ផ្ទះពលរដ្ឋខ្មែរឥស្លាមជាច្រើនខ្នង ស្ថិតនៅសង្កាត់ព្រែកប្រា រាជធានីភ្នំពេញ ត្រូវបានអគ្គីភ័យឆាបឆេះទាំងយប់
នៅថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០២៥ វេលាម៉ោង១៩:៣០នាទីយប់ មានករណីអគ្គីភ័យ មួយដែលបានកើតឡើងស្ថិតនៅ ផ្លូវ៣៦៩ ភូមិ ព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបណ្តាលអោយផ្ទះរបស់ប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន៥ខ្នង ត្រូវបានអគ្គីភ័យលេបត្របាក់ និងខូចខាតទ្រព្យសម្បត្តិអស់ទាំងស្រុង។ បើយោងតាមប្រភពព័ត៌មានដែលទូរទស្សន៍មូស្លីមកម្ពុជាទទួលបាននៅថ្ងៃទី១៧ ខែវិច្ចិកា ឆ្នាំ២០២៥ នេះបានឱ្យដឹងថា ផ្ទះដែលចាប់ផ្តើមឆេះដំបូងគេគឺមានម្ចាស់ផ្ទះឈ្មោះ ហាពីតាស់ ភេទស្រី អាយុ៧០ ឆ្នាំ ជាផ្ទះឈើ ប្រក់សង្ក័សី ទំហំ៥ម៉ែត្រ x ១២ម៉ែត្រ នឹងបានបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងអស់ចំនួន៤ខ្នង រួមសំភារះប្រើប្រាស់ប្រចាំថៃ្ងអស់ទាំងស្រុងនិងឆេះដោយប្រយោល៣ខ្នងទៀត។ តែ ហេតុការនេះមិនមាននរណាម្នាក់បាត់បង់អាយុជីវិតឡើយ។ ក្នុងហេតុការខាងលើនេះ កងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ រួមជាមួយបងប្អូនប្រជាពលរដ្ឋបានចូលរួមស្វះស្វែងរួមគ្នាជួយពន្លត់អគ្គីភ័យ ក្នុងនោះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ : ចំនួន ១៩គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន១៩ឡាន ស្មើរនឹង៧៦ម៉ែត្រគូប ។ និងមានរថយន្តជំនួយ ពីក្រសួងមហាផៃ្ទ សាលាខណ្ឌច្បារអំពៅ បញ្ជាការអង្គរក្ស រថយន្តអគ្គីភ័យខាងកោះពេជ្យ រថយន្តអគ្គីភ័យបុរីប៉េងហ៊ួត ខាងកោះនរា និងចរាចរណ៍ផ្លូវទឹកអស់ជាច្រើនគ្រឿងបន្ថែមទៀត។ សូមជម្រាបផងដែរថា ចំពោះមូលហេតុដែលបណ្តាលអោយមានអគ្គីភ័យកើតឡើងស្ថិតនៅម្តុំច្បារអំពៅខាងលើនេះ គឺត្រូវបានគេរាយការណ៍ថា មកពីឆ្លងចរន្តអគ្គីសនី ហើយការចូលរួមពន្លត់អគ្គីភ័យមិនអោយរីករាលដាលច្រើន និងគ្រប់គងបាន១០០% នៅប្រហែលម៉ោង ៩យប់ ។





