
តុលាការម៉ាឡេស៊ី បដិសេធបណ្តឹងរបស់អតីតនាយករដ្ឋមន្រ្តី Najib Razak ដែលស្នើសុំប្តូរមកឃុំខ្លួនក្នុងផ្ទះជំនួសឱ្យជាប់ពន្ធនាគារ

ម៉ាឡេស៊ី៖ កាលពីថ្ងៃពុធ តុលាការប្រទេសម៉ាឡេស៊ី បានច្រានចោលបណ្តឹងរបស់អតីតនាយករដ្ឋមន្រ្តី លោក Najib Razak ដែលស្នើសុំផ្លាស់ប្តូរការឃុំខ្លួនពីពន្ធនាគារ មកជាការឃុំខ្លួននៅក្នុងគេហដ្ឋានជំនួសវិញ ដែលបច្ចុប្បន្នលោកកំពុងស្ថិតក្នុងពន្ធនាគារ ជុំវិញបទចោទពាក់ព័ន្ធនឹងអំពើពុករលួយក្នុងគម្រោងអភិវឌ្ឍសេដ្ឋកិច្ច 1MDB ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារអាម៉េរិក ។
គួរជម្រាបថា កាលពីខែមេសា លោក Najib Razak បានដាក់បណ្តឹងស្នើទៅកាន់តុលាការឱ្យមានការស៊ើបអង្កេត ដើម្បីស្វែងរកឯកសារសំខាន់មួយរបស់អតីតព្រះមហាក្សត្រម៉ាឡេស៊ី ដោយលោកអះអាងថា មានចែងបង្គាប់ឱ្យមានការជួយបន្ធូរបន្ថយកម្រិតទោសរបស់លោក និងអនុញ្ញាតឱ្យលោកអាចផ្លាស់ប្តូរពីការឃុំខ្លួនក្នុងពន្ធនាគារមកជាការជាប់ឃុំខ្លួនក្នុងផ្ទះជំនួសវិញ ។
ទាក់ទិននឹងបណ្តឹងស្នើសុំរបស់លោក Najib Razak ត្រូវតុលាការកំពូលក្រុងគូឡាឡាំពួរ បញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ពុំមានអង្គហេតុសមស្របគ្រប់គ្រាន់សម្រាប់ដំណើរការសវនាការជាថ្មី ចំពោះករណីបណ្តឹងរបស់លោក Najib ឡើយ។

