ពលរដ្ឋខ្មែរឥស្លាមដែលត្រៀមខ្លួនទៅបំពេញ កាតព្វកិច្ចហាជ្ជីបានចាប់ផ្តើមចេញដំណើរបណ្តើៗហើយ ខណៈដែលឆ្នាំនេះមានចំនួន១១០០នាក់
ភ្នំពេញ៖ ការប្រតិបត្តិធម្មយាត្រាហាជ្ជីគឺជាកាតព្វកិច្ចមួយនៅក្នុងចំណោមកាតព្វកិច្ចទាំងប្រាំដែលជាសរសរស្តម្ភនៃសាសនាឥស្លាម ដោយតម្រូវឱ្យមូស្លីមគ្រប់រូបដែលមានសមត្ថភាពនិងលទ្ធភាពឱ្យប្រតិបត្តិបុណ្យនេះយ៉ាងហោចណាស់ឱ្យបានម្តងនៅក្នុងមួយឆាកជីវិត។ ក្នុងនោះយើងឃើញថា ជារៀងរាល់ឆ្នាំគឺមានមូស្លីមជាច្រើននៅលើពិភពលោកបានស្វះស្វែងទៅប្រតិបត្តិបុណ្យហាជ្ជីយ៉ាងច្រើនកុះករ រួមទាំងប្រទេសកម្ពុជាផងដែរ។
ត្បិតថាប្រទេសកម្ពុជាទទួលបានកួតាមិនច្រើនប៉ុន្មាន តែសាសនិកឥស្លាមកម្ពុជាបានធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីតជារៀងរាល់ឆ្នាំ ជាក់ស្តែងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមហាជ្ជីដំបូងគេសរុប៨៤ នាក់បានចេញទៅបំពេញធម្មយាត្រាហាជ្ជីនៅប្រទេសអារ៉ាប៊ីសាអូឌីតហើយ ខណៈក្រុមមួយចំនួនធំផ្សេងទៀតកំពុងត្រៀមនិងចេញដំណើរនាពេលឆាប់ខាងមុខនេះ។
បើតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តមបណ្ឌិតឧស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានសរសេរផុសនៅលើគណនីរបស់ខ្លួន នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះថា បងប្អូនសាសនិកឥស្លាម ចំនួន ៨៤នាក់ បានចាប់ផ្តើមចេញដំណើរទៅបំពេញកាតព្វកិច្ចហាជ្ជីនៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត នាឯអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញបណ្តើៗហើយ។
ក្នុងនោះ ឯកឧត្តមបណ្ឌិតឧស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ក៏បានឱ្យដឹងបន្ថែមថា ក្រុមហាជ្ជីដែលបានចេញដំណើរនាថ្ងៃនេះ គឺជាក្រុមដំបូងគេបង្អស់សម្រាប់កម្ពុជា ហើយឆ្នាំ២០២៣នេះ បងប្អូនមូស្លីមកម្ពុជាមានឲកាសទៅបំពេញធម្មយាត្រាហាជ្ជីសរុបចំនួន ជាង ១១០០ នាក់ ហើយពួកគេនឹងត្រូវចេញដំណើរជាបន្តបន្ទាប់រហូតដល់ថ្ងៃទី ១៧ មិថុនា ២០២៣ខាងមុខ។
គួរជម្រាបថា ការធ្វើធម្មយាត្រាហាជ្ជីសម្រាប់ឆ្នាំ២០២៣ គ្រោងនិងធ្វើឡើងនៅចុងខែមិថុនា ឆ្នាំ២០២៣ នៃប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងនោះឃើញថាមានមូស្លីមជាច្រើនមកពីបណ្តាប្រទេសលើពិភពលោកមកចូលរួមយ៉ាងច្រើនកុះករ ដោយក្នុងមួយឆ្នាំៗមានចំនួនរហូតដល់ជិត៣លាននាក់។
រីឯមូស្លីមកម្ពុជាបានខកខានចំនួនពីរឆ្នាំមកហើយដោយសារជំងឺរាតត្បាតកូវីដ១៩ ដោយឡែកកាលពីឆ្នាំ២០២២ គឺជាឆ្នាំដំបូងដែលមូស្លីមកម្ពុជាមានឲកាសធ្វើដំណើរទៅបំពេញធម្មយាត្រាហាជ្ជីសារជាថ្មីជាមួយចំនួនដ៏តិចតូច ប៉ុន្តែសម្រាប់ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានកូតាមធ្យមដែលមិនធ្លាប់មានពីមុនមក។