• December 19, 2024
 បងប្អូនខ្មែរឥស្លាម បង្ហាញការសាទរនិងគាំទ្រឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ចាត់តាំងជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់នីតិកាលទី៧

បងប្អូនខ្មែរឥស្លាម បង្ហាញការសាទរនិងគាំទ្រឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ចាត់តាំងជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់នីតិកាលទី៧

Spread the love
Digiqole Ad

ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ បានចេញព្រះរាជក្រឹត្យ ចាត់តាំងឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋខ្មែរពីគ្រប់មជ្ឈដ្ឋាន បានផ្ញើសារចូលរួមអបអរសាទរ និងគាំទ្រចំពោះការចាត់តាំងរបស់ព្រះមហាក្សត្រ។

ក្នុងនោះ ក៏មានបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមជាច្រើនផងដែរ បានផ្ញើសារអបអរសាទរ និងគាំទ្រចំពោះឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ដែលបានក្លាយជានាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងអាណត្តិថ្មីនេះ។

ជាក់ស្តែង ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស នៅក្នុងថ្ងៃដដែល បានសម្តែងការសាទរ និងគាំទ្រចំពោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់អាណត្តិទី៧។

ជាមួយគ្នានេះ ស្ថាប័នកំពូលរបស់ខ្មែរឥស្លាម គឺគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដែលមាន អ្នកឧកញ៉ា សុះ កំរី ជាចាងហ្វាង កាលពីពេលថ្មីៗកន្លងទៅ ក៏បានបង្ហាញការសាទរ និងគាំទ្រជាឱឡារិក ចំពោះឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា តាមរយៈការថ្លែងសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន។

ក្រៅពីនោះ ក៏មានបងប្អូនខ្មែរឥស្លាមដែលជាប្រធានអង្គការ សមាគម និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ជាច្រើនទៀត បានផ្ញើសារចូលរួមអបអរសាទរ និងគាំទ្រ ដល់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ដែលក្លាយជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់អាណត្តិថ្មីនេះផងដែរ។

ដោយឡែក ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ បានថ្លែងអំណរគុណចំពោះសម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកតាលោកយាយ អ៊ំ ពូមីង បងប្អូន ក្មួយៗ និងប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដែលបានផ្ញើសារអបអរសាទរដល់ឯកឧត្តម ក្នុងឱកាសដែល ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងឯកឧត្តម ជានាយករដ្ឋមន្ត្រី នៃកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តម បានមានប្រសាសន៍បញ្ជាក់ថា ទាំងនេះគឺជាការលើកទឹកចិត្តដ៏មហិមា ហើយឯកឧត្តមបានប្តេជ្ញាចិត្តខិតខំអោយអស់ពីសមត្ថភាព ដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន តាមរយៈការថែរក្សាអោយបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាព និងការជំរុញការអភិវឌ្ឍប្រទេសប្រកបដោយបរិយាបន្ន សំដៅធ្វើយ៉ាងណាពង្រឹងកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាការលើកស្ទួយកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ៕





Digiqole Ad

Related post