
ទារកកើតមិនគ្រប់ខែចំនួន ២៨នាក់ ដែលស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់នៅហ្គាហ្សា ត្រូវបានជម្លៀសទៅកាន់ប្រទេសអេហ្ស៊ីប

ទារកកើតមិនគ្រប់ខែចំនួន ២៨នាក់ នៅហ្គាហ្សាដែលត្រូវបានបិទខ្ទប់ទាំងស្រុងពីសំណាក់អ៊ីស្រាអែល កាលពីថ្ងៃច័ន្ទ ត្រូវបានជម្លៀសចេញពីមន្ទីរពេទ្យដ៏ធំបំផុតរបស់តំបន់ ទៅកាន់ប្រទេសអេហ្ស៊ីប ដើម្បីទទួលបានការសង្គ្រោះបន្ទាន់។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។
ទារកទើបនឹងកើតទាំងនោះ បានស្ថិតនៅក្នុងមន្ទីរពេទ្យ អាល់ស៊ីហ្វា (Al Shifa) ភាគខាងជើងនៃតំបន់ហ្គាហ្សា ជាទីដែលទារកមួយចំនួនទៀតបានស្លាប់ បន្ទាប់ពីឧបករណ៍កម្ដៅខ្លួនរបស់ពួកគេត្រូវបានកាត់ផ្ដាច់ថាមពល ស្របពេលមានការដួលរលំនៃសេវាវេជ្ជសាស្រ្ត អំឡុងការវាយលុកយោធាដោយអ៊ីស្រាអែលលើហ្គាហ្សា។
អ្នកនាំពាក្យអង្គការសុខភាពពិភពលោក បាននិយាយក្នុងការឆ្លើយតបតាមអ៊ីមែលទៅកាន់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា “ទារកទាំង ២៨នាក់ ឥឡូវនេះបានមកដល់អេហ្ស៊ីបដោយសុវត្ថិភាព។ ប៉ុន្តែពួកគេទាំងអស់កំពុងប្រឈមនឹងការឆ្លងមេរោគធ្ងន់ធ្ងរ ហើយបន្តត្រូវការការថែទាំសុខភាព”៕


