ប្រជាពលរដ្ឋ ១៥០០នាក់ ក្នុងខណ្ឌឬស្សីកែវ ទទួលបានការពិនិត្យនិងព្យាបាលជំងឺឥតគិតថ្លៃ ពីសំណាក់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីរពហុព្យាបាល ហ្វា ហាវ MEDIC កឹនធើ
ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីរពហុព្យាបាល ហ្វា ហាវ MEDIC កឹនធើ បានចុះផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋជាង ១.៥០០នាក់ ដោយឥតគិតថ្លៃ នៅក្នុងខណ្ឌឬស្សីកែវ។
ពិធីនេះបានរៀបចំធ្វើឡើងនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅវិហារឥស្លាមគីឡូម៉ែត្រលេខ៩ ក្នុងភូមិ៤ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារចុះជួយប្រជាពលរដ្ឋខណ្ឌឬស្សីកែវ, លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ, លោក វូ កៅគន់ សមាជិកក្រុមប្រឹក្សាភិបាលមន្ទីរពហុព្យាបាល ហ្វា ហាវ មេឌីគ កឹនធើ, ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តមនិងលោកជំទាវតំណាងរាស្ត្រ អាជ្ញាធរមូលដ្ឋាន ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងបងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវាពិនិត្យនិងព្យាបាលជំងឺ ជាង១៥០០នាក់ផងដែរ។
បើតាមលោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា បានបញ្ជាក់ថា នេះជាលើកទី១១ហើយ ដែលសមាគគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) បានចុះផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងខណ្ឌឬស្សីកែវ ដោយទទួលបានប្រសាសន៍ណែនាំចង្អុលបង្ហាញពី ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ។
TYDA បានបង្កើតឡើងអស់រយៈពេល១០ឆ្នាំកន្លងមកហើយ ដោយបានចូលរួមសកម្មភាពជាមួយរាជរដ្ឋាភិបាលជាច្រើននៅក្នុងវិស័យសុខាភិបាល ជាពិសេស ការចុះជួយបងប្អូនប្រជាពលរដ្ឋលើការផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមទីជនបទដាច់ស្រយ៉ាលទាំង ២៥រាជធានីខេត្តក្រុង។
ហើយបច្ចុប្បន្ននេះ TYDA បានបន្ថែមសកម្មភាពរបស់ខ្លួននៅក្នុងទីក្រុងភ្នំពេញ នៅតាមជាយក្រុង និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ដែលមានជីវភាពខ្វះខាតផងដែរ ស្របតាមអនុសាសន៍ណែនាំរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដើម្បីធ្វើយ៉ាងណាផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺជូនពួកគាត់អោយអស់ពីលទ្ធភាព និងមានប្រសិទ្ធិភាពខ្ពស់បំផុត៕