ប្រទេសម៉ាឡេស៊ី រៀបចំការប្រកួតប្រជែងប្រលងសូត្រគម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិលើកទី៦៥ និងសូត្រចាំមាត់ឆ្នាំ២០២៣ ដើម្បីស្វែងរកម្ចាស់ជ័យលាភីឆ្នើមសម្រាប់ការប្រកួតថ្នាក់អន្តរជាតិនាខែសីហាខាងមុខ
កូឡាឡាំពួរ៖ ក្រុមប្រឹក្សារៀបចំការប្រលងសូត្រគម្ពីរអាល់គួរអានុលការីម និងសូត្រចាំមាត់របស់ប្រទេសម៉ាឡេស៊ី បានរៀបចំការប្រកួតប្រជែងប្រលងសូត្រគម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិលើកទី៦៥ និងសូត្រចាំមាត់សម្រាប់ឆ្នាំ២០២៣ រយពេលចំនួន 6 ថ្ងៃចាប់ពីថ្ងៃទី 11 ដល់ថ្ងៃទី 16 ខែមិថុនា ដើម្បីស្វែងរកម្ចាស់ជ័យលាភីឆ្នើមសម្រាប់ការប្រកួតថ្នាក់អន្តរជាតិនាខែសីហាខាងមុខ។កម្មវិធីនេះផងដែរបានប្រព្រឹត្តិធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត PICCA @ Arena Butterworth នៃរដ្ឋ Penang ប្រទេសម៉ាឡេស៊ី ក្នុងនោះប្រជាពលរដ្ឋម៉ាឡេស៊ីទាំងអស់អាចអញ្ជើញចូលរួមនិងរីករាយជាមួយការប្រលងខាងលើនេះ ចាប់ពីម៉ោង 9.00 ព្រឹក ដល់ 11.00យប់។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរបស់ប្រទេសម៉ាឡេស៊ីនៅថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២៣។
ក្រុមប្រឹក្សារៀបចំការប្រលងសូត្រគម្ពីរអាល់គួរអានុលការីម និងសូត្រចាំមាត់របស់ប្រទេសម៉ាឡេស៊ី បានឱ្យដឹងថា កម្មវិធីប្រលងសូត្រគម្ពីរអាល់គួរអាននេះគឺជាកម្មវិធីប្រចាំឆ្នាំដែលរៀបចំឡើងដោយនាយកដ្ឋានអភិវឌ្ឍន៍ឥស្លាមនៃប្រទេសម៉ាឡេស៊ី (JAKIM) ដែលឆ្នាំនេះយើងមានការសហការជាមួយរដ្ឋាភិបាលខេត្ត Penang តាមរយៈនាយកដ្ឋានកិច្ចការសាសនាឥស្លាមផ្ទាល់ដើម្បីរៀបចំកម្មវិធីមួយនេះឱ្យប្រព្រឹត្តទៅយ៉ាងរលូនប្រកបដោយភាពជោគជ័យ ក្នុងគោលបំណងបង្ហាញនូវការប្តេជ្ញាចិត្តរបស់ភាគីទាំងអស់ក្នុងការបន្តពង្រឹងការបង្រៀននិងអភិវឌ្ឍនៃការប្រើប្រាស់សំឡេងក្នុងការសូត្រគម្ពីរអាល់គួរអាន ដែលជាគម្ពីរដ៏ពិសិដ្ឋសម្រាប់អ្នកមូស្លីម ចូលរួមលើកស្ទួយទៅដល់អ្នកដែលមានសមត្ថភាពអាចមានឲកាសក្នុងការបញ្ចេញទេព្យកោសល្យ ក៏ដូចជាជំរុញឱ្យមនុស្សចូលចិត្តសូត្រនូវគម្ពីរគួរអានឱ្យបានច្រើនប្រកបដោយភាពត្រឹមត្រូវ។
ប្រភពដដែលបានបន្តថា ចំពោះបេក្ខជននិងបេក្ខនារី(ករីនិងករីអះ) សម្រាប់ឆ្នាំ២០២៣នេះ យើងបានជ្រើសរើសគ្រប់បណ្តារដ្ឋទាំងអស់នៃប្រទេសម៉ាឡេស៊ី ជាទូទៅរដ្ឋនីមួយៗត្រូវបានអនុញ្ញាតឱ្យមានបេក្ខជនបេក្ខនារី(ករីនិងករីអះ) តំណាងឱ្យរដ្ឋរបស់ខ្លួនចំនួន៨នាក់ ក្នុងនោះអ្នកចូលរួមពីរនាក់សម្រាប់ប្រកួតសូត្រគម្ពីរអាល់គូរអាន និងចំនួន៦នាក់ផ្សេងទៀតសម្រាប់ប្រកួតប្រជែងសូត្រចាំមាត់នៃគម្ពីរអាល់គួរអាន។ ដែលបេក្ខជនបេក្ខនារីទាំងអស់សម្រាប់ឆ្នាំ២០២៣នេះសរុប ១០៩នាក់ ក្នុងនោះផ្នែកប្រកួតប្រជែងសូត្រចាំមាត់នៃគម្ពីរអាល់គួរអានចំនួន៨០នាក់ និងប្រកួតសូត្រគម្ពីរអាល់គម្ពីគូរអានចំនួន២៩នាក់។
គួរជម្រាបថា បេក្ខជនបេក្ខនារីជ័យលាភីឆ្នើមដែលឈ្នះសម្រាប់រដូវកាលថ្មីនេះ នឹងក្លាយជាអ្នកតំណាងឱ្យប្រទេសម៉ាឡេស៊ីទាំងមូលនៅក្នុងការប្រលងសូត្រ និងសូត្រចាំមាត់នៃគម្ពីរអាល់គួរអានថ្នាក់អន្តរជាតិដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 20 ដល់ថ្ងៃទី 26 ខែសីហា ឆ្នាំ 2023 នៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក (WTC) ទីក្រុងគូឡាឡាំពួខាងមុខនេះ។