលដោយកញ្ចក់ ហើយគាត់ក៏បានអំពាវនាវព្រះនាងឲ្យចូលសាសនាឥស្លាម។ ពេលនោះ ព្រះនាងក៏បានទទួលយកការអំពាវនាវរបស់គាត់ទៅកាន់សាសនាឥស្លាម ដោយព្រះនាងបានមានបន្ទូលថាៈ ឱម្ចាស់របស់ខ្ញុំ! ពិតប្រាកដណាស់ ខ្ញុំបានបំពានលើខ្លួនឯងដោយការគោរពសក្ការៈអ្នកផ្សេងរូមជាមួយនឹងទ្រង់ ហើយខ្ញុំសូមព្រមប្រគល់ខ្លួន(ចូលសាសនាឥស្លាម)ជាមួយព្យាការីស៊ូឡៃម៉ានទៅចំពោះអល់ឡោះដែលជាម្ចាស់នៃម៉ាខ្លូកទាំងអស់ ខណៈប្រជាជនរបស់ព្រះនាងក៏បានចូលសាសនាឥស្លាមទាំងអស់ផងដែរ។

Digiqole Ad

Related post