
ប្រជាជនប៉ាឡេស្ទីនផ្តល់សក្ខីកម្មនៅអង្គការសហប្រជាជាតិ អំពីការធ្វើទារុណកម្ម និងបៀតបៀនកេរ្តិ៍ភេទ ក្នុងអំឡុងពេលឃុំឃាំង ពីសំណាក់ទាហានអ៊ីស្រាអែល

ប្រជាជនប៉ាឡេស្ទីនបានផ្តល់សក្ខីកម្មនៅអង្គការសហប្រជាជាតិ អំពីការធ្វើទារុណកម្មទៅលើពួកគេ និងបៀតបៀនកេរ្តិ៍ភេទអំឡុងពេលឃុំឃាំង ពីសំណាក់ទាហានអ៊ីស្រាអែល។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៥។
ការផ្តល់សក្ខីកម្មនេះ បានធ្វើឡើងកាលពីថ្ងៃអង្គារ ក្នុងសវនាការជាសាធារណៈ ដែលរៀបចំដោយគណៈកម្មការស៊ើបអង្កេតឯករាជ្យ របស់អង្គការសហប្រជាជាតិ (COI) ស្តីពីស្ថានភាពនៅក្នុងទឹកដីប៉ាឡេស្ទីនដែលកាន់កាប់ពីសំណាក់អ៊ីស្រាអែល ដោយផ្តោតសំខាន់លើ “អំពើហិង្សាផ្លូវភេទ និងបន្តពូជ” ដែលប្រព្រឹត្តដោយកងកម្លាំងសន្តិសុខ និងអ្នកតាំងលំនៅរបស់អ៊ីស្រាអែល។
លោក Abdel Fattah ជាគិលានុបដ្ឋាយិកាមួយរូប ក្នុងចំណោមប្រជាជនប៉ាឡេស្ទីនដែលត្រូវបានឃុំខ្លួនពីសំណាក់ទាហានអ៊ីស្រាអែល នៅខែវិច្ឆិកា ឆ្នាំ២០២៣ នៅជិតមន្ទីរពេទ្យ Al Shifa នៃទីក្រុងហ្គាហ្សា ជាកន្លែងដែលគាត់ធ្វើការ បានផ្តល់សក្ខីកម្មចេញពីហ្គាហ្សា តាមរយៈ video-link ទៅកាន់សវនាការសាធារណៈ។
លោកបានពណ៌នាអំពីការប្រមាថ និងការធ្វើទារុណកម្មគ្រប់ប្រភេទ ដោយត្រូវបានសម្រាតខោអាវ វាយដំ គំរាមកំហែង និងការរំលោភបំពានផ្សេងទៀត ហើយត្រូវបានឃុំឃាំងនៅកន្លែងដែលមានមនុស្សចង្អៀត។ មិនតែប៉ុណ្ណោះ លោកក៏ត្រូវបានទាហានអ៊ីស្រាអែល វាយស្ទើរគ្រប់ទីកន្លែងលើដងខ្លួន សូម្បីតែប្រដាប់ភេទ រហូតបណ្តាលអោយហូរឈាម ដែលស្ថានភាពស្ទើរស្លាប់ស្ទើររស់។
មុនពេលសវនាការ លោក Daniel Meron ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានរិះគន់ថា សវនាការនេះជាការខ្ជះខ្ជាយពេលវេលា និងជាការប៉ុនប៉ងចោទប្រកាន់លើជនជាតិអ៊ីស្រាអែល ដោយលោកនិយាយថា អ៊ីស្រាអែលបានស៊ើបអង្កេត និងកាត់ទោសរាល់ការចោទប្រកាន់ពីបទប្រព្រឹត្តខុសដោយកងកម្លាំងរបស់ខ្លួន។
ទោះបីយ៉ាងណា មេធាវីប៉ាឡេស្ទីន អ្នកស្រី Sahar Francis នេះជាការបដិសេធដែលខ្វះការទទួលខុសត្រូវរបស់អ៊ីស្រាអែល ដោយចោទប្រកាន់ថា ការរំលោភបំពានបានក្លាយទៅជា “គោលនយោបាយដែលរីករាលដាល” ។ អ្នកស្រីបាននិយាយថា ការរំលោភបំពានផ្លូវភេទបានកើតឡើងក្នុងវិធីដ៏ធំមួយ ជាពិសេសក្នុងខែដំបូងនៃសង្គ្រាម៕
