ថ្នាក់ដឹកនាំសមាគមគ្រូបង្រៀនខ្មែរឥស្លាម រៀបចំកម្មវិធីសំណេះសំណាលជាមួយនាយកអប់រំ និងបញ្ញវន្តខ្មែរឥស្លាមទូទាំងប្រទេស ដើម្បីពង្រឹងវិស័យអប់រំតាមសហគមន៍
សមាគមគ្រូបង្រៀនខ្មែរឥស្លាម នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ស្ថិតក្នុងមជ្ឈមណ្ឌលម៉ូឌើន៥ គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានរៀបចំកម្មវិធីសំណេះសំណាលជាមួយនាយកអប់រំ និងបញ្ញវន្តខ្មែរឥស្លាមទូទាំងប្រទេស ដើម្បីពង្រឹងវិស័យអប់រំតាមសហគមន៍។
កម្មវិធីនេះរៀបចំធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូបង្រៀនខ្មែរឥស្លាម និងមានការអញ្ជើញចូលរួមពីសំណាក់ លោក ស៊ីម ម៉ាត់ទោត តំណាងអ្នកឧកញ៉ា សុះ កំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ឯកឧត្តម លោកជំទាវ ដែលជាសមាជិកព្រឹទ្ធសភា រដ្ឋសភា និងឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរងរាជធានីខេត្ត ក្រុង ស្រុក ប្រធានអង្គការសមាគមន៍ និងបញ្ញវន្តខ្មែរឥស្លាម សរុប៤៣១នាក់។
នាក្នុងឱកាសនោះ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការប្រតិបត្តិសមាគមគ្រូបង្រៀនខ្មែរឥស្លាម បានអោយដឹងថា កម្មវិធីនេះរៀបចំធ្វើឡើងដើម្បីជាការជួបជុំរវាងថ្នាក់ដឹកនាំជាមួយនាយកអប់រំ និងបញ្ញវន្តខ្មែរឥស្លាម ដើម្បីពង្រឹងវិស័យអប់រំផ្នែកសាសនាឥស្លាមនៅតាមសហគមន៍ អោយកាន់តែមានភាពរីកចម្រើន។
ជាមួយគ្នានេះ លោក ស៊ីម ម៉ាត់ទោត សមាជិកគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា តំណាងអ្នកឧកញ៉ា សុះ កំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានលើកឡើងថា វិស័យអប់រំគឺជាវិស័យមួយដ៏សំខាន់នៅក្នុងសាសនាឥស្លាម ដែលអល់ឡោះជាម្ចាស់បានដាក់កាតព្វកិច្ចមកលើមូស្លីមគ្រប់រូបចាំបាច់ត្រូវតែស្វែងរកចំណេះដឹង។
លោកបានបន្តថា ដូចនេះអ្នកដែលមានតួនាទីជាអ្នកផ្តល់នូវការអប់រំ ជាបញ្ញវន្តដែលមានចំណេះដឹង ក៏មានកាតព្វកិច្ចត្រូវចែករំលែកចំណេះដឹងទៅកាន់យុវជនជំនាន់ក្រោយ ដើម្បីពួកគេយកទៅអភិវឌ្ឍសហគមន៍អោយកាន់តែមានភាពរីកច្រើនថែមទៀត។ ក្នុងនាមអ្នកឧកញ៉ា សុះ កំរី លោកបានលើកទឹកចិត្តដល់នាយកអប់រំ និងបញ្ញវន្តទូទាំងប្រទេស ត្រូវបន្តយកចិត្តទុកដាក់បណ្តុះបណ្តាលដល់យុវជន និងទូអាសុំពីអល់ឡោះជាម្ចាស់ អោយទទួលបានជោគជ័យគ្រប់ៗគ្នា។
ដោយឡែក ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូបង្រៀនខ្មែរឥស្លាម ក្នុងឱកាសមានមតិសំណេះសំណាលជាមួយនាយកអប់រំ និងបញ្ញវន្តខ្មែរឥស្លាមទូទាំងប្រទេស ឯកឧត្តមបានផ្តល់អនុសាសន៍អោយថ្នាក់ដឹកនាំទាំងអស់ត្រូវមានកិច្ចសហការល្អ សាមគ្គីគ្នាជាធ្លុងមួយ និងត្រូវបំពេញនូវចំណុចខ្វះខាតអោយគ្នាទៅវិញទៅមក ដើម្បីសហគមន៍ឥស្លាមអាចបន្តរីកចម្រើនទៅមុខបាន។
ឯកឧត្តម ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ទៅដល់នាយកអប់រំ គ្រូបង្រៀន និងបញ្ញវន្តខ្មែរឥស្លាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងបណ្តុះបណ្តាលយុវជនខ្មែរឥស្លាមនាពេលកន្លងមក ហើយឯកឧត្តម បានជំរុញអោយបន្តខិតខំបន្ថែមទៀត ដើម្បីអោយវិស័យអប់រំឥស្លាមនៅកម្ពុជា កាន់តែមានភាពរីកចម្រើន។
ឯកឧត្តម មានប្រសាសន៍ថា ក្រោមគោលនយោបាយសុខដុមនីយកម្មសាសនា ប្រជាពលរដ្ឋកម្ពុជាគ្រប់សាសនាទាំងអស់ រស់នៅប្រកបដោយសុខសន្តិភាព និងគោរពប្រតិបត្តិជំនឿសាសនារៀងៗខ្លួន ដែលកំពុងទទួលបានការកោតសរសើរលើពិភពលោក ថាប្រទេសកម្ពុជាអាចយកធ្វើជាគំរូលើផ្នែកសហគមន៍ឥស្លាម សម្រាប់ប្រទេសមួយចំនួនផងដែរ៕