• December 19, 2024
 បងប្អូនខ្មែរឥស្លាមជាង ៦០០គ្រួសារ មកពី២ភូមិក្នុងខេត្តពោធិសាត់ ទទួលបានសាច់គោកូរហ្ពាននាថ្ងៃបុណ្យរ៉យ៉ាហាជ្ជី ឆ្នាំ២០២៤ ដែលជាជំនួយពីសប្បុរសជននៅសហរដ្ឋអាមេរិក

បងប្អូនខ្មែរឥស្លាមជាង ៦០០គ្រួសារ មកពី២ភូមិក្នុងខេត្តពោធិសាត់ ទទួលបានសាច់គោកូរហ្ពាននាថ្ងៃបុណ្យរ៉យ៉ាហាជ្ជី ឆ្នាំ២០២៤ ដែលជាជំនួយពីសប្បុរសជននៅសហរដ្ឋអាមេរិក

Spread the love
Digiqole Ad

ពោធិសាត់៖ ជារៀងរាល់ឆ្នាំ សប្បុរសជនដែលរស់នៅសហរដ្ឋអាមេរិក តាមរយៈអង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិក (Zakat Foundation of America) តែងតែផ្តល់ជំនួយគាំទ្រដល់គម្រោងមនុស្សធម៌នានា ដែលជាការចូលរួមចំណែកអភិវឌ្ឍសហគមន៍នៅក្នុងប្រទេសកម្ពុជា។

ជាក់ស្តែង នាឱកាសពិធីបុណ្យរ៉យ៉ាហាជ្ជី ឆ្នាំ២០២៤ ដែលត្រូវបានប្រារព្ធកាលពីថ្ងៃទី១៧ ខែមិថុនា កន្លងទៅ សប្បុរសជនសហរដ្ឋអាមេរិក តាមរយៈអង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិក (Zakat Foundation of America) បានចូលរួមបរិច្ចាគថវិកាចំនួន ៥២លានរៀល ដើម្បីទិញសត្វគោសម្លេះយកសាច់ចែកបងប្អូនខ្មែរឥស្លាមជាង ៦០០គ្រួសារ ដែលមកពី២ភូមិ នៃភូមិចាមថ្មី និងភូមិដង្កៀបក្តាម ក្នុងឃុំឈើតុំ ស្រុកក្រគ ខេត្តពោធិសាត់ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យនេះ។

ឯកឧត្តម ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមជ្ឈមណ្ឌលព័ត៌មូស្លីមកម្ពុជា ដែលមជ្ឈមណ្ឌលនេះបានសហការជាមួយអង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិក (Zakat Foundation of America) បានមានប្រសាសន៍អោយដឹងក្នុងពិធីចែកសាច់គោកូរពាន ក្នុងភូមិចាមថ្មី ឃុំឈើតុំ ស្រុកក្រគ ថា នេះជាឆ្នាំទី៩ ហើយដែលមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជាបានទទួលអនុវត្តគម្រោងចែកគោរកូរហ្ពានដែលផ្តល់ថវិកាពី អង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិក (Zakat Foundation of America)។ ខណៈឆ្នាំ២០២៤នេះ ទទួលបានថវិកាចំនួន ៥២លានរៀល ដើម្បីទិញសត្វគោសម្លេះយកសាច់ចែកបងប្អូនខ្មែរឥស្លាមជាង ៦០០គ្រួសារ មកពី២ភូមិ ក្នុងខេត្តពោធិសាត់។

ឯកឧត្តម បានសម្តែងនូវសេចក្តីសោមន្សរីករាយ និងថ្លែងអំណរគុណដល់សប្បុរសជនអាមេរិក ដែលបានចូលរួមបរិច្ចាកថវិកាក្នុងគម្រោងនេះ ក្នុងសារស្មារតីសាមគ្គី និងភាពជាបងប្អូនរួមសាសនា។ ឯកឧត្តម ស្លេះ ណាស៊ី ក៏បានចូលរួមរំលឹកដល់បងប្អូនដែលបានចូលរួមទទួលសាច់គោអោយចេះសាមគ្គីគ្នា និងចូលរួមវិភាគទានក្នុងការងារអភិវឌ្ឍន៍សហគមន៍ ពីព្រោះស្មារតីនៃបុណ្យហាជ្ជី ពិសេសការសំឡេះសត្វគោធ្វើកូរពាននេះ វាបានបង្ហាញនូវស្មារតីលះបង់ និងរួបរួមគ្នាក៏ដូចជាបង្ហាញនូវវប្បធម៌ចែករំលែកដែលឥស្លាមបានប្រៀនប្រដៅតាំងពីជំនាន់ព្យាការីអ៊ីព្រហ៊ីមមកម្លេះ។

ឯកឧត្តមក៏បានគោរពបួងសួងដល់អល់ឡោះជាម្ចាស់អោយប្រទានពរជ័យដល់ម្ចាស់ជំនួយ ហើយសង្ឃឹមយ៉ាងមុតមាំថា អង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិក (Zakat Foundation of America) នឹងបន្តជួយគម្រោងនេះ និងគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀតក្នុងបុព្វហេតុសហគមន៍ និងប្រទេសជាតិរបស់យើង។

បងប្អូនខ្មែរឥស្លាមដែលបានទទួលសាច់គោ និងថ្នាក់ដឹកនាំមូលដ្ឋាន សុទ្ធតែបានបង្ហាញអារម្មណ៍រីករាយ និងដឹងគុណចំពោះម្ចាស់ជំនួយ និងក្រុមការងារនៃមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ដែលបានចូលរួមឧបត្ថម្ភសាច់គោនាពេលនេះ។

គួរបញ្ចាក់ថា គម្រោងចែកគោរកូរបានជាផ្នែកមួយនៃគម្រោងប្រចាំឆ្នាំក្នុងកម្មវិធីមនុស្សធម៌ដែលមជ្ឈមណ្ឌលព័ត៌មូស្លីមកម្ពុជា បាននឹងកំពុងអនុវត្តន៍ដោយមានកិច្ចសហប្រត្តិការជាមួយសប្បុរសជន និងអង្គការសមាគមក្រៅប្រទេស ក្នុងបំណងលើកកំពស់ស្មារតីរួមគ្នា និងចែករំលែកសម្រាប់សហគមន៍៕

 

Digiqole Ad

Related post