
ប្រទេសអេហ្ស៊ីបនឹងចូលរួមដេញថ្លៃធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅ នៅឆ្នាំ២០៣៦-២០៤០

ប្រធានសមាគមគណៈកម្មាធិការជាតិអូឡាំពិកអាហ្រ្វិក (ANOCA) បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសអេហ្ស៊ីបចូលរួមនឹងដេញថ្លៃធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅ នៅឆ្នាំ២០៣៦ និង២០៤០ ជាមួយនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈកីឡារបស់ប្រទេសនេះសម្រាប់ការដេញថ្លៃ។
ក្នុងសន្និសីទសារព័ត៌មាននៃពិធីបិទព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស លោក Mustapha Berraf បានគូសបញ្ជាក់ថា ប្រទេសអេហ្ស៊ីបបានចំណាយប្រាក់រាប់ពាន់លានដុល្លារក្នុងការសាងសង់កន្លែង កីឡដ្ឋាន និងកន្លែងកីឡាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលជាផ្នែកមួយនៃផែនការរបស់ខ្លួនក្នុងការធ្វើទំនើបកម្មប្រទេស ខណៈធ្លាប់បានបរាជ័យក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក កាលពីឆ្នាំ២០០៨។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Al Arabiya នៅថ្ងៃទី១២ ខែសីហា។
លោក Mustapha បានបន្តថា អគារទីក្រុងអូឡាំពិកអន្តរជាតិអេហ្ស៊ីបក្នុងរដ្ឋធានីរដ្ឋបាលថ្មីដែលប្រទេសនេះបាននិងកំពុងសាងសង់នៅភាគខាងកើតនៃទីក្រុងគែរ តាំងពីឆ្នាំ២០១៥ ត្រូវបានគេរំពឹងថានឹងមានកីឡដ្ឋានជាតិដែលអាចផ្ទុកមនុស្សបានជាង ៩ម៉ឺននាក់ និងអគារសម្រាប់កីឡាចំនួន ២១ ផ្សេងទៀត។
គួរជម្រាបថា ការបង្ហាញចំណាប់អារម្មណ៍ក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០៣៦ របស់អេហ្ស៊ីបនាពេលនេះ បាននាំអោយបង្កើនចំនួនថែមទៀតសម្រាប់ប្រទេសដែលដាក់ការដេញថ្លៃក្នុងឆ្នាំនេះ រួមមាន៖ ប្រទេសឥណ្ឌូនេស៊ី, ឥណ្ឌា, តួកគី, កាតា, និងអារ៉ាប៊ីសាអូឌីត៕




