• January 29, 2025
 ប្រជាជនប៉ាឡេស្ទីនបានថ្កោលទោសយ៉ាងខ្លាំង ចំពោះសំណើររបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលចង់បោសសម្អាតពួកគេចេញពីហ្គាហ្សា ដែលជាទឹកដីកំណើតរបស់ពួកគេ

ប្រជាជនប៉ាឡេស្ទីនបានថ្កោលទោសយ៉ាងខ្លាំង ចំពោះសំណើររបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលចង់បោសសម្អាតពួកគេចេញពីហ្គាហ្សា ដែលជាទឹកដីកំណើតរបស់ពួកគេ

Spread the love
Digiqole Ad

ប្រជាជនប៉ាឡេស្ទីនបានថ្កោលទោសយ៉ាងខ្លាំង ចំពោះសំណើរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលស្នើឱ្យពួកគេផ្លាស់ទីលំនៅចេញពីតំបន់ហ្គាហ្សាស្ទ្រីប ដែលជាផ្ទះ និងជាទឹកដីកំណើតរបស់ពួកគេ ហើយបញ្ជូនទៅកាន់ប្រទេសអេហ្ស៊ីប និងហ្ស៊កដានី ដែលជាប្រទេសក្បែរខាង។

លោក ត្រាំ កាលពីថ្ងៃសៅរ៍ បានប្រាប់អ្នកសារព័ត៌មានថា វាដល់ពេលដែលត្រូវ “សម្អាត” ជនជាតិប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាស្ទ្រីប ដែលឡោមព័ទ្ធ ដោយជំរុញឱ្យមេដឹកនាំនៃប្រទេសហ្ស៊កដានី និងអេហ្ស៊ីប ទទួលយកជនជាតិប៉ាឡេស្ទីនពីហ្គាហ្សាជាបណ្តោះអាសន្ន ឬជាអចិន្ត្រៃយ៍។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។

ជុំវិញបញ្ហានេះ ប្រធានាធិបតីប៉ាឡេស្ទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ ប្រជាជនប៉ាឡេស្ទីន និងថ្នាក់ដឹកនាំ បដិសេធយ៉ាងដាច់អហង្ការនូវគោលនយោបាយ ឬសកម្មភាពណាមួយដែលមានគោលបំណងធ្វើឱ្យខូចដល់ការរួបរួមនៃទឹកដីប៉ាឡេស្ទីន។

សេចក្តីថ្លែងការណ៍ដដែល បានសង្កត់ធ្ងន់ថា៖ ប្រជាជនប៉ាឡេស្ទីន នឹងមិនបោះបង់ចោលទឹកដី ឬទឹកដីដ៏ពិសិដ្ឋរបស់ពួកគេឡើយ ហើយនឹងមិនអនុញ្ញាតឱ្យមានការកើតឡើងម្តងទៀតនូវគ្រោះមហន្តរាយ (Nakba) ដូចកាលពីឆ្នាំ១៩៤៨ និងឆ្នាំ១៩៦៧ នោះទេ។

ជាមួយគា្ននេះ ក្រុមហាម៉ាសដែលគ្រប់គ្រងតំបន់ហ្គាហ្សា ក៏បានបរិហារសំណើរបស់លោក ត្រាំ ផងដែរ និងបានអំពាវនាវឱ្យរដ្ឋបាលសហរដ្ឋអាមេរិក បោះបង់ចោលសំណើទាំងនេះ ដោយទាមទារឱ្យអាមេរិកគួរធ្វើការដើម្បីឱ្យប្រជាជនប៉ាឡេស្ទីនទទួលបានសេរីភាពរបស់ពួកគេ និងបង្កើតរដ្ឋឯករាជ្យរបស់ពួកគេជាមួយក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់ខ្លួន។

ចំណែកប្រទេសហ្ស៊កដានី ក៏បានបដិសេធ ផងដែរ ដោយរដ្ឋមន្ត្រីការបរទេស លោក Ayman Safadi បានប្រាប់អ្នកសារព័ត៌មានថា៖ ជំហររបស់ប្រទេសហ្ស៊កដានី គឺប្រឆាំងនឹងការផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សា ដែលជាទឹកដីកំណើតរបស់ពួកគេ ទោះបីជារយៈពេលខ្លីឬរយៈពេលវែងក៏ដោយ ដែលការប្រឆាំងនេះនឹងនៅតែរក្សាយ៉ាងរឹងមាំ និងមិនផ្លាស់ប្តូរ។

គួរជម្រាបថា បន្ថែមពីលើការចង់បោះសម្អាតហ្គាហ្សា លោកត្រាំ ក៏បានអនុញ្ញាតឡើងវិញលើការផ្គត់ផ្គង់គ្រាប់បែកទម្ងន់ ២ ០០០ផោន ឬប្រហែល ៩០៧គីឡូក្រាម ដល់អ៊ីស្រាអែល ដែលត្រូវបានផ្អាកកាលពីក្នុងរដ្ឋបាលប្រធានាធិបតី លោក ចូ បៃដិន ខណៈបារម្ភពីផលប៉ះពាល់លើប្រជាជនស៊ីវិល៕

 

Digiqole Ad

Related post