ប៉ាគីស្ថាន ប្រកាសត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចាសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមអាមេរិក-អ៉ីស្រាអែល និងអ៉ីរ៉ង់
(ឥស្លាម៉ាបាដ)៖ នាថ្ងៃអង្គារទី២៤ ខែមីនានេះ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Mohamad Shehbaz Sharif បានប្រកាសថា ប្រទេសរបស់លោកមានឆន្ទៈពេញលេញក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចា រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយដកស្រងសំណេររបស់លោតាមពណ្តាញសង្គមX ។
គួរបញ្ជាក់ថា ស្របពេលដែលលោក ត្រាំ អះអាងថាមានការចរចាប្រកបដោយជោគជ័យជាមួយអ៉ីរ៉ង់ កាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ ដោយមានការចូលរួមពីប្រេសិតពិសេស លោក Steve Witkoff និងកូនប្រសារលោក គឺលោក Jared Kushner នោះ ភាគីអ៉ីរ៉ង់វិញបានច្រានចោលការអះអាងនេះ។ ប្រធានរដ្ឋសភាអ៉ីរ៉ង់ លោក Mohammad Baqer Qalibaf ដែលត្រូវបានគេស្គាល់ថាជាអ្នកចរចាខាងភាគីអ៉ីរ៉ង់ បានចេញមុខបដិសេធយ៉ាងខ្លាំងក្លា ដោយហៅព័ត៌មាននៃការចរចានេះថាជា «ព័ត៌មានក្លែងក្លាយ»៕





